អាយុ ១៦ ឆ្នាំខ្ចីលុយឪពុក ៥០០ ដុល្លារបើកក្រុមហ៊ុនបច្ចេកវិទ្យា ឥឡូវក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ

0
1075

លោក​ Div Turakhia ជា​មហាសេដ្ឋីម្នាក់នៅឥណ្ឌាដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណជា ​១.៧៥ ពាន់លានដុល្លារហើយភាគច្រើនលើស​លប់នៃ​ចំណូល​របស់​គាត់​បានមកពី​ការ​រកស៊ីខាង​ផ្នែកបច្ចេកវិទ្យា​ដោយគាត់​បានចាប់ផ្ដើម​តាំង​តែ​ពីគាត់​នៅអាយុ ​១៦ ឆ្នាំមកម្លេះ ហើយចេះតែបន្តជោគជ័យ​រហូត​ក្នុង​ការបង្កើត​ពីក្រុមហ៊ុន​មួយទៅក្រុមទៀត​ដោយមួយក្រុមហ៊ុនៗសុទ្ធតែមាន​តម្លៃ​មិនក្រោម ១ លានដុល្លារ​នោះទេ។

បកទៅប្រវត្តិកាលពីកុមារភាព លោក Div Turakhia ចាប់ផ្ដើម​រៀន​សរសេរ​កូដ​កុំព្យូទ័រ​តាំង​តែពីគាត់មានអាយុ​៧ ឆ្នាំមកម្លេះ ហើយ​កាលណោះ​ពុំទាន់ជាមាន​អ៊ីនធឺណេត​ប្រើប្រាស់នៅឡើយទេ តែគាត់​នៅតែអាច​ធ្វើការ​រៀនចេះដោយខ្លួនឯង​បាន ទាល់តែ​ដល់ពេល​គាត់​មានអាយុ ​១៣ ឆ្នាំទើបឥណ្ឌា​ទទួលបាន​ការ​តភ្ជាប់​អ៊ីនធឺណេត​ជា​លើកដំបូង​។

បន្តមកនៅឆ្នាំ​១៩៩៨ ពេលគាត់មានអាយុ​ទើបតែ​ ១៦ ឆ្នាំ គាត់ក៏មានគំនិត​ចង់ចេញរក​ស៊ី​ខាង​ផ្នែកបច្ចេកវិទ្យា​ជាមួយនឹង​បងប្រុសរបស់គាត់​ដោយ​កាល​ណោះបង​ប្រុសគាត់​មានអាយុ ​១៨ ឆ្នាំ ហើយ​ក៏សម្រេច​ចិត្ត​សុំលុយ​ឪពុកដែលធ្វើការ​ជា​គណនេយ្យ​ករ​មករកស៊ី។ ឪពុកគាត់មិនស្ទាក់ស្ទើរ​ទេ​ក្នុង​ការ​ឱ្យលុយ​កូន​មក​រកស៊ី ដោយបានហុច​លុយ​ឱ្យ​កូន ​៥០០ ដុល្លា​រទាំង​មិនបានសួរ​នាំអ្វីច្រើន​ពាក់ព័ន្ធ​នឹង​គម្រោង​អាជីវកម្ម​ឡើយ។

ទុន​ត្រឹម ​៥០០ ដុល្លារ​លោក Div និង​បងប្រុស​បានឆ្នៃចេញទៅជាក្រុមហ៊ុន​មួយឈ្មោះថា​ Directi រកស៊ីខាង​ផ្ទុកទិន្នន័យ​របស់​វេបសាយ ឬគេហៅថា Web Hosting នោះ។ ចេញរកស៊ី​បាន​តែ​៤ឆ្នាំ​ ដោយសារតែ​មាន​បទពិសោធន៍ខាង​បច្ចេកវិទ្យា​ និង​ចេះសរសេរ​កូដតាំង​តែ​ពីក្មេង​មកនោះ អាជីវកម្មរបស់គាត់​និង​បងប្រុស​របស់​គាត់​អាចរកចំណូល​ដល់ខ្ទង់​ ១ លានដុល្លា​ក្នុង​មួយឆ្នាំ។

តាមពិត​ទៅ​គំនិត​រកស៊ីរបស់គាត់នោះអាចថា​មិនចាំបាច់​មានទុន​ក៏បានដែរ​​ ដោយលុយ ​៥០០ ដុល្លា​រដំបូង​នោះ គាត់​គ្រាន់តែ​យក​ទៅជួល​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ ដើម្បី​ធ្វើការ​ផ្ទុក​ទិន្នន័យដល់ក្រុមហ៊ុនជាអតិថិជន​ដំបូង​របស់​ពួកគាត់​។ ចូលមកដល់យុគសម័យដែលអ៊ីនធឺណេតចាប់ផ្ដើម​មានគេស្គាល់ច្រើន នៅខ្ទង់​ឆ្នាំ​២០០៥ អាជីវកម្ម​របស់​គាត់​អាច​រកប្រាក់ចំណូល​ក្នុង​មួយឆ្នាំ​រហូត​ដល់​ទៅ ១០ លានដុល្លារ​។

គំនិត​គាត់​ទៅណាមិនឆ្ងាយ​តែពីបច្ចេកវិទ្យា​លើ​អ៊ីនធឺណេត​ឡើយ នៅឆ្នាំ​ ២០០៥ ដដែល​នោះគាត់បាននឹកឃើញបង្កើត​ក្រុមហ៊ុនមួយទៀត​ឈ្មោះថា Skenzo រកស៊ីខាង​ទិញ​ឈ្មោះវេបសាយ​(Domain name)ទុក​លក់យកចំណេញ ក្រោយមក​ Skenzo ក៏ដូរ​ឈ្មោះទៅជា Media.net នៅឆ្នាំ ២០១០ ដោយពង្រីក​ខ្លួនទៅជាក្រុមហ៊ុន​រកស៊ីខាង​ពាណិជ្ជកម្មនៅលើ​អ៊ីនធឺណេត ហើយនៅឆ្នាំ ​២០១៦​​ Media.net ត្រូវ​បានលក់​ឱ្យ​ក្រុមហ៊ុនចិន​ក្នុងទំហំទឹក​ប្រាក់ ​៩០០ លានដុល្លា​រ និងបាន​ក្លាយទៅជា​ការ​លក់ដែលមានតម្លៃ​ថ្លៃ​បំផុត​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្មតាមអ៊ីនធឺណេត​នៅលើពិភពលោក។

សម្រាប់អាជីវកម្មដំបូង​របស់​គាត់ Directi វិញ សព្វថ្ងៃ​គាត់​នៅតែ​ជា​នាយកប្រតិបត្តិ​របស់ក្រុមហ៊ុនមួយនេះ ហើយ​បានពង្រីកខ្លួនបង្កើត​ចេញជា​សេវាកម្មធំៗពីឬគឺ សេវាកម្មខាង​ផ្ទុកទិន្នន័យគេហទំព័រដដែលដោយមានឈ្មោះថ្មីថា Radix និង​សេវាកម្មខាង​ប្រព័ន្ធ​ទំនាក់ទំនង​ ហៅចេញខលចូល Ringo ដោយគ្រាន់តែមួយឆ្នាំRingo អាច​រកចំណូលបាន ​២៥០ លានដុល្លារ។

ជោគជ័យ​ទាំង​នេះ ចាប់ផ្ដើម​ឡើងដោយការ​រៀនកូដ​ដោយខ្លួនឯង​របស់​គាត់​តាំង​តែពីកុមារភាពមក ហើយគួរបញ្ជាក់ថា​ការៀនកូដកុំព្យូទ័រ​ផ្ដល់ឱ្យយើង​នូវ​របៀបគិត​ថ្មី​មួយ​ ជួយយើង​ក្នុងការដោះស្រាយបញ្ហា​បានប្រសើរ​ជាង​មុន៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here