ផេង សុខមុំ៖ ពីបុគ្គលិកគិតលុយនៅឡាក់គី មកបើកហាងថែរក្សាស្បែក អ៊ីរ៉ាឃែរ រកចំណូលខ្ទង់ម៉ឺន$

0
1136

ជាកូនកសិកររស់នៅពឹងផ្អែកលើកសិកម្ម មានឱកាសម្តាយជាអ្នកជម្រុញខ្លាំងក្នុងការរៀនសូត្រ និងបណ្តុះគំនិតឲ្យកូនទៅជាអ្នករកស៊ីនាពេលអនាគត់ អ្នកស្រីផេង សុខមុំ ឆ្លងកាត់ជីវិតទាំងអ្នករកស៊ីទៅធ្វើការងារឲ្យគេ ហើយងាករកវិញម្តងទៀត ទម្រាំរកឃើញក្នុងពិភពជំនួញ។​

អ្នកស្រី ផេង សុខមុំ បានរៀបរាប់ប្រាប់​ Business Cambodia ឲ្យដឹងថា៖ ក្រោយបញ្ចប់ការសិក្សាត្រឹមថ្នាក់បាក់ឌុប អ្នកស្រីបានសម្រេចរៀបការ ចេញរកស៊ីបើកហាងលក់បោះដុំទំនិញគ្រប់មុខនៅអំឡុងឆ្នាំ១៩៩៩។

ក្រោយសុំចែកផ្លូវជាមួយស្វាមីដោយសារតែចិត្តចង់ដើរលើវិថីថ្មីដែលខ្លួនប្រាថ្នា ចង់ស្គាល់ពិភពលោកខាងក្រៅឲ្យបានកាន់តែស៊ីជម្រៅសម្រាប់ជីវិត អ្នកស្រីសម្រេចចិត្តចូលធ្វើការងារជាបុគ្គលិកផ្នែកគិតលុយនៅផ្សារទំនើបឡាក់គី។

ធ្វើការបណ្តើរ ខិតខំរៀនជំនាញអ៊ុតសក់បណ្តើរ ហើយនៅបន្តឆ្លៀតពេលរៀនធ្វើការងារជាបុគ្គលិកផ្នែកទីផ្សារនៅសាលាឯកជនមួយកន្លែងបន្ថែមទៀត។ អ្នកស្រីបានបញ្ជាក់ការធ្វើការងារទាំងនេះ មិនមែនដើម្បីប្រាក់ខែជាធំនោះទេ ប៉ុន្តែគឺដើម្បីមានឱកាសសិក្សារៀនស្វែងយល់បន្ថែមពីការធ្វើអាជីវកម្ម។​

អ្នកស្រី ផេង សុខមុំមានប្រសាសន៍ថា “ពេលខ្ញុំចូលបម្រើការងារជាបុគ្គលិកគិតលុយនៅផ្សារឡាក់គី៤ម៉ោងក្នុង១ថ្ងៃ ខ្ញុំមិនដឹងទាំងត្រូវស្នើសុំប្រាក់ខែប៉ុន្មានផង ព្រោះមិនធ្លាប់ធ្វើការងារឲ្យគេទេ តែគេសម្រេចផ្តល់ប្រាក់ខែឲ្យខ្ញុំចំនួនជាង៥០ដុល្លារក្នុងមួយខែដែរ ទាំងខ្ញុំមិនធ្លាប់គិតពីវាសោះ។”

រហូតដល់ឆ្នាំ២០០៣ ធ្វើការបានជាង១ឆ្នាំ អ្នកស្រីចាប់ផ្តើមមានចិត្តចង់ធ្វើការងារនៅក្នុងហាងថែរក្សាសម្រស់មួយកន្លែង ដោយមានមិត្តភក្តិណែនាំឲ្យបានចូលធ្វើការងារនៅទីនោះ។ ធ្វើការបណ្តើររៀនជំនាញគ្រប់សព្វនៅទីនោះ ធ្វើឲ្យអ្នកស្រីមានសមត្ថភាពអាចក្លាយជាអ្នកបណ្តុះបណ្តាលបុគ្គលិកជំនាញសម្រាប់ហាងនោះផ្ទាល់តែម្តង និងចេះតែបន្តសិក្សាស្រាវជ្រាវបន្ថែមជាប់ជានិច្ច។

នៅឆ្នាំ២០១២ អ្នកស្រីក៏សម្រេចចិត្តលាឈប់ពីការងារចេញមកបើកហាងថែរក្សាស្បែកមួយកន្លែងដោយខ្លួនឯងដោយដាក់ឈ្មោះថា អ៊ីរ៉ាឃែរ ដោយទទួលបានទុនវិនិយោគពីមិត្តភក្តិ ទុនលុយសន្សំខ្លួនឯង ក៏ដូចជាទុនវិនិយោគបន្ថែមពីភ្ញៀវស្និតស្នាលរបស់ខ្លួនផងដែរ សរុបប្រមាណជិត៤ម៉ឺនដុល្លារអាមេរិក។​

អ្នកស្រីបានបញ្ជាក់ថា “នៅរវាង៣ឆ្នាំដំបូង អាជីវកម្មខ្ញុំរកមិនឃើញចំណេញនឹងគេទេ បានត្រឹមតែរួចខ្លួនតាំងខែទីមួយមកម្ល៉េះ ទើបតែឆ្នាំទី៤ប៉ុណ្ណោះដែលហាងខ្ញុំចាប់ផ្តើមមានភ្ញៀវកើនឡើង ចំណូលកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ពិសេសទទួលបានការគាំទ្រខ្លាំងពីអតិថិជនផ្ទាល់តែម្តង។”

គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ អ្នកស្រី ផេង សុខមុំ ទទួលបានទុនវិនិយោគទិញម៉ាស៊ីនទំនើបបន្ថែមពីកម្មវិធី ស្រាវ (Thriive) ហើយអ្នកស្រីក៏កំពុងបន្តស្វែងរកដៃគូវិនិយោគដ៏សំខាន់បន្ថែមទៀត ដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនស្របតាមតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM- IN

Co-founder Phsar Khmer

 

LEAVE A REPLY

Please enter your comment!
Please enter your name here