ក្បួនរំដោះខ្លួនពីជ្រលងមរណៈនៃវិបត្តិបច្ចេកវិទ្យាអនឡាញឆ្នាំ២០០០ របស់Jeff Bezos (ភាគ1)

0
623

Amazon.com គឺជាក្រុមហ៊ុនទិញលក់ផលិតផលអនឡាញដ៏ធំជាងគេរបស់អាមេរិក ដែលបានបង្កើតឡើងដោយស្ថាបនិកវ័យ៥៥ឆ្នាំ Jeff Bezos មហាសេដ្ឋីមានជាងគេបំផុតលើលោក មានទ្រព្យជាង១៣៧ពាន់លានដុល្លារអាមេរិក។

Jeff Bezos គឺជាអ្នកវិនិយោគ ជាសហគ្រិន និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា និងទិញ លក់ផលិតផលអនឡាញដ៏ល្បីមួយរូបសញ្ជាតិអាមេរិក ដែលបានកើតនៅក្នុងឆ្នាំ១៩៦៤ និងបានរស់នៅក្នុងរដ្ឋ Texas អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រលើជំនាញវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រ ពីសកលវិទ្យាល័យ Princeton ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៦ Jeff Bezos បានចូលបម្រើការងារនៅ Wall Street លើការងារដែលទាក់ទងទៅនឹងវិទ្យាសារស្ត្រកុំព្យូទ័រ។​

ក្រោយមក លោកក៏បានប្តូរទៅធ្វើការងារជាអ្នកតភ្ជាប់បណ្តាញទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឲ្យក្រុមហ៊ុន Fitel ហើយក៏បន្តទៅធ្វើការងារឲ្យក្រុមហ៊ុន Bankers Trust និងចុងក្រោយក៏ទៅធ្វើការងារឲ្យក្រុមហ៊ុន D.E. Shaw & Co. ។

រហូតដល់ឆ្នាំ១៩៩៤ ក្រោយពីបានចំណាយពេលសញ្ចឹងគិតយ៉ាងយូរ និងបានសរសេរពីផែនការអាជីវកម្មAmazon (អាម៉ាហ្សូន) ខណៈពេលដែលលោកកំពុងធ្វើដំណើរពីទីក្រុង New York ទៅកាន់ទីក្រុង Settle។ នៅទីបំផុត លោកក៏សម្រេចចិត្តបោះបង់ចោលប្រាក់បៀវត្សរ៍ដ៏ច្រើន តួនាទីដ៏ខ្ពស់ ងាកមកបង្កើតអាជីវកម្មខ្លួនឯងវិញម្តង។​

កត្តាដែលជំរុញឲ្យ Jeff Bezos សម្រេចបែបនេះ គឺដោយសារតែលោកមើលឃើញពីសក្តានុពលនៃបច្ចេកវិទ្យាអ៊ីនធើណេត ដែលចេះតែរីកចម្រើនឡើងជាបន្តបន្ទាប់ ពិសេសច្បាប់សហរដ្ឋអាមេរិកនៅពេលនោះ មិនបានតម្រូវឲ្យក្រុមហ៊ុននេះបង់ពន្ធលើការលក់ផលិតផលខ្លួនឡើយ។​

Jeff Bezos ធ្លាប់មានប្រសាសន៍ថា៖ “ខ្ញុំដឹងយ៉ាងច្បាស់ក្នុងចិត្តថា ប្រសិនបើខ្ញុំបរាជ័យក្នុងការបង្កើតក្រុមហ៊ុនខ្លួនឯង ខ្ញុំនឹងមិនមានការសោកស្តាយនោះទេ ប៉ុន្តែប្រសិនបើខ្ញុំមិនបានប្រឹងប្រែងធ្វើកិច្ចការងារដែលខ្ញុំចង់ធ្វើនោះទេ ខ្ញុំនឹងមានការសោកស្តាយអស់មួយជីវិត។”

មានគំនិតហើយ ប៉ុន្តែខ្វះខាតដើមទុន Jeff Bezos បានយកគំនិតរបស់ខ្លួនទៅបញ្ចុះបញ្ជូល និងពន្យល់លម្អិតដល់ប្រពន្ធ និងឪពុកម្តាយរបស់ខ្លួន ដើម្បីទទួលបានកម្លាំងចិត្ត កម្លាំងទុនពីពួកគាត់។

មហាសេដ្ឋី Jeff Bezos បានមានប្រសាសន៍ថា ប្រពន្ធរបស់គាត់នឹងគាំទ្រគាត់ ហើយម្តាយឪពុកគាត់ក៏នឹងវិនិយោគជាមួយគាត់ ពេលណាពួកគាត់ស្គាល់ពាក្យថា “អ៊ីនធើណេត”។ ក្រោយពន្យល់លម្អិត ពួកគាត់បានគាំទ្រនិងគម្រោងរបស់ Jeff Bezos និងបានផ្តល់លុយវិនិយោគចំនួន៣០ម៉ឺនដុល្លារអាមេរិកពីឪពុកម្តាយរបស់គាត់។​

ក្រោយដំណើរការបានមួយឆ្នាំ គឺនៅឆ្នាំ១៩៩៥ ត្រឹម១ខែប៉ុណ្ណោះ ការលក់សៀវភៅចេញរបស់អាម៉ាហ្សូន អាចរីកមាឌពេញទីផ្សារនៅអាមេរិកគឺលក់ចែកចាយទូទាំង៥២រដ្ឋតែម្តង។​ រហូតដល់ឆ្នាំ ១៩៩៦​ ការលក់របស់អាម៉ាហ្សូនបានកើនដល់ទៅជាង១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ទើបឆ្នាំ១៩៩៧ Jeff Bezos សម្រេចចិត្តបោះលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ ដោយតម្លៃភាគហ៊ុនបើកទីផ្សារដំបូងមានតម្លៃត្រឹមតែ ២៩.២៥ដុល្លារ ហើនៅឆ្នាំ១៩៩៨ តម្លៃភាគហ៊ុននេះបានកើនឡើងជិត៣ដងឯណោះ។​

នៅឆ្នាំ១៩៩៩ តម្លៃភាគហ៊ុនក្រុមហ៊ុនអាម៉ាហ្សូនបានកើនឡើងជាង១១៨ដុល្លារក្នុងមួយភាគហ៊ុន ប៉ុន្តែជាអកុសលវត្តមាននៃវិបត្តិបច្ចេកវិទ្យាអនឡាញ  (The Dot Com Bubble) ធ្វើឲ្យក្រុមហ៊ុនអនឡាញទាំងអស់លែងទទួលបានការជឿជាក់ពីអតិថិជនដោយសារតែមានការលួចបន្លំបាត់លុយដោយជនអនាមឹកតាមអនឡាញ ស្របពេលដែលតម្លៃភាគហ៊ុនក្រុមហ៊ុនអនឡាញទាំងអស់ រីកធំហួសពីតម្លៃជាក់ស្តែងនៃទីផ្សារ។ ជាងនេះទៅទៀត គឺការព្រួយបារម្ភរបស់វិនិយោគិនដែលផ្អើលតាមគ្នា ទិញតាមគ្នា ហើយក៏លក់វិញយ៉ាងទាន់ហន់តាមគ្នា ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញជាច្រើនបិទទ្វាប្រណាំងគ្នាអស់ជាងពាក់កណ្តាល។​

ក្រុមហ៊ុនដែលនៅមានជីវិតរស់ដូចជា Amazon ត្បិតតែមិនដាច់ខ្យល់ស្លាប់ ប៉ុន្តែតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះជាបន្តបន្ទាប់ពី១១៨ដុល្លារមកនៅត្រឹមតែ៥.៩៧ដុល្លារក្នុងមួយភាគហ៊ុនប៉ុណ្ណោះ។ នៅពេលជាមួយគ្នា មហាសេដ្ឋីមានបំផុតរបស់ជប៉ុន Masayoshi Son ក៏ខាតលុយជិត៩០ពាន់លានដុល្លារអាមេរិក ស្ទើរតែក្ស័យធនដូចគ្នាដែរ ដោយសារគាត់បានបោះទុនរាប់ពាន់លានដុល្លារវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញស្ទើរតែគ្រប់ទីកន្លែងទូទាំងពិភពលោក។​​

នៅអំឡុងពេលជ្រួលច្របល់ Jeff Bezos ដោយមិនខ្វះខាតលុយក្នុងការដំណើរការអាជីវកម្មផង ហើយចង់គៀងគរទុនវិនិយោគបន្ថែមក៏ពិបាក លោកសម្រេចបន្តបោះជំហានទៅមុខក្នុងអាជីវកម្មដូចធម្មតា ព្រោះលោកមើលឃើញថា តម្លៃភាគហ៊ុនពិតមែនថាធ្លាក់ចុះ ប៉ុន្តែអតិថិជនរបស់លោកនៅតែបន្តកើនឡើង ប្រាក់ចំណូលក៏កើនឡើង ស្របតាមការលក់កើនឡើង ហើយក្រុមការងារក៏សហការគ្នាបានយ៉ាងល្អ អត់មានបញ្ហាចោទឡើយ ដែលមានន័យថាទីផ្សារ ដើរខុសពីភាពជាក់ស្តែងនូវអ្វីដែលក្រុមហ៊ុនកំពុងតែធ្វើ។ ហេតុនេះ មានតែការរងចាំឲ្យទីផ្សារវិលត្រឡប់មករកសមភាពដើមវិញតែប៉ុណ្ណោះ ទន្ទឹមនឹងនេះ លោកព្យាយាមពង្រឹងលើកការគ្រប់គ្រង និងជម្រុញទឹកចិត្តដល់ក្រុមការងារ ព្រមទាំងពន្យល់បន្ថែមដល់វិនិយោគិនរបស់ខ្លួនផងដែរ។​

ក្រោយវិបត្តិបច្ចេកវិទ្យាអនឡាញបានបញ្ចប់នៅចុងឆ្នាំ២០០២ ភាគហ៊ុនក្រុមហ៊ុនអាម៉ាហ្សូនចាប់ផ្តើមងើបឡើងវិញ ខណៈពេលដែលក្រុមហ៊ុនភាគច្រើនដេកស្លាប់អស់ទៅហើយ ហើយវត្តមានអាម៉ាហ្សូនក្រោយវិបត្តិដ៏តាន់តឹងមួយនេះ ធ្វើឲ្យអាម៉ាហ្សូនកាន់តែមានឥទ្ធិពលខ្លាំងទ្វេដង៕ ភាគ១

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here