ម៉េង សុងហោរ៖ អ្នកវិនិយោគឆ្នើមមានបេះដូងជាអ្នកជួយ មិនមែនគិតតែពីផលចំណេញទេ

0
622

អ្នកវិនិយោគនៅក្នុងពិភពអាជីវកម្មកើតថ្មីត្រូវតែជាអ្នកតាំងចិត្តជាអ្នកជួយមិនមែនជាអ្នកមើលឃើញផលចំណេញតែមុខនោះឡើយ ក្នុងករណីគាត់វិនិយោគដោយមើលឃើញតែផលចំណេញ នោះគាត់គ្រាន់តែជាអ្នកមកកេងចំណេញ ឆក់ឱកាសមានបានតែប៉ុណ្ណោះ មិនសមនឹងមានឈ្មោះថាជាវិនិយោគិនឆ្នើមនោះទេ។

នៅរៀងរាល់វគ្គបណ្តុះបណ្តាលរបស់ខ្ញុំ ក៏ដូចការចែករំលែកនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្ញុំ មានមនុស្សជាច្រើនរអ៊ូរឿងដើមទុនចាប់ផ្តើមអាជីវកម្ម ហើយបញ្ហាប្រឈមធំជាងគេគឺពិបាករកវិនិយោគិនដែលអាចទុកចិត្តបាន ត្បិតគេមានទុនសម្រាប់វិនិយោគមិនខ្វះក៏ដោយ។​

អ្នកវិនិយោគធម្មតាច្រើនចង់បានតែផលចំណេញ ចង់ចំណេញឆាប់ និងលោភលន់ ហើយខ្លះទៀតក៏មានចិត្តមិនទៀងដែលធ្វើឲ្យម្ចាស់អាជីវកម្មដែលខ្វះទុនក្រែងរអាមិនសូវច​ង់បានដៃគូវិនិយោគប៉ុន្មានឡើយ ជាមួយគ្នា វិនិយោគិនមួយចំនួនក៏ឈឺក្បាល ពិបាកសម្រេចចិត្តវិនិយោគក្នុងអាជីវកម្មកើតថ្មីដូចគ្នាដែរ ព្រោះវាប្រឈមនឹងហានិភ័យខ្ពស់ពេក ហើយម្ចាស់អាជីវកម្មកើតថ្មីទៀតសោត ច្រើនជាមនុស្សដែលមិនមានបទពិសោធន៍ក្នុងអាជីវកម្ម ក៏ដូចជាពិបាកឲ្យគេទុកចិត្តសហការវិនិយោគជាមួយដូចគ្នាដែរ។​

អំឡុងពេលដែលខ្ញុំត្រៀមចាប់ផ្តើមអាជីវកម្មផ្សារខ្មែរ បន្លែធម្មជាតិ និងក្រោយពេលដែលខ្ញុំដំណើរការបានមួយរយៈ វិនិយោគិនភាគច្រើនដែលខ្ញុំបានជួប ច្រើនមើលលើលទ្ធផល និងផលចំណេញជាងឱកាសវិនិយោគរយៈពេល ផលចំណេញក្នុងរយៈពេលវែង ជាមួយគ្នា ភាគច្រើននៃពួកគាត់ផ្តោតលើគោលការណ៍ជាច្រើនដែលសហគ្រិនជំនាន់ថ្មីភាគច្រើនមិនធ្លាប់គិតដល់ ឫមិនមានចំណេះដឹងទូលំទូលាយក្នុងការចាប់ផ្តើមអាជីវកម្មឲ្យមានលក្ខណៈស្តង់ដា ជាក់ស្តែង ដូចជា ផែនការអាជីវកម្ម រចនាសម្ព័ន្ធក្រុមការងារ គណនេយ្យស្តង់ដា និងរបាយការណ៍ហិរញ្ញវត្ថុដើម។

ខ្ញុំឆ្លងកាត់ការដើរស្វែងរកវិនិយោគិនសម្រាប់អាជីវកម្មខ្លួនឯង ក៏ដូចអាជីវកម្មផ្សេងទៀតជាច្រើននាក់រួចមកហើយ ហើយខ្ញុំអាចប្រាប់អ្នករាល់គ្នាបានថា មានវិនិយោគិនល្អជាច្រើនដែលពិបាកស្វែងរកដៃគូអាជីវកម្មកើតថ្មីដែលល្អ និងស្របតាមការចង់បានរបស់គេណាស់។

ហេតុនេះ ខ្ញុំលើកទឹកចិត្តដល់សហគ្រិនជំនាន់ថ្មី ខិតខំអភិវឌ្ឍន៍ខ្លួន ចេះត្រៀមលក្ខណៈដើម្បីចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ពង្រីកខ្លួន និងវិសាលភាពអាជីវកម្មរបស់ខ្លួនឲ្យរីកធំអស់មាឌ ទើបកម្ពុជាមានអាជីវកម្មកើតថ្មីដែលមានគុណភាពបន្តបន្ទាប់គ្នា ប្រទេសមានការអភិវឌ្ឍន៍ជឿនលឿន៕

 

ចំពោះម្ចាស់អាជីវកម្ម និងអាជីវកម្មកើតថ្មីដែលត្រូវការទុនវិនិយោគ ឫត្រូវការដៃគូវិនិយោគ អាចឆាតដោយផ្ទាល់ ឫតាមដាន Page CAM-IN បាន ហើយអ្នកដែលចង់វិនិយោគវិស័យអាជីវកម្មកើតថ្មីដ៏អាចឆាត និងតាមដានផេកនេះដូចគ្នា៕

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer

CEO CAM-IN

Book Author “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

 

LEAVE A REPLY

Please enter your comment!
Please enter your name here