វិធី២យ៉ាង ដើម្បីទាក់ទាញភ្ញៀវអោយទិញដោយប្រើអារម្មណ៍

0
799

នៅក្នុងផ្នែកទី២ ខ្ញុំបានលើកឡើងនូវអារម្មណ៍ទាំង៦ របស់លោក Geoffrey James ហើយខ្ញុំបានយកអារម្មណ៍ទាំងនោះបែងចែកជាពីរគឺអារម្មណ៍វិជ្ជមាន និងអារម្មណ៍អវិជ្ជមាន។ តាមការសិក្សារបស់អ្នកស្រាវជ្រាវមួយចំនួនបានរកឃើញការប្រើអារម្មណ៍អវិជ្ជមានមានប្រសិទ្ធភាពខ្ពស់ជាងអារម្មណ៍វិជ្ជមាន។

ការរកឃើញនេះបើប្រៀបធៀបនឹងការសរសេរអត្ថបទដែលក្រុម Business-Cambodia និងខ្ញុំបានសរសេរជារៀងរាល់ថ្ងៃគឺពិតជាដូចគ្នាណាស់។ជាទូទៅអត្ថបទណាដែលមានចំណងជើងបង្កប់នូវអារម្មណ៍អវិជ្ជមានពេលផុសលើហ្វេសប៊ុកគឹមានអ្នកឆ្លើយតបច្រើនជាងនិងលឿនជាងចំណងជើងដែលមានអារម្មណ៍វិជ្ជមាន។

ទោះបីយ៉ាងណាមិនមែនមានន័យថាការប្រើអារម្មណ៍វិជ្ជមានមិនមានប្រសិទ្ធភាពជាមួយភ្ញៀវនោះទេ។ពេលជួបជាមួយភ្ញៀវដំបូងអ្នកអាចសាកអារម្មណ៍វិជ្ជមានសិនរួចហើយប្រសិនបើភ្ញៀវនោះនៅស្ទាក់ស្ទើរនោះអារម្មណ៍អវិជ្ជមានអាចត្រូវប្រើបន្ថែមដើម្បីជំរុញភ្ញៀវទិញអោយខានតែបាន។

នៅក្នុងការអនុវត្តន៍ជាក់ស្ដែងរាល់ថ្ងៃអ្នកលក់ភាគច្រើនគឺប្រើវិធីទី២លក់អារម្មណ៍អវិជ្ជមាន។គេប្រើវិធីទី២ដោយបង្ហាញផលិតផលរបស់គេជាមធ្យោបាយក្នុងការដោះបញ្ហារបស់ភ្ញៀវ ដូចនេះអារម្មណ៍អវិជ្ជមានមួយចំនួននឹងត្រូវបានគេប្រើដូចជាភាពភ័យខ្លាចជាដើម។

រីឯវិធីទី១វិញគេប្រើនៅពេលដែលផលិតផលនោះគឺជាអ្វីដែលនឹងធ្វើអោយភ្ញៀវដែលមិនទាន់មានបញ្ហាអ្វីត្រូវដោះស្រាយទេតែបើភ្ញៀវទិញផលិតផលនេះទៅនោះអនាគត ការដោះស្រាយបញ្ហារបស់ពួកគាត់នឹងអាចត្រូវបានដោះស្រាយកាន់តែប្រសើរជាងបច្ចុប្បន្ន។

ក្ដីសង្ឃឹម ឬភាពភ័យខ្លាច

ដើម្បីអោយដឹងថាតើពេលជួបជាមួយភ្ញៀវតើវិធីមួយណាគួតែប្រើមុនអ្នកត្រូវសិក្សាទៅលើភ្ញៀវជាមុនសិន។តើភ្ញៀវភាគច្រើនកំពុងស្ថិតនៅក្នុងស្ថានភាពនៃក្ដីសង្ឃឹមឬភាពភ័យខ្លាច​​​​? តែយ៉ាងណាជាទូទៅគេប្រើវីធីទី១រួចមកគេប្រើវិធីទី២បន្ថែមនៅពេលដែលភ្ញៀវនៅស្ទាក់ស្ទើរ។

ការប្រើប្រាស់អារម្មណ៍វិជ្ជមាននៅគ្រាដំបូងត្រូវបានទទួលការពេញនិយមច្រើនព្រោះតែម្ចាស់អាជីវកម្មភាគច្រើនចង់អោយភ្ញៀវមានអារម្មណ៍ល្អនឹងផលិតផលរបស់ខ្លួន។នៅតាមបុរីវិញក៏គេអនុវត្តតាមនេះដែរពោលគឺដំបូងឡើយគេគាស់អារម្មណ៍ថាទិញផ្ទះនេះទៅការរស់នៅរបស់លោកអ្នកនឹងមានក្ដីសុខហើយតម្លៃផ្ទះនឹងអាចឡើងថ្លៃច្រើននាអនាគត។

នៅពេលគេបានបញ្ចុះបញ្ចូលតង់ទី១អស់ក្បួនហើយតែលោកអ្នកដែលជាអ្នកដើរមើលផ្ទះនៅមានអារម្មណ៍ស្ទាក់ស្ទើរទៀតនោះអ្នកលក់ផ្ទះនឹងចាប់ផ្ដើមប្រើវិធីទី២គឺចាប់ផ្ដើមបន្លាចលោកអ្នកតែម្ដង។តើលោកអ្នកធ្លាប់ជួបនឹងឃ្លាមួយនេះដូចខ្ញុំទេ?

បង!បើបងមិនទិញផ្ទះនេះខែនេះទេ ខែក្រោយផ្ទះរបស់បុរីខ្ញុំនឹងឡើងថ្លៃ៥០០០ដុល្លារ។សូមបងសម្រេចចិត្តអោយហើយកុំអោយខាត ឬស្ដាយក្រោយ!

នេះជាវិធីទី២ ដែលគេប្រើដើម្បីបន្លាចខ្ញុំអោយខ្ញុំខ្លាចខាចអោយខ្ញុំប្រយ័ត្នស្ដាយក្រោយ។វិធីនេះប្រើមានប្រសិទ្ធភាពចំពោះអតិថិជនណា ដែលត្រូវដល់ពេលទិញហើយនៅតែស្ទាក់ស្ទើរហើយគេតែងប្រើវិធីនេះនៅចុងក្រោយបំផុតក្នុងដំណើរការនៃការលក់។

ដកស្រង់ពីសៀវភៅ៖ លក់អារម្មណ៍​ តម្លៃ១៥$​ ( ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ )

ទំនាក់ទំនងទិញ៖ 016 300 843 / 017 300 844