កម្មវិធីបច្ចេកវិទ្យានៅស្រុកខ្មែរ ៣ នេះ កំពុងត្រៀមលុយម៉ឺនដុល្លាររងចាំអ្នកមានគំនិតល្អៗទៅយករង្វាន់

0
3035

ឆ្នាំ ២០១៩ នេះប្រភពលុយខ្ទង់ម៉ឺនមកពីស្ថាប័នរដ្ឋនិងឯកជនធំៗកំពុងរងចាំអ្នកខ្លាំងដែលមានគំនិតបច្ចេកវិទ្យាល្អចង់ចូលរួមដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គម យកគំនិតទាំងនោះទៅប្រកួតប្រជែងគ្នាដើម្បីដូរជារង្វាន់ ក៏ដូចជាការវិនិយោគលុយមួយចំនួនសម្រាប់ការចាប់ផ្តើមនិងពង្រីកគំនិតអាជីវកម្មទាំងនោះឲ្យកាន់ល្អប្រសើរ ។

សូមកុំលាក់ទុកគំនិតនៅតែក្នុងចិត្តអ្នកឲ្យសោះ កុំគិតថាខ្ញុំនៅក្មេងមិនទាន់មានសមត្ថភាពប្រកួតប្រជែងជាមួយគេទេ ប៉ុន្តែអ្នកលើកពានលេខមួយសម្រាប់ការប្រកួតកន្លងមកបានបង្ហើបប្រាប់ Business Cambodia ថា ពួកគាត់ទើបរៀបឆ្នាំទីមួយទីពីរនៅសកលវិទ្យាល័យទេ ប៉ុន្តែពួកគាត់ចង់បញ្ចេញគំនិតរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាសង្គម ហើយជាលទ្ធផល មានអ្នកខ្លះទទួលបានលុយម៉ឺនដុល្លារ អ្នកខ្លះទៀតកំពុងត្រៀមខ្លួនទៅទស្សនកិច្ចនៅប្រទេសអភិវឌ្ឍន៍បច្ចេកវិទ្យា ក៏ដូចជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និង Microsoft ផងដែរ ។

ខាងក្រោមនេះជាកម្មវិធីសំខាន់ចំនួន ៣ ដែលអ្នកអាចយកគំនិតទៅដូរលុយបាន ហើយយើងនឹងចែករំលែកពីបទពិសោធណ៍អ្នកឈ្នះជំនាន់មុនផងដែរ ។

-SmartStart

កម្មវិធីនេះផ្តល់ឱកាសច្រើនសម្រាប់យុវជនដែលមានតែគំនិតប៉ុន្តែមិនទាន់បានចាប់ផ្តើមអាជីវកម្មជារូបរាង ។

ស្មាតស្តាត គឺជាកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេងមួយដែលមាន គោលបំណងផ្តល់ឱកាសឲ្យកូនខ្មែរដែលមានទេពកោសល្យ និងសមត្ថភាព ដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតអំពីវិស័យ បច្ចេកវិទ្យា និង ឌីជីថល របស់ពួកគេ ជាមួយនឹងក្រុមហ៊ុនស្មាត ។ ស្មាតស្តាត ជាកម្មវិធីតែមួយគត់ ដែលផ្តល់នូវវេទិកាសម្រាប់ សិក្សារៀនសូត្រ និងទទួលបានការជួយ បង្ហាត់បង្ហាញពីអ្នកជំនាញ និងទទួលជំនួយផ្នែកហិរញ្ញវត្ថុទៀតផង។​

៥ ក្រុមដែលឈ្នះនឹងទទួលបានទឹកប្រាក់ ៤០០០ ដុល្លារ កម្មវិធីបណ្តុះបណ្តាលរយៈពេល ៦ ខែ ចំណែកក្រុមដែលជាប់លេខមួយ និងមានអាជីវកម្មរីកចំរើនលឿនជាងគេ នឹងត្រូវបានអញ្ជើញឲ្យទៅទស្សនកិច្ចសិក្សានៅ ការិយាល័យ Google, Facebook និង Microsoft នៅប្រទេសសឹង្ហបូរីដោយឥតគិតថ្លៃ។

ក្រុមជាប់លេខមួយពី SmartStart ឆ្នាំមុននេះមានឈ្មោះថា Somjot ដែលពួកគាត់ទើបតែជានិស្សិតឆ្នាំទីរពីរទីបីនៅវិទ្យាស្ថានគីរីរម្យ (KIT) ។

វិសាល ដែលជាសហស្ថាបនិក និងអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ SomJot ប្រាប់ Business Cambodia ថា កត្តាដែលជម្រុញឲ្យពួកគាត់សម្រេចចិត្តបង្កើត Somjot ដោយសារចង់ជួយការងារសង្គមខ្លះ ព្រមទាំងមើលឃើញថាដំណើរការនៃការចតឬផ្ញើយានជំនិះនៅស្រុកយើង មានចំណុចខ្វះខាតច្រើន ម៉្យាងទៀតក៏គិតថាវាជាបានចូលរួមជួយបរិស្ថានមួយផ្នែកដែរ ព្រោះថាការប្រើក្រដាសដូចសព្វថ្ងៃត្រូវការក្រដាសថ្មីៗជានិច្ច ។

សម្រាប់ SmartStart 2019 មិនទាន់ប្រកាសនៅឡើយ ប៉ុន្តែអ្នកអាចតាមដានព័ត៌មានលម្អិតតាមរយៈ https://smartstart.com.kh/kh/ ឬទំព័ហ្វេសប៊ុករបស់ Smart ។

Toyota Impact Challenge

នេះជាកម្មវិធីដែលរៀបចំឡើងក្រោមការសហការរួមគ្នារវាងក្រុមហ៊ុន Toyota និង Impact Hub ដើម្បីស្វែងរកអ្នកមានគំនិតអាជីវកម្មបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូន សុវត្ថិភាពផ្លូវថ្នល់ និង ទីក្រុងឆ្លាតវៃ ។

បីក្រុមចុងក្រោយនឹងទទួលបានទុនវិនិយោគ ១០០០០ ដុល្លារ ក្នុងនោះកាលពីខែមករាកន្លងទៅ Toyota Impact Challenge បានរកឃើញក្រុមលេខមួយគឺ SmartBin ដែលពួកគាត់មានគំនិតអាជីវកម្មដោះស្រាយបញ្ហាចោលសម្រាប់គ្មានសណ្តាប់ធ្នាប់តាមរយៈធុងសម្រាមឆ្លាតវៃ ។

SmartBin បង្កើតឡើងដោយនិស្សិតមកពីសាលាផ្សេងៗគ្នា កញ្ញា គឹម ច័ន្ទអម្រិតវត្តី សហស្ថាបនិក Smartbin Cambodia ឲ្យដឹងថា គំនិតនេះកើតឡើងដោយសារមើលឃើញពីបញ្ហា ដែលប្រជាជនយើងមួយចំនួនមិនសូវយកចិត្តទុកដាក់ក្នុងការចោលសម្រាម ទោះបីជាមានយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងរឿងនេះក៏ដោយ តែមិនសូវមានប្រសិទ្ធភាព ដូចច្នោះហើយក្រុម Smartbin គិតថា បើមានអត្ថប្រយោជន៍សម្រាប់អ្នកចោលសម្រាមប្រហែលជាមានប្រសិទ្ធភាពជាង ជាក់ស្តែង ធុងសម្រាមឆ្លាតវៃរបស់ SmartBin អនុញ្ញាត ឲ្យអ្នកបោះសម្រាម សន្សំពន្ទុដើម្បីដូរយករង្វាន់ពីកន្លែងផ្សេងៗ។

សម្រាប់ព័ត៌មានលម្អិតសូមតាមដាន https://phnompenh.impacthub.net/toyota-impact-challenge/

– Cambodia ICT Awards 2019

CICTA19 ឬ ពានរង្វាន់បច្ចេកវិទ្យាគមនាគន៍ និងព័ត៌មានកម្ពុជា ២០១៩ ត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ កម្មវិធីនេះជាការប្រកួតបេក្ខភាពពានរង្វាន់ ICT ថ្នាក់ជាតិធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី បង្ហាញនូវសមិទិ្ធផល ស្នាដៃ និងជោគជ័យនានា លើនវានុវត្តន៍ក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅកម្ពុជាយើង ។

ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតតាមប្រភេទពានរង្វាន់ដូចខាងក្រោម៖

ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)

ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)

ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)

បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)

សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best e-government service of the year)

ក្រៅពីពានរង្វាន់ប្រភេទទាំង ៥ ខាងលើ គណៈកម្មធិការក៏ធ្វើការវាយតម្លៃ និងជ្រើសរើស ក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងវិស័យអទិភាពមួយចំនួនទៀតដូចជា៖ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម (AgriTech), ធនាគារឌីជីថល (Digital Banking), បច្ចេកវិទ្យាក្នុងវិស័យអប់រំ (EduTech), បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាក្នុងវិស័យសុខភិបាល (HealthTech)។ល។

អ្នកឈ្នះពានរង្វាន់លេខមួយនឹងទទួលបានទឹកប្រាក់ ១០០០០ ដុល្លារ ។ គួររម្លឹកថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ ១/Morakot VB (Core Banking System) បង្កើតឡើងដោយ Morakot Technology ដែលនេះជាកម្មវិធី សម្រាប់គ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ។ ២/ Soyo (Cambodia) បង្កើតឡើងដោយ Soyo Entertainment Co., Ltd. ដែលជាកម្មវិធីមើលភាពយន្តតាមអនឡាញជាលើកដំបូងនៅកម្ពុជា។ ៣/ Banhji បង្កើតឡើងដោយ PCG & Partners Co., Ltd. ជាកម្មវិធីគណនេយ្យ សម្រាប់តម្រូវការសហគ្រាសធុនតូច និងមធ្យមនៅក្នុងអាស៊ាន ។

CICTA19 នឹងបើកទទួលពាក្យដល់ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ អ្នកអាចធ្វើការដាក់ពាក្យតាមរយៈ http://cambodiaictawards.com/

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Tech Editor / Writer / Digital Marketer

LEAVE A REPLY

Please enter your comment!
Please enter your name here