មេ Huawei បោះទុន ៣០០០$ ប្តូរពីយីហោផលិតផលអន់បំផុត ទៅជាក្រុមហ៊ុនតម្លៃពាន់លានដុល្លារ

0
2234

លោក រិន ចឹងហ្វី (Ren Zhengfei) ត្រូវបានគេស្គាល់ថា​ជាស្ថានិករបស់ក្រុមហ៊ុន Huawei ដែលលោកមានប្រភពមកពីគ្រួសារនៅជនបទ នាខេត្តគួយចូវ ប្រទេសចិន មានឪពុកជាអតីតមេចុងភៅ និងក្រោយមកបានកាន់ដំណែងជានាយកសាលាបឋមកំឡុងអាណានិគមន៍ជប៉ុន ចំណែកម្តាយជាគ្រូបង្រៀន ។

លោក Ren បានបន្តការសិក្សាដល់សកលវិទ្យាល័យចុងឈៀងក្នុងខ្ទង់ឆ្នាំ ១៩៦០ និងបានចូលបម្រើការងារនៅវិទ្យាជ្រាវស្រាវជ្រាវរបស់កងទ័ររំដោះប្រជាជន ហៅកាត់ថា PLA ក្នុងដំណែងជាអ្នករាយការណ៍បច្ចេកទេសយោធា ដោយមិនមានឋានន្តរសក្តិអ្វីនឹងគេទេ ។

ធ្វើការមួយរយៈ គាត់ត្រូវបានគេទទួលស្គាល់ថាជាអ្នកបច្ចេកទេសជាន់ខ្ពស់ម្នាក់រហូតដល់បានចូលរួមសន្និសិទ្ធវិទ្យាសាស្ត្រជាតិដ៏ធំ ។ នៅឆ្នាំ ១៩៨២ លោក Ren បានដកខ្លួនចេញពីការងារយោធា ដោយសារពេលនោះគេបានកាត់បន្ថយកម្លាំងពលកម្មប្រមាន ៥០០ ០០០ នាក់ និងបានសម្រេចចិត្តថាប្តូរទៅរស់នៅសិនចិនក្នុងនាមជាពលរដ្ឋធម្មតា ហើយបានចាប់ផ្តើមក្រុមហ៊ុនអេឡិចត្រូនិកផ្ទាល់ខ្លួន ។

ប្រភពពី South China Morning Post ឲ្យដឹងថា Huawei ចាប់ផ្តើមដំបូងគ្រាន់តែជាក្រុមហ៊ុនលក់ឧបករណ៍ទូរគមនាគមន៍ប៉ុណ្ណោះ ដែលយកទំនិញពីហុងកុងមកលក់នៅជនបទ​ ។ ចាប់ផ្តើមដំបូង Huawei ចាយដើមទុនប្រមាណ ២១០០០ យាន់ ដែលស្មើនឹងលុយប្រមាណ ៣០០០ ដុល្លារនាពេលបច្ចុប្បន្ននេះ ។

ការពិត Huawei ស្ទើតែដួលបះជើងម្តងមកហើយខណៈវិស្វកររបស់ Huawei របស់ត្រូវធ្វើការលើកំពូលភ្នំខ្ពស់​ចំពេលដែលមានគ្រោះរញ្ជួយដីនៅចិន ប៉ុន្តែបុគ្គលិក Huawei នៅតែបន្តធ្វើការដោយសារវប្បធម៌របស់ក្រុមហ៊ុនមួយចំណុចគឺ “លះបង់” ។

នៅឆ្នាំ ១៩៩១ លោក Ren បានប្រមូលលុយអស់ពីខ្លួនដើម្បីអភិវឌ្ឍន៍ផលិតផលផ្ទាល់ខ្លួនរបស់ Huawei ដោយជួយបុគ្គលិកផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រមាណ ៥០ នាក់ ។

ខ្ទង់ឆ្នាំ ១៩៩០ Huawei គ្រាន់តែយីហោដែលលក់ផលិតតម្លៃថោកៗ គុណភាពអន់ ប៉ុន្តែ Huawei រស់បានដោយសារសេវាកម្មល្អប៉ុណ្ណោះ ។ ផលិតរបស់ Huawei ពីដំបូងឡើយមិនគួរឲ្យជឿជាក់ទាល់តែសោះ ប្រើឆាប់ខូច ប៉ុន្តែបុគ្គលិករបស់​ Huawei ពូកែយកចិត្តអតិថិជនត្រង់ថា ខូចភ្លាមដូរថ្មីឲ្យភ្លាម ។

អ្វីដែលធ្វើឲ្យក្រុមហ៊ុនចិនមួយនេះវ៉ាដាច់គេផ្នែកទូរគមនាគមន៍ ដោយសារបុគ្គលិក ១​ភាគ២ ត្រូវបានលើកទឹកចិត្តផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែល Huawei ចាយលុយប្រមាណ ២០ ពាន់លានដុល្លាររាល់ឆ្នាំលើការស្រាវជ្រាវ ដែលចំនួននេះលើសគូប្រកួតធំៗ ៣ បូកបញ្ចូលគ្នា ។

ផ្តើមចេញពីទុន ៣០០០ ដុល្លារ ប៉ុន្តែសព្វថ្ងៃនេះ Huawei មានចំណែកទីផ្សារផ្នែកឧបករណ៍ទូរគមនាគមន៍ ២៨% លើពិភពលោក និងដណ្តើមដំណែងលក់ស្មាតហ្វូនលេខ ២ ពី Apple កាលពីឆ្នាំ ២០១៨ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា