កត្តាអ្វី កំពុងជំរុញឲ្យសន្ទុះអភិវឌ្ឍន៍ដីធ្លី និងលំនៅឋាន​ តាមបណ្តោយផ្លូវជាតិលេខ៣ 

0
675

គម្រោងផ្លូវជាតិលេខ៣ពីភ្នំពេញឆ្ពោះទៅខេត្តកំពត កំពុងមានបើការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណត់ផ្លូវប្រវែងជាង ១៣៤គីឡូម៉ែត្រ យ៉ាងសកម្មក្រោយពីទទួលបានជំនួញចិនប្រមាណ៣០០លានដុល្លារអាមេរិក។ ការពង្រីកផ្លូវនេះ​កំពុងជំរុញឲ្យសន្ទុះនៃការអភិវឌ្ឍន៍ដីធ្លី លំនៅឋាន និងអចលនទ្រព្យផ្សេងទៀតមានការកើនឡើងខ្លាំង។

ទីតាំងនៃការពង្រីកផ្លូវនេះ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

ជាការពិតណាស់សព្វថ្ងៃនេះ គម្រោងអភិវឌ្ឍន៍ដីធ្លី មានពុះដីឡូត៍ ដីជួលសម្រាប់រោងចក្រ ឃ្លាំង និងលំនៅឋានកំពុងតែមានសន្ទុះខ្លាំងតាមបណ្តោយផ្លូវជាតិលេខ៣។ ត្រង់ចំណុចនេះ កត្តាពង្រីកផ្លូវ ជាគន្លឹះសំខាន់ជំរុញឲ្យអចលនទ្រព្យឡើងថ្លៃ និងមានការអភិវឌ្ឍន៍លឿន។

លោកស្រីគ្រេស រចនី ហ្វុង នាយិការក្រុមហ៊ុន Century 21 យល់ថា «តំបន់ផ្លូវជាតិលេខ៣ ជាតំបន់អភិវឌ្ឍន៍ថ្មី​ បន្ទាប់ពីផ្លូវជាតិលេខ៤ ព្រោះទិសដៅនេះខ្សែចរន្តតភ្ជាប់ទៅខេត្តកែប និងកំពត ដែលជាការហៀចេញពីការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុបច្ចុប្បន្ន»។

លោកស្រីបានបន្តថា ទាក់ទិននិងការអភិវឌ្ឍន៍នៅលើផ្លូវជាតិនេះ អាចជាតំបន់រមណីយដ្ឋាន ឬផ្ទះសម្រាប់លំហែកាយ ដោយសារតែបរិយាកាសផ្លូវជាតិលេខ ៣មានផាកសុខភាពល្អ អំណោយផលល្អ បន្ទាប់ពីពួកគាត់ ដើរលែងកម្សាន្តនៅតំបន់ខេត្តកំពត និងខេត្តកែបរួចមក។ ជាពិសេសភ្ញៀវទេសអន្តរជាតិ អាចនិងមកស្នាក់នៅច្រើន ក្រោយពីពួកគេទេសចរនៅតំបន់ឆ្នេររួចមក ដូចបុណ្យសមុទ្រជាតិប្រចាំឆ្នាំជាដើម។

ចំណែកលោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service, Co.Ltd  មានប្រសាសន៍ថា ខេត្តកំពតនៅថ្ងៃអនាគតនឹងមានការអភិវឌ្ឍន៍ដូចខេត្តព្រះសីហនុបច្ចុប្បន្នចឹង គ្រាន់តែត្រូវការពេលវេលាមួយសម្រាប់ធ្វើការអភិវឌ្ឍន៍តែប៉ុណ្ណោះ។

ខេត្តកំពតជាតំបន់មានសក្តានុពលខ្លាំង លើការអភិវឌ្ឍន៍ផ្នែកអលចនទ្រព្យ។ អចលនទ្រព្យសាកសមគួរវិនិយោគ មានរមណីដ្ឋានបែបកម្សាន្ត កំពង់ផែទឹកទំនិញ សំណង់អគារ ហើយក៏អាចវិនិយោគលើវិស័យកសិកម្មផងដែរ។

«សម្រាប់តម្លៃដីធ្លីវិញ អាចឡើងថ្លៃទៅតាមតំបន់អភិវឌ្ឍន៍សំខាន់ៗ ជាប់ទៅនិងរោងចក្រ និងឃ្លាំងផ្ទុកទំនិញ ជាពិសេសក្បែរតំបន់ទេសចរណ៍ជាតិ» បើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីហ្វុង។

សូមបញ្ជាក់ថាផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់មួយរបស់កម្ពុជាក្នុងការដឹកជញ្ចូនទំនិញទៅកំពង់ផែទឹកជ្រៅនៅពេលអនាគតដ៏ខ្លីខាងមុននេះ ស្របពេលខេត្តកំពតគ្រោងសាងសង់កំពង់ផែទឹកជ្រៅដែលមានសមត្ថភាពអនុញ្ញាឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញពី១ម៉ឺនតោន ដល់៣ម៉ឺនតោន អាចចូលចត​ផ្ទេរ និងផ្ទុកទំនិញបាន៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here