គ្រាន់តែបង្កើតប្រព័ន្ធឱ្យចំណីត្រីដោយស្វ័យប្រវត្តិ ក្រុមហ៊ុនមួយនេះកើបលុយវិនិយោគជិត៤លានដុល្លារ

0
1548

សាច់ត្រី​ជាផ្នែកមួយសំខាន់នៃចំណីអាហារ​របស់មនុស្ស​ជាតិ​ ខណៈ​ដែលទីផ្សារនៃទិន្នផល​ត្រីទូទាំង​ពិភពលោក​មាន​បរិមាណប្រមាណជា​ ១៦០ ពាន់លានដុល្លារ​ ហើយក្រុមអ្នកវិភាគសេដ្ឋកិច្ច​រំពឹង​ថា​ទីផ្សារ​មួយនេះនឹង​ពង្រីករហូត​ទៅដល់​ ៥០% គិត​ត្រឹម​ឆ្នាំ​ ២០៥០។ បញ្ហា​ដែលជួប​ប្រទះភាគច្រើន​ក្នុង​ការចិញ្ចឹម​ត្រី​ភាគច្រើន​ទាក់ទង​នឹង​ថ្លៃ​ដើមក្នុង​ការចិញ្ចឹម​ជាពិសេស​ទៅលើ​ចំណី​ផ្ទាល់តែម្ដង។

ដោយមើលឃើញពីបញ្ហា​ទាក់ទងនឹង​ការ​ចញ្ចឹម​ត្រីដូច្នោះ​ក្រុមហ៊ុន​មួយមាន​ឈ្មោះថា Aquabyte បាននឹកឃើញប្រើប្រាស់​បច្ចេកវិទ្យាទំនើបដោយប្រើប្រាស់​កាមេរ៉ា ​3D ឆ្លាត​វៃក្រោមទឹក និង​ប្រើប្រាស់​បញ្ញាសុប្បនិម្មិត​ឬគេនិយមហៅថា ​AI នោះមក​តម្លើង​នៅក្នុង​ស្រះ ឬអាងចញ្ចឹម​ត្រីដើម្បី​ធ្វើការ​ប្រមូលពត៌មាន​ តាមដាន​ និង​កំណត់​ពីទំហំត្រីដើម្បី​ឱ្យ​ប្រព័ន្ធ​ដែលក្រុមហ៊ុន​នេះរៀបឡើង​ គណនា​បរិមាណចំណីដែលត្រូវ​ផ្ដល់ឱ្យត្រីពិត​ប្រាកដ ចៀស​វាង​ការ​ចេះតែ​ផ្ដល់ចំណីត្រីដោយខ្ចះខ្ជាយ​។

អាជីវកម្មបង្កើត​ថ្មី ​Aquabyte នេះបា​នអះអាង​ថា​ ប្រព័ន្ធ​និង​ផលិត​ផល​ដែលពួកគេបង្កើត​ឡើង​នោះបានជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​ខ្ជះខ្ជាយ​លើចំណី​បានច្រើន​ជាង​មុនដោយបានកាត់​បន្ថយ​ថ្លៃ​ដើមពី ​២០ ទៅ​ដល់ ​៣០% ហើយបើគិត​សម្រាប់អ្នកចញ្ចឹម​ត្រីទូទាំង​ពិភពលោក​ពួកគេ​អាច​ចំណេញរហូត​ដល់ទៅខ្ទង់ ​១០ ពាន់លានដុល្លា​រឯណោះ។

ក្រៅតែពីឃ្លាំមើលនិង​ឱ្យចំណីត្រី​ ប្រព័ន្ធ​ដែលរៀបចំឡើង​ដោយក្រុមហ៊ុន Aquabyte ក៏មានធ្វើការ​រាប់​នូវ​បរាសិត​សមុទ្រ​ដែលបង្កជាជម្ងឺឬធ្វើឱ្យត្រីងាប់ផងដែរ ដោយសារតែ​ការខូចខាត​ប៉ះពាល់ពីពួកបរាសិត និង​ជម្ងឺមកលើ​អាជីវកម្ម​ចិញ្ចឹម​ត្រី​មានច្រើនសន្ធឹក តួយ៉ាង​នាប្រទេស​ណវ៉េស អ្នកចិញ្ចឹម​ត្រីក្នុង​ប្រទេស​នេះធ្លាប់ខាត​បង់​ជាទឹក​ប្រាក់សរុបអស់ប៉ុន្មាន​ជា ​១ ពាន់លានដុល្លារ​ដោយសារតែ​ពពួកបរាសិត​សមុទ្រ​។

មិនមែនជាអ្វីគួរ​ឱ្យចម្លែកនោះទេ ក្រុមហ៊ុនមួយនេះ​បង្កើត​ឡើង​នៅ​សហរដ្ឋអាមេរិកនាតំបន់បណ្ដុំបច្ចេកវិទ្យា​ Silicon Valley របស់​សហរដ្ឋអាមេរិក​ ដោយលោក​ Bryton Shang នៅខែមេសា​ឆ្នាំ​២០១៧​ ក្នុងគោលបំណង​មិនចង់​ឱ្យមានការនេសាទត្រី​លើសបរិមាណ និង​ចង់ឱ្យការចញ្ចឹមត្រី​ប្រើប្រាស់​ថ្លៃចំណាយតិចជាង​មុន និង​មាន​ប្រសិទ្ធិភាពខ្ពស់។

បង្កើត​បានត្រឹម​តែ​ពីរឆ្នាំប៉ុណ្ណោះក្រុមហ៊ុនមួយនេះអាច​ដើរប្រមូលទុន​ពីអ្នកវិនិយោគបានរហូត​ដល់​៣.៥ លានដុល្លា ដើម្បីយកទៅពង្រីកអាជីវកម្ម ក៏ដូចជា​អភិវឌ្ឍ​បច្ចេកវិទ្យា​បន្ថែមទៀត ហើយបើតាមសម្ដីពីស្ថាបនិក​ក្រុមហ៊ុន​មួយនេះ​នឹង​ព្យាយាម​ធ្វើយើង​ណា​ឱ្យអ្នកចិញ្ចឹម​ត្រី​អាចទទួលពត៌មាន​គ្រប់យ៉ាង​ដែលពួកគាត់ចង់ដឹង៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here