ម្ចាស់ជ័យលាភីលេខ១នៃការប្រកួតជួញដូរភាគហ៊ុន ចំណេញ២៤៧%ក្នុងរយៈពេល២ខែកន្លះប៉ុណ្ណោះ

0
4004

លោក ទៀង ឆ្នើម ម្ចាស់ជ័យលាភីលេខ១នៃការប្រកួតជួញដូរភាគហ៊ុន នៅក្នុងកម្មវិធីដែលរៀបចំឡើយនៅផ្សារមូលបត្រកម្ពុជា វិនិយោគរកឃើញផលចំណេញរហូតដល់ទៅជិត២៥០ភាគរយក្នុងរយៈពេលជួញដូរត្រឹមតែ២ខែកន្លះប៉ុណ្ណោះ។

ម្ចាស់ជ័យលាភីលេខ១ដែលទទួលបានប្រាក់រង្វាន់ចំនួនរហូតដល់ទៅ៨លានរៀលរូបនេះបង្ហើបឲ្យ Business Cambodia ដឹងថា៖ លោកចាប់ផ្តើមដកចិត្តចង់វិនិយោគភាគហ៊ុននេះតាំងពីយូរណាស់មក ដែលកន្លងមកលោកធ្លាប់តែមើលភាពយន្តហុងកុង ឃើញតែគេវិនិយោគភាគហ៊ុនជាញឹកញាប់ ដែលឲ្យបងចង់ចេះ ចង់យល់ ចង់ស្គាល់នឹងគេណាស់។

ស្របពេលដែលផ្សារមូលបត្រចាប់ផ្តើមបើកដំណើរការមកដល់ពេលនេះ មានរយៈពេលជិត៦ឆ្នាំ សន្ទុះនៃការជួញដូរក៏ចាប់ផ្តើមដំណើរការខ្លាំង លោកសម្រេចចិត្តចាប់ផ្តើមបោះទុនវិនិយោគជាមួយផ្សារមូលបត្រតែម្តង ដោយភាគហ៊ុនដំបូងដែលលោកបានទិញនោះគឺក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ GTI ស្របពេលដែលក្រុមហ៊ុននេះគ្រោងនឹងចែកភាគលាភដល់ម្ចាស់ភាគហ៊ុន ដែលធ្វើឲ្យលោកយល់ថាភាគហ៊ុនក្រុមហ៊ុននេះអាចនឹងកើនឡើងជាក់ជាមិនខាន។​

ការគិតវិភាគដ៏ត្រឹមត្រូវ បង្កើតផលចំណេញឲ្យលោកចំណេញទាំងប្រាក់វិនិយោគ ចំណេញទាំងរង្វាន់ក្នុងនាមជ័យលាភីលេខ១ថែមទៀតផង។

លោក ទៀង ឆ្នើម សព្វថ្ងៃរកស៊ីបើកហាងធ្មេញរូបនេះបានបញ្ជាក់ថា៖ ប្រាក់រង្វាន់ទាំងនេះ លោកនឹងដាក់ទុនវិនិយោគបន្តទៀត ដើម្បីបង្កើតប្រភពចំណូល ក៏ដូចសិក្សាស្វែងយល់បន្ថែមពីការវិនិយោគក្នុងវិស័យនេះ។

លោកក៏បានផ្តល់ជាមតិយោបល់ថា៖ ប្រជាជនខ្មែរគួរតែចាប់ផ្តើមសិក្សាស្វែងយល់ពីការវិនិយោគវិស័យមូលបត្រនេះចាប់ពីឥឡូវនេះទៅ ព្រោះតែវាជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែវាជារឿងដ៏សាមញ្ញដែលប្រទេសជឿនលឿនដើរមកជាយូរឆ្នាំណាស់មកហើយ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

Co-founder Phsar Khmer

 

LEAVE A REPLY

Please enter your comment!
Please enter your name here