លោកឈុំ ឈន់៖ អនុវត្ត ៣ចំណុច ធ្វើឲ្យយុវជនសម្រេចគោលដៅក្នុងឆាកជីវិត

0
1535

សម្រាប់យុវជន ដើម្បីសម្រេចគោលដៅក្នុងឆាកជីវិត ទាមទារឲ្យយុវជនខ្លួនឯង មានគោលដៅច្បាស់លាស់ និងឆន្ទៈអនុវត្តការងារ ឬយុទ្ធសាស្ត្រល្អ ទើបអាចទទួលបានជោគជ័យ។ ត្រង់ចំណុចនេះ តាមរយៈបទពិសោធន៍ការសិក្សា និងរកស៊ីកន្លងមកលោក ឈុំ ឈន់ ជាស្ថាបនិកនៃក្រុមហ៊ុន សម្បត្តិជន ដែលមហាជនបានស្គាល់តាមរយៈយីហោ សម្បត្តិជន គ្រុប និងការផ្សព្វផ្សាយលក់គម្រោងអចលនទ្រព្យនៅបឹងតាមោក (បឹងកប់ស្រូវ) និងនៅតំបន់ភ្នំរាប ភ្នំបាសិទ្ធ លោកបានលើកឡើងថា  យុវជនគួរមានកត្តាមូលដ្ឋានគ្រឹះ ៣ យ៉ាង ដើម្បីឈានឆ្ពោះទៅរកការសម្រេចគោលដៅជីវិតរបស់ខ្លួន ៖

លោកឈុំ ឈន់ បានថ្លែងថា ចំណុចដំបូងយុវជនត្រូវបានអានសៀវភៅច្រើន រៀនច្រើន ហើយមិនមែនសុទ្ធតែក្លាយទៅជាអ្នកមានទាំងអស់គ្នាទេ។ បើការអានសៀវភៅ ការរៀន អាចជួយឱ្យយុវជនមានលុយមែន ម៉្លេះអ្នករៀនភាគច្រើន មិនមែនរៀនចប់ហើយ ស្វែងរកការងារធ្វើនោះឡើយ។ ការអានសៀវភៅ គ្រាន់តែជាចំណុចចាប់ផ្តើមផ្លាស់ប្តូរខ្លួនតែប៉ុណ្ណោះ។

យុវជនត្រូវចេះជ្រើសរើសសៀវភៅមកអាន ចេះរបៀបអាន ព្រោះបទពិសោធន៍ និងចំណេះដឹងចាស់ៗ ដែលមិនផ្តល់ផលប្រយោជន៍ ឬលទ្ធផលល្អដល់គោលដៅយើង ចូរបោះបង់វាចោល កុំស្តាយស្រណោះវាធ្វើអ្វី ប្រៀបបានម្ហូបអាហារដែលចាស់ៗ ជូរផ្អូម ញ៉ាំមិនកើត ត្រូវសំអាតចេញ។ បទពិសោធន៍ ឬចំណេះដឹងចាស់ៗមួយចំនួន គួរកុំក្រសោបវាទុកយូរពេក ធ្វើឱ្យយើងកើនអំនួត យល់ច្រឡំថា ខ្លួនយើងចេះដឹង ហើយមិនព្រមអភិវឌ្ឍន៍ជំនាញបន្ថែម បណ្តោយពេលវេលាឱ្យកន្លងផុតទៅ ដោយយើងមិនរីកចម្រើន ឬមិនទទួលបានលទ្ធផលសមតាមបំណង។

លោកបញ្ជាក់ថា បើយើងចង់ដឹងថា៥ ឆ្នាំក្រោយ យើងក្លាយជាអ្វី ត្រូវមើលលើសៀវភៅ ដែលយើងកំពុងអានរាល់ថ្ងៃនេះ។ យុវជនដែលបោះបង់សៀវភៅ ប្រៀបបានកងទ័ពដែលបោះបង់សព្វាវុធ ឬដើមឈើដែលផ្តាច់ប្ញសកែវចេញ។

សហគ្រិនរូបនេះបន្ថែមថា ការសេពគប់មនុស្សជុំវិញខ្លួនក៏ជាកត្តាជំរុញឱ្យយុវជនសម្រេចគោលដៅ។ យើងត្រូវចេះប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សល្អ មានផ្នត់គំនិតវិជ្ជមាន នាំភាពរីកចម្រើនឲ្យយើង ជួយឲ្យគោលដៅយើងឆាប់សម្រេច។ មនុស្សយើងម្នាក់ៗសំខាន់ណាស់អ្នកនៅក្បែចាំជំរុញទឹកចិត្ត ជួយឲ្យយោបល់ រៀបចំផែនការជីវិតឲ្យ ជួយបង្វឹកបង្ហាញគន្លឹះល្អៗ ដែលអាចញ៉ាំងគោលដៅឲ្យសម្រចបានឆាប់រហ័ស។

បើយើងចង់ដឹងថា ៥ ឆ្នាំក្រោយ យើងក្លាយជាអ្វី ត្រូវមើលលើមនុស្សជុំវិញខ្លួន ដែលយើងសេពគប់រាល់ថ្ងៃ ជាពិសេសមនុស្សដែលមានឥទ្ធិពលលើគោលដៅយើង។ ចង់ជោគជ័យ ចង់បានលទ្ធផល ត្រូវសេពគប់មនុស្សជោគជ័យ មានលទ្ធផល យកគាត់ជាអ្នកប្រឹក្សាជំរុញទឹកចិត្ត។ ចង់ក្លាយជាមនុស្សបែបណា ត្រូវសេពគប់មនុស្សបែបនោះឱ្យបានច្រើន។

យុវជនត្រូវមានគោលដៅជីវិតច្បាស់លាស់ យុវជនជាង៩០% គ្មានគោលដៅ ឬមានគោលដៅមិនច្បាស់លាស់។ មនុស្សគ្មានគោលដៅ នឹងធ្វើការងារបម្រើឱ្យមនុស្សមានគោលដៅ។ ដូច្នេះ ការរៀបចំគោលដៅ គឺពិតជារឿងដ៏សំខាន់បំផុត សម្រាប់អ្នកដែលចង់ជោគជ័យ។

ដូច្នេះចូរកំណត់នូវលទ្ធផលដែលយើងចង់បាន តើថា យើងចង់រៀបចំជីវិតរបស់យើងទៅជាយ៉ាងណា ? យើងគឺជាម្ចាស់ជោគវាសនារបស់ខ្លួនយើង ត្រូវរកហេតុផលសមរម្យ ដើម្បីរុញច្រានខ្លួនឆ្ពោះទៅរកការសម្រេចគោលដៅ។ នៅពេលដែលយើងមានហេតុផលសមរម្យ និងក្តីស្រលាញ់ចំពោះគោលដៅយើងគ្រប់គ្រាន់ នោះលែងមានអ្វីជាឧបសគ្គទៀតហើយ ព្រោះគោលដៅយើងសំខាន់ជាងឧបសគ្គ។

ម្យ៉ាងទៀត យុវជនចូររកហេតុផលឱ្យឃើញថា ហេតុអ្វីយើងចង់ក្លាយបានលទ្ធផលបែបហ្នឹង ? ត្រូវមានគោលដៅច្បាស់លាស់ រកកត្តាមូលដ្ឋានគ្រឹះជំនួយសកម្មភាពឆ្ពោះទៅរកការសម្រេចគោលដៅ និងកំណត់លទ្ធផលដែលយើងចង់បាន។ គ្មានអ្វីដែលមនុស្សយើងមិនអាចធ្វើបាននោះឡើយ។ បើយើងចង់ដឹងថា ៥ ឆ្នាំក្រោយ យើងក្លាយជាអ្វី ត្រូវមើលទៅលើគោលដៅជីវិតដែលយើងបានកំណត់រាល់ថ្ងៃនេះ។

ហើយយុវជនគួរកុំនៅរក្សាទម្លាប់ដដែលៗ ទម្លាប់ចាស់ៗណា ដែលមិនបានផល សូមប្តូរយកទម្លាប់ល្អ ទម្លាប់រីកចម្រើន។ លទ្ធផលថ្ងៃនេះ មិនបានបង្ហាញថា អ្នកណាខ្លាំង ឬអ្នកណាខ្សោយនោះទេ ហើយបើយើងមិនទាន់បានលទ្ធផលថ្ងៃនេះ ចូរកុំអស់សង្ឃឹមឱ្យសោះ វាមិនបានបញ្ជាក់ថា យើងគ្មានសមត្ថភាពនោះឡើយ វាគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា យុវជនមិនត្រូវទម្រន់ខ្លួនប្រាណ ខ្លាចលំបាក ខ្លាចហត់នឿយ ប្រាថ្នាតែការងារណាស្រួលៗឡើយ ព្រោះការងារណាក៏លំបាកដែរ មិនថា ធ្វើការងារឲ្យអ្នកដទៃ ឬធ្វើអាជីវកម្មផ្ទាល់ខ្លួននោះឡើយ មានការងារខ្លះលំបាកជាងយើងគិតរាប់រយដង ហើយមិនសូវបានលទ្ធផលទៀតផង។ ចូរប្រាប់ខ្លួនឯងថា យើងត្រូវទ្រាំការលំបាករយៈពេលខ្លី ប្រឹងឱ្យអស់សមត្ថភាព ចូរនិយាយថា យើងអាចធ្វើបាន ជីវិតយើងនឹងល្អប្រសើរឡើង ស៊ូស៊ូ !!!៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here