ពលករកូរ៉េម្នាក់ បង្កើតកសិដ្ឋានបណ្តុះកូនល្មើរ និងកូនគ្រញូង លក់ធូរៗថ្លៃសម្រាប់កម្ពុជា

0
18796

ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងម្នាក់ បង្កើតកសិដ្ឋានបណ្តុះ និងលក់កូនឈើពូជល្អ និងកម្រដូចជាល្មើរ ​និងកូនគ្រញូងហៃណាន រាប់ម៉ឺនដើម ស្ថិតនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន Business Cambodia កាលពីថ្ងៃចន្ទម្សិលមិញនេះ លោក គឹម ហួរ ដែលបច្ចុប្បន្នជាម្ចាស់កសិដ្ឋានខាងលើ បានលើកឡើងយ៉ាងដូច្នេះថា “ក្រៅពីធ្វើការនៅប្រទេសកូរ៉េ ខ្ញុំបានបង្កើតកសិដ្ឋានបណ្តុះកូនឈើមួយកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង ហើយពេលនេះ ខ្ញុំអាចផលិតកូនល្មើរសម្រាប់ទីផ្សារប្រទេសយើងបាន១លានដើមហើយ និងកំពុងផលិតកូនគ្រញូងចំនួន៥លានដើមបន្ថែមទៀត”។

លោកបានបញ្ជាក់ថា មូលហេតុដែលខ្ញុំជ្រើសរើសការបណ្តុះកូនល្មើរហើយនិងកូនគ្រញូងនេះ ពីព្រោះខ្ញុំមើលឃើញថា ល្មើរគឺជាដំណាំមួយប្រភេទដែលមានតម្លៃខ្ពស់នៅលើទីផ្សារ ដោយផ្លែរបស់វាយើងអាចលក់បានក្នុង១គីឡូ ពី១០ ទៅ ១៥ដុល្លារឯណ្ណោះ ហើយ១ដើមវាអាចផ្តល់ផ្លែឱ្យយើងច្រើនរហូតលើស១០០គីឡូក្រាម។ មួយវិញទៀត វាជាប្រភេទដំណាំដែលមានគុណប្រយោជន៍ច្រើនចំពោះសុខភាព និងមិនពិបាកទាក់ទងនឹងបច្ចេកទេសខ្លាំងរហូតធ្វើឱ្យយើងមិនអាចដាំបាននោះទេ។

ចំណែកឯ កូនគ្រញូងហៃណានវិញ លោក គឹម ហួរ បានពន្យល់ថា វាជាប្រភេទដំណកសោឧស្សាហកម្មមួយ ដែលវាផ្តល់ទិន្នផលរយៈពេលមួយខ្លី ពោលគឺត្រឹម១០ឆ្នាំយើងអាចប្រមូលផលបានបណ្តើរៗ ជាពិសេសឈើនេះមានតម្លៃខ្ពស់ណាស់។ ហើយបើយើងនិយាយពីគ្រញូងខ្មែរ នរណាក៏ដឹងដែរថាវាមានតម្លៃថ្លៃរហូតគេទិញថ្លឹងគីឡូឯណ្ណោះ។ រី​ឯ ការដាំដុះទៀតសោត គឺវាងាយដាំមិនពិបាកថែទាំនោះទេ។

ពលករកូរ៉េរូបនេះ បានសង្កត់ធ្ងន់ដែរថា “ខ្ញុំបណ្តុះកូនឈើទាំងអស់នេះ ឱ្យបានច្រើនដើម្បីឱ្យប្រជាជនយើងដាំហើយសង្ឃឹមថា១០ឆ្នាំក្រោយ យើងមានឈើប្រណិតជាច្រើនសម្រាប់នាំចេញដូចប្រទេសវៀតណាមអញ្ជឹកដែរ”។

ទាក់ទងនឹងតម្លៃកូនឈើវិញ លោក គឹម ហួរ បានបង្ហើបថា សម្រាប់កូនល្មើរ១ដើម តម្លៃតែ ៣ដុល្លារប៉ុណ្ណោះ ហើយប្រសិនជាកសិករទិញច្រើន តម្លៃនឹងចុះក្រោមនេះ។ ចំពោះកូនគ្រញូង តម្លៃមួយដើមត្រឹមតែ ៤ពាន់រៀលទេ តែបើទិញឥឡូវនេះ តម្លៃសល់ត្រឹមតែ ២ពាន់រៀល ក្នុងមួយដើម ៕

សម្រាប់ព័ត៌មានបន្ថែម៖ 0962457168 /0966323233 /0763323233 /0889023322

អត្ថបទដោយ៖ ម៉េង សុងលី (អ្នកនិពន្ធសៀវភៅ៖ ថ្ងៃដែលអ្នកផ្លាស់ប្តូរ ១៨០ ដឺក្រេ) ចេញលក់ឆាប់ៗនេះ……….

LEAVE A REPLY

Please enter your comment!
Please enter your name here