ខ្យល់ពុលមួយប្រ៉ាវនៅថៃ បានដៃឡានម៉ូតូអគ្គីសនីលក់បញ្ចុះតម្លៃ ដណ្តើមទីផ្សារពីឡានម៉ូតូប្រើសាំង

0
1412

ថ្មីៗនេះរដ្ឋាភិបាលថៃលោកប្រាយុទ្ធ ចាន់អ៊ូចា បានដាក់បន្ទុកនៃដើមចម ដែលបង្កើតជាឧស្ម័នពុលនាទីក្រុងបាងកកយ៉ាងធ្ងន់ធ្ងរថា បណ្តាលមកពីរថយន្តប្រើប្រេងម៉ាសូតនៅក្នុងប្រទេសថៃ ដែលប្រភេទនៃរថយន្តទាំងនេះបញ្ចេញជាតិពុលច្រើនបំផុតទៅក្នុងបរិយាកាស ដែលនាំអោយប្រជាជនរស់នៅក្នុងទីក្រុងបាងកក ទទួលរងនូវឥទ្ធិពលផ្សែងពុលទាំងនោះផងដែរ។

នាយករដ្ឋមន្រ្តីថៃ បានចេញសេចក្តីប្រកាសមួយ ឈប់អោយប្រជាជនខ្លួនប្រើប្រាស់រថយន្តប្រើប្រេងម៉ាស៊ូតទៀត នៅក្នុងទីក្រុងបាងកក ដែលសេចក្តីប្រកាសនេះ វានាំអោយរថយន្តប្រើប្រេងម៉ាសូតមួយចំនួនធំ នៅក្នុងប្រទេសថៃត្រូវបាត់បង់ទីផ្សារជាបណ្តើរ នៅក្នុងប្រទេសថៃ។

ស្របពេលគ្នានេះ ម៉ូតូអគ្គីសនីតូចធំស្រាប់តែនាំគ្នាដាក់តាំងពិរព័រណ៌ជាលើកដំបូង ជាមួយការលក់បញ្ចុះតម្លៃ ចំពេលដែលខ្យល់កំពុងតែពុលពេញក្រុងបាងកក ចំណែកឯរដ្ឋាភិបាលក៏បានសម្រេចកាត់បន្ថយពន្ធលើយានយន្តដែលប្រើអគ្គីសនីទាំងអស់ ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅថៃដូចជា DTAC កំពុងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននាំចូលនិងចែកចាយឡានអគ្គីសនីផ្សេងៗក្នុងការរៀបចំម៉ាស៊ីននិងប្រព័ន្ធទូទាត់លុយពីឡានម៉ូតូអគ្គីសនីនៅតាមស្ថានីយ៍សាកអាគុយក្នុងប្រទេសថៃ ដើម្បីជម្រុញស្ថានីយ៍សាកអាគុយឲ្យមានកាន់តែច្រើននៅថៃ ។

កាលពីខែមុននេះ Bangkok Post បានចុះផ្សាយថា​ ថៃកំពុងតែរៀបចំលើការវិនិយោគជាមួយឡានកូនកាត់និងឡានអគ្គីសនីដោយមិនបាច់យកពន្ធសាជីវកម្មរយៈពេលចាប់ពី ៥ ដល់ ៨ ឆ្នាំ ព្រមទាំងលើកលែងពន្ធសម្រាប់ម្ចាស់រថយន្តផងដែរ ។

ក្រុមហ៊ុនឡានជប៉ុនចំនួន ៨ បានសម្រេចចូលរួមក្នុងគម្រោងឡានអគ្គីសនីនិងឡានកូនកាត់នេះរួចជាស្រេច រួមមានToyota, Honda, Nissan, Mazda និង Suzuki ជាពិសេស Toyota គឺក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្តខ្ពស់បំផុត ។

រដ្ឋាភិបាលថៃមានចក្ខុវិស័យចង់ឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលឡានអគ្គីសនីនៅលើពិភពលោក និងចង់ឃើញឡានអគ្គីសនី ១.២ លានគ្រឿង ព្រមទាំងស្ថានីយ៍សាកអាគុយ ៦៩០ កន្លែងក្នុងប្រទេសនៅឆ្នាំ ២០៣៦ ។

ស្របពេលដែលកំពុងមានខ្យល់ពុលនេះ នៅកម្មវិធីពិព័រណ៌ម៉ូតូអគ្គីសនីលើកដំបូង Thailand Mobile Expo ក៏ចាប់ផ្តើមមានអ្នកកុម្ម៉ង់ម៉ូតូអគ្គីសនីក្នុងកម្មវិធី ២០០ គ្រឿងរួចមកហើយ ជាមួយការលក់បញ្ចុះតម្លៃ ៣ ម៉ឺនបាត (ប្រហែល ៩៥០) ដុល្លារក្នុងមួយគ្រឿង ។

គួរបញ្ជាក់ថា ថៃរកឃើញដំណោះស្រាយដើម្បីទប់ទល់ខ្យល់ពុលតាមរយៈការលាងសម្អាតផ្សែងពុលចេញពីរថយន្តប្រើសាំងនិងម៉ាសូត ជំនួសដោយការប្រើឡានម៉ូតូអគ្គីសនី និងបង្កើតគោលនយោបាយលើកទឹកចិត្ត ដើម្បីជម្រុញឡានអគ្គីសនី ១០០% ឲ្យមានវត្តមានលើផ្លូវថ្នល់ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here