App ហៅកង់បីមានមិនតិចជាង ១០ ទេ ហេតុអ្វី PassApp ទាញម៉ូយបានច្រើនជាងគេ?

0
856

គិតដល់សព្វថ្ងៃនេះ App សម្រាប់ហៅកង់បីនៅស្រុកខ្មែរយើងមានមិនក្រោម ១០ ទេ គិតទាំងចាស់ទាំងថ្មី ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមនុស្សភាគច្រើនស្គាល់តែ PassApp ច្រើនជាងគេ រហូតដល់អ្នកខ្លះជាប់មាត់ហៅម៉ូតូកង់បីថា PassApp ទៀតផង ។

បើតាមបទសម្ភាសន៍ លោក តុប និមល ស្ថាបនិកក្រុមហ៊ុនហៅកង់បីអនឡាញ PassApp ឲ្យដឹងថា មុនពេលដែលលោកសម្រេចចិត្តបង្កើត App ហៅកង់បីនេះ ដោយសារលោកបានជួបបញ្ហាខ្លួនឯងផ្ទាល់ ពិបាកចិត្តពេលចេញពីធ្វើម្តងៗ រកកង់បីឬតាក់ស៊ីស្ទើរមិនបានជិះ ដោយសារជំនាន់នោះគេត្រូវរងចាំហៅកង់បីនៅតាមផ្លូវ ហើយក៏ពិបាកតថ្លៃគ្នាផងដែរ ។

ពីដំបូងឡើយមុនពេលបើក PassApp លោកនិមលបានបើកក្រុមហ៊ុន Taxi Meter ធម្មតាមួយឈ្មោះថា Easy Go ដែលប្រតិបត្តិការមានភាពស៊ាំញ៉ាំវែងឆ្ងាយ ត្រូវទំនាក់ទំនងច្រើនដំណាក់កាលទម្រាំតែអតិថិអាចហៅតាក់ស៊ីបានជិះ ។

ប៉ុន្តែក្រោយពីបានចេញ PassApp មកឃើញថា មានអ្នកប្រើសេវាកម្មនេះកាន់តែច្រើន ដោយសារក្រុមហ៊ុនតាក់ស៊ីចាស់របស់ PassApp ត្រូវបានគេស្គាល់ស្រាប់ទៅហើយ មានអតិថិជនចាស់ចាំជិះកង់បីថ្មីស្រាប់ ។ មួយវិញទៀត PassApp អាចពង្រីកខ្លួនលឿនមិនមែនជារឿងចម្លែកទេ ដោយសារអ្នកបើកតាក់ស៊ីនៅក្រុមហ៊ុនចាស់សុទ្ធតែនាំគ្នាប្តូរមករត់កង់បីឲ្យ PassApp វិញ ដូចនេះហើយបានមានវត្តមាន PassApp រាប់ពាន់គ្រឿងនៅទីក្រុងភ្នំពេញ ។

ចំណែកឯស្ថាបនិក PassApp ឯណោះវិញ បានបញ្ជាក់ថា ការពិត PassApp ដំណើរការដល់ថ្ងៃនេះមិនមែនមកពីកង់បីរបស់គាត់គិតតម្លៃទាបជាងគេទេ ហើយគេស្គាល់ PassApp ច្រើនក៏មិនមែនមកពីគាត់ពូកែផ្សព្វផ្សាយដែរ តែ PassApp អាចជោគជ័យទៅបានដោយសារការណែនាំតគ្នា ។

ជាយុទ្ធសាស្ត្រ PassApp បានវាយលុកយកទីផ្សារយុវជនមុនគេ ពួកគេជាអតិថិជនដែលមានសក្តានុពល មានតែយុវជននេះហើយ ដែលជាអ្នកស្គាល់ ក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងគេ ឲ្យតែទាក់ទាញពួកគេបាន មិនខ្វះទេ ឪពុកម្តាយ សាច់ញាតិ មិត្តភក្តិរបស់ពួកគេដែលមកតាមគ្នា ។

លោក តុប និមល លើកឡើងថា សព្វថ្ងៃនេះ PassApp មិនមែនយកតម្លៃទៅប្រកួតប្រជែងទេ ប៉ុន្តែ PassApp រកស៊ីលក់ទំនុកចិត្ត ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here