ក្បួនរំដោះខ្លួនពីជ្រលងមរណៈនៃវិបត្តិបច្ចេកវិទ្យាអនឡាញឆ្នាំ២០០០ របស់Jeff Bezos (ភាគ២)

0
613

Amazon.com គឺជាក្រុមហ៊ុនទិញលក់ផលិតផលអនឡាញដ៏ធំជាងគេរបស់អាមេរិក ដែលបានបង្កើតឡើងដោយស្ថាបនិកវ័យ៥៥ឆ្នាំ Jeff Bezos មហាសេដ្ឋីមានជាងគេបំផុតលើលោក មានទ្រព្យជាង១៣៧ពាន់លានដុល្លារអាមេរិក។

នៅឆ្នាំ១៩៩៩ តម្លៃភាគហ៊ុនក្រុមហ៊ុនអាម៉ាហ្សូនបានកើនឡើងជាង១១៨ដុល្លារក្នុងមួយភាគហ៊ុន ប៉ុន្តែជាអកុសលវត្តមាននៃវិបត្តិបច្ចេកវិទ្យាអនឡាញ  (The Dot Com Bubble) ធ្វើឲ្យក្រុមហ៊ុនអនឡាញទាំងអស់លែងទទួលបានការជឿជាក់ពីអតិថិជនដោយសារតែមានការលួចបន្លំបាត់លុយដោយជនអនាមឹកតាមអនឡាញ ស្របពេលដែលតម្លៃភាគហ៊ុនក្រុមហ៊ុនអនឡាញទាំងអស់ រីកធំហួសពីតម្លៃជាក់ស្តែងនៃទីផ្សារ។ ជាងនេះទៅទៀត គឺការព្រួយបារម្ភរបស់វិនិយោគិនដែលផ្អើលតាមគ្នា ទិញតាមគ្នា ហើយក៏លក់វិញយ៉ាងទាន់ហន់តាមគ្នា ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញជាច្រើនបិទទ្វាប្រណាំងគ្នាអស់ជាងពាក់កណ្តាល។​

ក្រុមហ៊ុនដែលនៅមានជីវិតរស់ដូចជា Amazon ត្បិតតែមិនដាច់ខ្យល់ស្លាប់ ប៉ុន្តែតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះជាបន្តបន្ទាប់ពី១១៨ដុល្លារមកនៅត្រឹមតែ៥.៩៧ដុល្លារក្នុងមួយភាគហ៊ុនប៉ុណ្ណោះ។ នៅពេលជាមួយគ្នា មហាសេដ្ឋីមានបំផុតរបស់ជប៉ុន Masayoshi Son ក៏ខាតលុយជិត៩០ពាន់លានដុល្លារអាមេរិក ស្ទើរតែក្ស័យធនដូចគ្នាដែរ ដោយសារគាត់បានបោះទុនរាប់ពាន់លានដុល្លារវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញស្ទើរតែគ្រប់ទីកន្លែងទូទាំងពិភពលោក។​​

នៅអំឡុងពេលជ្រួលច្របល់ Jeff Bezos ដោយមិនខ្វះខាតលុយក្នុងការដំណើរការអាជីវកម្មផង ហើយចង់គៀងគរទុនវិនិយោគបន្ថែមក៏ពិបាក លោកសម្រេចបន្តបោះជំហានទៅមុខក្នុងអាជីវកម្មដូចធម្មតា ព្រោះលោកមើលឃើញថា តម្លៃភាគហ៊ុនពិតមែនថាធ្លាក់ចុះ ប៉ុន្តែអតិថិជនរបស់លោកនៅតែបន្តកើនឡើង ប្រាក់ចំណូលក៏កើនឡើង ស្របតាមការលក់កើនឡើង ហើយក្រុមការងារក៏សហការគ្នាបានយ៉ាងល្អ អត់មានបញ្ហាចោទឡើយ ដែលមានន័យថាទីផ្សារ ដើរខុសពីភាពជាក់ស្តែងនូវអ្វីដែលក្រុមហ៊ុនកំពុងតែធ្វើ។ ហេតុនេះ មានតែការរងចាំឲ្យទីផ្សារវិលត្រឡប់មករកសមភាពដើមវិញតែប៉ុណ្ណោះ ទន្ទឹមនឹងនេះ លោកព្យាយាមពង្រឹងលើកការគ្រប់គ្រង និងជម្រុញទឹកចិត្តដល់ក្រុមការងារ ព្រមទាំងពន្យល់បន្ថែមដល់វិនិយោគិនរបស់ខ្លួនផងដែរ។​

ក្រោយវិបត្តិបច្ចេកវិទ្យាអនឡាញបានបញ្ចប់នៅចុងឆ្នាំ២០០២ ភាគហ៊ុនក្រុមហ៊ុនអាម៉ាហ្សូនចាប់ផ្តើមងើបឡើងវិញ ខណៈពេលដែលក្រុមហ៊ុនភាគច្រើនដេកស្លាប់អស់ទៅហើយ ហើយវត្តមានអាម៉ាហ្សូនក្រោយវិបត្តិដ៏តាន់តឹងមួយនេះ ធ្វើឲ្យអាម៉ាហ្សូនកាន់តែមានឥទ្ធិពលខ្លាំងទ្វេដង។​

Jeff Bezos ចាប់ផ្តើមបែបគំនិតយល់ថា អាម៉ាហ្សូនមិនគួរតែលក់តែសៀវភៅទេ ស្របពេលដែលក្រុមហ៊ុននេះមានអតិថិជនហើយស្រេចស្រាប់រាប់លាននាក់កំពុងគាំទ្រប្រើប្រាស់រាល់ថ្ងៃ។ ហេតុនេះ យុទ្ធនាការណ៍ថ្មីរបស់ Jeff Bezos គឺចាប់ផ្តើមដាក់លក់ឧបករណ៍អេឡិចត្រូនិក ចម្រៀង តុក្តតាសម្រាប់ក្មេងៗ សម្លៀកបំពាក់ របស់របរប្រើប្រាស់ផ្សេងៗ និងទូរស័ព្ទជាដើមដែលនាំឲ្យក្រុមហ៊ុនផ្ទុកខ្លាំងបំផុត។

បន្ទាប់ពីនេះ អាម៉ាហ្សូនបានសហការជាមួយនឹងក្រុមហ៊ុន Walmart ដែលជាហាងលក់ទំនិញរាល់ដ៏ធំ និងល្បីបំផុតរបស់អាមេរិក ផ្តោតលើគុណភាព និងតម្លៃថោក ដែលធ្វើឲ្យអាម៉ាហ្សូនកាន់តែមានប្រជាប្រិយភាពកើនឡើងទ្វេដង។

អាម៉ាហ្សូនមិនមែនជាទីផ្សារលក់សៀវភៅទៀតទេក្នុងរូបភាពនេះ អាម៉ាហ្សូនជាបណ្តុំនៃក្រុមហ៊ុនលំដាប់ចម្រុះគ្នាលក់ពេញទីផ្សារអនឡាញអាម៉ាហ្សូនតែម្តង។

គួរជម្រាបផងដែរថា បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់អាម៉ាហ្សូន១ភាគហ៊ុនមានតម្លៃរហូតដល់ទៅជិត១,៦០០ដុល្លារអាមេរិក៕

ក្បួនរំដោះខ្លួនពីជ្រលងមរណៈនៃវិបត្តិបច្ចេកវិទ្យាអនឡាញឆ្នាំ២០០០ របស់Jeff Bezos (ភាគ1)

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here