Corolla 2020 ដែលល្បីថាស៊ីសាំងតិចបំផុត ពេលនេះចេញកម្រិតស៊ីសាំងផ្លូវការ ៤ លីត្រកន្លះក្នុង ១០០ គីឡូម៉ែត្រ

0
16919

បន្ទាប់ពីលេចឮថា Corolla 2020 ដែលទើបប្រកាសចេញមុខនៅអាមេរិកកាលពីចុងឆ្នាំ ២០១៨ កន្លងទៅស៊ីសាំងតិចបំផុត ពេលនេះនាយកដ្ឋានថាមពលអាមេរិកបានចេញលទ្ធផលកម្រិតស៊ីសាំងរបស់ Toyota Corolla ជំនាន់ថ្មីនេះជាផ្លូវការហើយ ។

យោងតាមតារាងកម្រិតស៊ីសាំងពី FuelEconomy.gov របស់នាយកដ្ឋានថាមពលអាមេរិក បញ្ជាក់ថា Corolla Hybrid ឬពពួកកូនកាត់ ស៊ីសាំងជាមធ្យម ៤ លីត្រកន្លះក្នុងការបើកបរ ១០០ គីឡូម៉ែត្រ បើធៀបជាមួយឡានផ្សេងៗ វាស៊ីសាំងប្រហែល Toyota Prius 2020 និង Honda Insight ។

បើធៀបជាមួយពីរម៉ូឌែលដដែលនេះ Corolla ចាញ់គេត្រង់ថា វាស៊ីសាំងលើសគេបន្តិចពេលបើកក្នុងក្រុង ប៉ុន្តែបែរជាស៊ីសាំងតិចជាងគេវិញពេលបើកលើផ្លូវធំ ។

ចំពោះ Corolla ដែលបំពាក់ម៉ាស៊ីនធម្មតា ឬប្រើសាំងសុទ្ធវិញ វាស៊ីសាំងច្រើនគួរសម ដល់ទៅ ៥.៨ លីត្រក្នុង ១០០ គីឡូម៉ែត្រពេលបើកបរផ្លូវធំ និង ៧.៥ លីត្រពេលបើកក្នុងក្រុង បើគិតជាមធ្យមវាស៊ីសាំងប្រមាណ ៧ លីត្រ ។

បើនិយាយពីកម្រិតស៊ីសាំងចំពោះម៉ូឌែលមិនមែនកូនកាត់ វាមិនគ្រាន់បើជាងសេរ៊ីចាស់ៗប៉ុន្មានទេ ប៉ុន្តែបើនិយាយពីម៉ាស៊ីន ២.០ លីត្រថ្មីនេះ មានកម្លាំង ១៦៩ សេះ ធំជាងម៉ាស៊ីនចាស់ ១.៨ លីត្រ ដែលមានកម្លាំងត្រឹមតែ ១៤០ សេះប៉ុណ្ណោះ ។

Corolla សេរ៊ីថ្មីនេះមានម៉ាស៊ីន ២ ប្រភេទសម្រាប់ជ្រើសរើស គឺសេរ៊ី L, LE និង XLE ម៉ាស៊ីនទំហំ ១.៨ លីត្រ មាន ៤ ស៊ីឡាំង ចំណែកសេរ៊ី XSE និង SE ជាប្រភេទម៉ាស៊ីនស្ទុះ Dynamic Force ទំហំ ២.០ លីត្រ ៤ ស៊ីឡាំង ។

វាក៏បានបំពាក់មកជាមួយម៉ាស៊ីនដែលប្រើហ្គាសបាន ឬហៅថា D4-S Fuel Injection, ប្រព័ន្ធបញ្ឆេះម៉ាស៊ីនឡើងវិញ, ហើយវាក៏បានពង្រឹមប្រព័ន្ធកងា្ហរត្រជាក់ផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ Toyota មិនទាន់បញ្ជាក់ថ្ងៃចេញលក់ផ្លូវការនៅឡើយ គ្រាន់តែដាក់តាំងបង្ហាញវាតាមកម្មវិធីពិរព័រណ៌ប៉ុណ្ណោះ ចំណែកតម្លៃប៉ុន្មានក៏គេមិនទាន់ដឹងដែរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ AutoBlog

LEAVE A REPLY

Please enter your comment!
Please enter your name here