បុគ្គលិកប្រាក់ខែត្រឹម៥០០ដុល្លារ តើអាចទិញផ្ទះបានទេ?

0
2756

បុគ្គលិកអាចមានប្រាក់បៀវត្សខុសៗគ្នា តែបុគ្គលិកមួយចំនួនកំពុងបម្រើការងារក្នុងក្រុមហ៊ុនអាចមានប្រាក់ខែចន្លោះពី៣០០ដុល្លារ ទៅ៥០០ដុល្លារ។ ហើយបើចង់បានផ្ទះផ្ទាល់ខ្លួន ហាក់មិនសូវលំបាកពេកនោះទេ ព្រោះតែគម្រោងអភិវឌ្ឍន៍លំនៅឋានមានច្រើន លក្ខខណ្ឌទិញផ្ទះមានលក្ខណៈងាយស្រួល។ ក៏ប៉ុន្តែនៅមានចម្ងល់មួយ តើបើប្រាក់ខែត្រឹម៥០០ដុល្លារ តើបុគ្គលិកអាចមានលទ្ធភាពទិញផ្ទះបានដែលឬទេ?

លោកសុត វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ CPL បានថ្លែងប្រាប់ Business Cambodia ថា មាន៣ចំណុច ដែលធ្វើឲ្យបុគ្គលិកមានប្រាក់ខែរង្វង់៥០០ដុល្លារ មានលទ្ធភាពទិញផ្ទះបាន។ ហើយវាចំណុចល្អ ដែលយុវជន ឬបុគ្គលិកក្មេងៗ ចាប់អារម្មណ៍បានផ្ទះនៅដោយខ្លួនឯង មិនពឹងអាស្រ័យនៅជាមួយឪពុកម្តាយខ្លួន ចង់ឯករាជ្យម្ចាស់នៃវាសនា និងការរស់នៅ។

យើងត្រូវតែខិតខំប្រឹងប្រែងធ្វើការឲ្យអស់លទ្ធភាព និងលើលទ្ធភាពនៅក្នុងក្រុមហ៊ុនដែលកំពុងបម្រើការងារ ដើម្បីមានឱកាសឡើងប្រាក់ខែ និងសុំក្រុមហ៊ុនតម្លើងប្រាក់ខែ ព្រោះបើយើងខិតខំប្រឹងប្រែងធ្វើការមានលទ្ធផលល្អ ក៏ក្រុមហ៊ុននឹងមើលឃើញស្នាដៃយើងដែរ។

ក្រៅពីការសុំឡើងប្រាក់ខែ បុគ្គលិកត្រូវតែយកពេលទំនេរពីការងារ មានពេលយប់ និងចុងសប្តាហ៍ កុំពឹងតែប្រាក់ខែប៉ុណ្ណឹង ត្រូវពង្រឹងជំនាញ ហើយរៀនជំនាញថ្មីៗបន្ថែមទៀត ដែលយើងស្រឡាញ់ ហើយអាចទាញចំណូលពីវាបាន។

បើយើងរស់នៅជាជីវិតគ្រួសារថ្មីថ្មើងវិញ ប្តីប្រពន្ធមានប្រាក់ខែរៀងៗខ្លួន អាចជួយសម្រួលយើងក្នុងការទិញផ្ទះ តែត្រូវថែរក្សាកុំអាលមានកូនកំឡុងពេលនេះ ព្រោះប្រាក់ចំណូលទាប បើមាននឹងកាន់តែលំបាក។ តែបើប្តីប្រពន្ធមានចំណូល អាចសហការគ្នាទិញផ្ទះបាន ដោយផ្តោតសំខាន់លើចំណុច២ខាងលើនេះ។

បន្ថែមពីលើនេះ ត្រូវចេះសន្សំ និងឆ្លាតវៃក្នុងការទិញសម្ភារៈនានា ព្រោះមនុស្សជួនកាលទិញរបស់ដែលយើងចង់បាន មិនមែនតម្រូវការចាំបាច់នោះទេ ជាការខ្ជះខ្ជាយមួយ ដែលយើងមិនអាចសន្សំ ហើយបានធ្វើឲ្យយើងអាចមានបញ្ហាហរិញ្ញវត្ថុ។ ហើយសម្ភារៈដែលយើងចង់បាន តែមានចាំបាច់ មាន៖សម្លៀកបំពាក់ថ្លៃៗ ឡានសេរីទំនើប ឧបករណ៍អេឡេចត្រូនិកថ្លៃៗ ដំណើរកម្សាន្តមិនចាំបាច់ជាដើម។

ហើយត្រូវចេះសន្សំលុយបន្ទាប់ពីកាត់បន្ថយចំណាយមិនចាំបាច់។ យើងត្រូវដកពី២០ទៅ៤០ភាគរយនៃប្រាក់ចំណូលប្តីប្រពន្ធ ឬសង្សារ(ចុះសំបុត្ររៀបការ)ក៏អាចធ្វើបាន វានឹងជំរុញឲ្យយើងអាចទិញផ្ទះបាន៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here