បណ្ឌិតគីម ហ៊ាង៖ ចង់បានផ្ទះនៅ ពលរដ្ឋខ្មែរកុំចាំសន្សំលុយគ្រប់ថ្លៃផ្ទះឲ្យសោះ

0
7621

ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ កំពុងមានតម្រូវការផ្ទះសម្រាប់ស្នាក់នៅរៀងៗខ្លួន ហើយភាគច្រើនពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ភ្លាមៗក្នុងការយកលុយសុទ្ធទិញផ្ទះតែម្តងនោះទេ។ ត្រង់ចំណុចនេះហើយ ដែលជំរុញឲ្យអ្នកអភិវឌ្ឍន៍លំនៅឋានស្ទើរតែទាំងអស់ បានអនុវត្តវិធីសាស្ត្របង់រំលស់លើគម្រោងរបស់ខ្លួន ដែលធ្វើការអតិថិជនមានលទ្ធភាពទិញផ្ទះនៅបាន។ ក៏ប៉ុន្តែបើយើងរងចាំតែសន្សំលុយគ្រប់ ទើបទៅដើររកទិញផ្ទះនោះ អ្នកជំនាញមិនលើកទឹកចិត្តនោះទេ ព្រោះតម្លៃផ្ទះកើនឡើងជារៀងរាល់ឆ្នាំ។

លោកបណ្ឌិតគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងភាគច្រើនចង់សន្សំលុយគ្រប់ ទើបទិញផ្ទះ បញ្ហាត្រង់ថាតើពេលណាទើបសន្សំលុយដើម្បីទិញវា។ ព្រោះជាទូទៅកំណើនតម្លៃផ្ទះនៅភ្នំពេញជាមធ្យមមានចន្លោះពី១០ទៅ២០ភាគរយ ហើយផ្ទះតំបន់ខ្លះមានកំណើនតម្លៃពី៣០ទៅ៥០ភាគរយឯណោះ។

អ្នកជំនាញរូបនេះបន្ថែមថា បើចាំសន្សំលុយគ្រប់គឺជារឿងមិនអាចនោះទេ ព្រោះតម្លៃផ្ទះចេះតែឡើងថ្លៃរហូត។ ឧទាហរណ៍៖ ផ្ទះមួយមានតម្លៃ៥ម៉ឺន គាត់មានលុយ២៥០០០ដុល្លារ គាត់អត់ចង់ទិញភ្លាមនោះទេ ចាំសន្សំបានគ្រប់៥ម៉ឺនចាំទិញ តែទម្រាំសន្សំបាន២៥០០០ដុល្លារទៀត ផ្ទះនោះនឹងឡើងដល់១០ម៉ឺនដុល្លារតែម្តង។ ដូច្នេះការសន្សំលុយគ្រប់ បានស្វែងរកទិញផ្ទះជាជម្រើសមួយដែលមិនត្រឹមត្រូវ។ ជាពិសេសតម្លៃដីធ្លីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើង។

កម្ពុជាយើងគឺកំពុងអភិវឌ្ឍន៍ ការសាងសង់ច្រើន ការទិញលក់ដីធ្លីច្រើន ហើយតម្លៃដីធ្លីរយៈពេល១០ឆ្នាំចុងក្រោយនេះកើនឡើងរហូត ហើយតម្លៃផ្ទះកើនឡើងជាទូទៅ១០%ក្នុងមួយឆ្នាំ។ ហើយរវល់តែរង់ចាំសន្សំលុយគ្រប់ច្បាស់ជាពិបាកទិញផ្ទះបាននៅណាស់។

លោកបណ្ឌិតបានផ្តល់យោបល់ បើយើងមានត្រឹម៥០%គួរតែទិញតែម្តង ហើយសល់៥០%ទៀត គួរខ្ចីធនាគារ ព្រោះបច្ចុប្បន្នមានធនាគារច្រើនណាស់ផ្តល់កម្ចីទិញផ្ទះ ដែលមានរយៈពេលវែង បង្កលក្ខណៈងាយស្រួលដល់អតិថិជនបង់រំលស់៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here