CEO ២រូប ប្រាប់ពីផ្លូវម្ចាស់អាជីវកម្ម អាចប្រើលុយអ្នកដទៃ ពង្រីកអាជីវកម្មដោយមិនបាច់ប្រើប្រាក់កម្ចី

0
4958

តាមពិតទៅគ្រប់ម្ចាស់អាជីវកម្មទាំងអស់ សុទ្ធតែត្រូវការដើមទុនក្នុងការពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនឲ្យឈរជើងកាន់តែរឹងមាំនៅលើទីផ្សារដែលមានការប្រកួតប្រជែង។​ ម្ចាស់អាជីវកម្មមួយចំនួនបានបានប្រើប្រាស់ប្រាក់កម្ចីដើម្បីបានទុនពង្រីក ចំណែកមួយចំនួន ប្រើប្រាស់ប្រាក់ចំណេញរបស់ខ្លួនមកពង្រីក តែបើចាំប្រាក់ចំណេញមិនងាយបានឡើយ។

ទាក់ទងនឹងទុនពង្រីកអាជីវកម្មនេះដែរ ឯកឧត្ដម ហុង សុហួរ អគ្គនាយក ផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) បានមានប្រសាសន៍ ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ថា ផ្នត់គំនិតរបស់សហគ្រិនខ្មែរមួយចំនួន ពេលបើកអាជីវកម្មមួយបានជោគជ័យគ្រាន់បើ អាចរកបានប្រាក់ចំណេញ នោះពួកគាត់មិនចង់ឲ្យមានអ្នកមកចូលហ៊ុនវិនិយោគជាមួយឡើយ។ ឯកឧត្ដម បានបន្តទៀតថា ការគិតបែបនេះ គឹធ្វើឲ្យអាជីវកម្មរបស់ពួកគាត់កើនឡើងមិនអស់លទ្ធភាពនោះទេ ពោលគឺកើនឡើងយឺត បើពួកគាត់រងចាំប្រាក់ចំណេញពីអាជីវកម្មរបស់ពួកគាត់តែមួយមុខ។

ឯកឧត្ដម​ បានលើកឧទាហរណ៍ ថា នៅប្រទេសគេពេលគេចង់ពង្រីកអាជីវកម្មគឺ គេមិនរងចាំប្រាក់ចំណេញ ឬខ្ចីលុយពីធនាគារ មកពង្រីកឡើយ។ តែផ្ទុយទៅវិញគេប្រើប្រាស់លុយអ្នកដទៃមកពង្រីកដោយមិនមែនជាលក្ខណៈប្រាក់កម្ចីឡើយ។ តាមពិតទៅ ការប្រើប្រាស់លុយអ្នកដទៃមកពង្រីក​ គឺ”ការរកវិនិយោគិនធំៗឲ្យមកវិនិយោគក្នុងអាជីវកម្មរបស់អ្នក”។

ជាការពិតណាស់​ បើអ្នករងចាំយកប្រាក់ចំណេញមកពង្រីកគឺមិនងាយទេ ព្រោះប្រាក់ចំណេញពីអាជីវកម្មរបស់អ្នកមិនច្រើននោះ។ ដូច្នេះ ការប្រើប្រាស់លុយអ្នកដទៃ មកពង្រីកអាជីវកម្ម គឺតាមរយៈរកអ្នកវិនិយោគចូលហ៊ុននេះឯង។

ត្រង់ចំណុចនេះ ឯកឧត្ដម បញ្ជាក់ផងដែរថា នៅកម្ពុជាយើង ម្ចាស់អាជីវកម្មអាចប្រើលុយអ្នកដៃទៃមកពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈក្នុងផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា)។ នៅពេលដែលម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន បានចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួនក្នុងផ្សារហ៊ុន នោះពួកគាត់មានឱកាសក្នុងការប្រើប្រាស់ លុយអ្នកដទៃមកពង្រីកសក្ដានុពលអជីវកម្មតាមយៈការលក់ភាគហ៊ុនដើម្បីបានទុនពង្រីកអាជីវកម្មឲ្យក្លាយជាក្រុមហ៊ុនកាន់តែធំនិងមានតម្លៃថ្លៃ។

ចំណែក ឯកឧត្ដម ស៊ូ សុជាតិ​ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា បានបង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ថាការចង់ពង្រីកអាជីវកម្ម ដោយរងចាំប្រាក់ចំណេញគឹធ្វើឲ្យម្ចាស់អាជីវកម្មខាតពេលវេលាច្រើន ព្រោះទម្លាប់តែបានប្រាក់ចំណេញគ្រប់គ្រាន់ត្រូវការពេលយូរ​។ ឯកឧត្ដម បានើលកឧទាហរណ៍ បើអ្នកមានអាជីវកម្ម ចង់ពង្រីកហាងឲ្យបាន ១០ហាងដោយរងចាំប្រាក់សន្សំនិងប្រាក់ចំណេញ អ្នកត្រូវរងចាំយូរ។ ដូច្នេះម្ចាស់អាជីវកម្ម​ គួរសំឡឹងមើលឱកាសគៀងគរទុនក្នុងផ្សារហ៊ុន ព្រោះវាជាកន្លែងស្វែងរកប្រភពទុនដ៏មានសុវត្ថិភាពហើយអ្នកឆាប់បានទុនពង្រីកអាជីវកម្ម​ ខណៈផ្សារហ៊ុនបច្ចុប្បន្នមានវិនិយគិនជាង ២ម៉ឺននាក់៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here