សហគ្រិនជោគជ័យមិនដែលទុក Plan B ជាយុទ្ធសាស្រ្តផ្លូវក្រោយទេ

0
877

 

សហគ្រិនរកស៊ីបរាជ័យជាច្រើន មានទម្លាប់ត្រៀមខ្លួនជានិច្ចក្នុងការរត់ចោលទីលានប្រយុទ្ធក្នុងអាជីវកម្ម។ ពួកគាត់ច្រើនចាប់ផ្តើមរកស៊ីដោយដាក់គោលដៅធំបំផុតគឺប្រាក់ចំនេញ មុខមាត់ ប្រការដែលសំខាន់គឺ គាត់ចាប់អាជីវកម្មតាមតែអ្វីដែលគាត់បានឃើញក្នុងពេលបច្ចុប្បន្ន ជាហេតុនាំអោយគាត់ក្លាយជាសហគ្រិនដែលរកស៊ីមិនច្បាស់លាស់ និងគ្មានគោលដៅ។

កត្តាចាប់ផ្តើមអាជីវកម្មដោយគ្មានភាពច្បាស់លាស់នេះហើយ​  ជាដើមចមធ្វើអោយគាត់ភ័យរកស៊ីខាត  រកស៊ីទៅមិនជោគជ័យ មិនទទួកបានប្រាក់ចំនេញដូចការគ្រោងទុក ទើមបង្ខំចិត្តត្រៀមលក្ខណះទុកជាមុន បង្កើតអាជីវកម្មផ្សេងទៀតការពារពេលអាជីវកម្មមួយបរាជ័យ  យ៉ាងហោចណាស់ក៏នៅសល់អាជីវកម្មមួយទៀតដែរ។

សហគ្រិនវ័យក្មេង លោក ធុល រិទ្ធី ស្ថាបនិក Small World Ventures មានដើមកំណើតចេញពីត្រកូលកសិករមកពីខេត្តកណ្ដាល ដែលមានទម្លាប់ស្លៀកពាក់សាមញ្ញ ចូលចិត្តធាក់កង់ដើរកម្សាន្ត និងធ្វើការងារលក្ខណះឯករាជ្យ និងជាការងារដែលគាត់ស្រលាញ់ពេញចិត្តបានមានប្រសាសន៍ថា ៖ អ្នកដែលចង់ក្លាយខ្លួនជាសហគ្រិនរកសីជោគជ័យ និងជាមនុស្សធ្វើការងារជោគជ័យ ត្រូវតែជាមនុស្សដែលគ្មានទម្លាប់បង្កើតគម្រោងការទី២ ឬយើងហៅថា Plan B នៅជាប់ខ្លួននោះទេ ។

គាត់បានពន្យល់ប្រាប់ថា នៅពេលដែលយើងបង្កើត​ Plan B គឺមានន័យថា យើងកំពុងតែធ្វើការងារមួយដែលគ្មានការតាំងចិត្តថានឹងជម្នះឧបសគ្គ តសូសម្រេចគោលដៅឡើយ ។ កាន់តែអាក្រក់ជាងនេះ នៅពេលដែលការងារឬអាជីវកម្មជួបបញ្ហាអ្វីមួយ អ្នកនឹងមិនចំណាយពេលរិះគិតរកវិធីដោះស្រាយបញ្ហាធ្វើឧ្យអាជីវកម្មបន្តដំនើរទៅមុខទៀតនោះទេ ផ្ទុយទៅវិញ អ្នកនឹងត្រៀមលក្ខណះបោះបង់អាជីវកម្ម រត់ទៅរកអាជីវកម្មដែលអ្នកត្រៀមទុកវិញ ។

សំណួរដែលអ្នកត្រូវសួរខ្លួនឯងនោះគឺ តើអាជីវកម្មណា ក្រុមហ៊ុនណា ឬការងារអ្វីដែលមិនជួបបញ្ហានោះ ? ជាងនេះទៅទៀត ប្រសិនបើអាជីវកម្មទី១ អ្នកកំពុងចាប់ផ្ដើមដំណើរការ អ្នកទៅបង្កើតអាជីវកម្មទី២​  ត្រៀមការពារអាជីវកម្មទី១បរាជ័យ ឬមានបញ្ហាអ្នកនឹងរត់ទៅរកអាជីវកម្មទី២តែម្ដង នៅពេលអាជីវកម្មទី២របស់អ្នកកំពុងដំណើរការ អ្នកនឹងទៅបង្កើតអាជីកម្មទី៣ ត្រៀមស្រោចស្រង់ប្រសិនបើអាជីវកម្មទី២បរាជ័យ ។ ចុះបើអាជីវកម្មទី២បរាជ័យ ឬមានបញ្ហាពិតមែន  អ្នកនឹងរត់ទៅរកអាជីវកម្មទី៣ ទី៤ ទី៥  ទី៦បន្ថែមទៀតមែនទេ?

អាជីវកម្មមួយ​ ទម្រាំលេចចេញជារូបរាង​និងចាប់ផ្រើមដំណើរការល្អ គេចំនាយពេលយ៉ាងតិចណាស់ក៏ ៣ឆ្នាំ ទៅ ៥ឆ្នាំដែរ។  តើអ្នកមានពេលវេលា ៥ឆ្នាំប៉ុន្មានដង  លុយសម្រាប់ខាតច្រើនប៉ុន្មានដែរទៅ? អ្នកដែលជោគជ័យគឺជាអ្នកដែលតស៊ូជម្នះនឹងបញ្ហា ដើម្បីសម្រេចក្តីស្រមៃ ឫ​ គោលដៅក្នុងជីវិតពេលជួបបញ្ហាគេនិយាយតែពីដំណោះស្រាយប៉ុណ្ណោះ គេមិននិយាយពីការត្រៀមខ្លួនរត់ចោលទីលានប្រយុទ្ធនោះឡើយ។​

សម្រាប់អ្នកធ្វើការងារអោយគេក៏ដូចគ្នាដែរ ចាប់ផ្តើមកាន់ការងារ ឫតួនាទីណាមួយ ហើយអ្នកត្រូវតែដាក់ចិត្តដាក់កាយធ្វើអោយអស់ពីលទ្ធភាព កុំគ្រាន់តែជួបបញ្ហាអ្វីបន្តិចបន្ទួច ហើយរត់ចោលក្រុមហ៊ុនអោយសោះ។​  អ្នកគ្មានពេលច្រើនពេកទេក្នុងការស្វែងរកទៅរកការងារថ្មី ហើយក៏មិនអាចក្លាយជាបុគ្គលិកឆ្នើមបានដែរ បើអ្នកនៅតែមានទម្លាំធ្វើការងារធម្មតាដូចគេដូចឯង ហើយគិតតែត្រៀមជើងរត់នោះ។

លោក ធុល រិទ្ធី បន្ថែមទៀតថា​៖ រកស៊ីមិនខុសពីដុតទូកចោលអោយខ្លួនឯងជាប់នៅលើកោះទេ ពេលហ្នឹងយើងត្រូវចេះរកត្រី រៀនដោះស្រាយបញ្ហា ហើយវាក៏អាចបង្កគ្រោះថ្នាក់ផងដែរ ប្រសិនបើ សមាជិកណាមួយមិនមានការតស៊ូ ព្យាយាមគ្រប់គ្រាន់ តែសម្រាប់ខ្ញុំ ពេលហ្នឹងខ្ញុំអត់ខ្វល់ទេ ព្រោះខ្ញុំទុកចិត្តខ្លួនឯងថា វានិងជោគជ័យ បើអ្នកណាមិនទៅក៏ត្រូវតែទៅអោយដល់គោលដៅដែរ ។

ខ្ញុំសូមលើកឧទាហរណ៍ពីសហគ្រិនដែលជោគជ័យវ័យចំនាស់ម្នាក់ ដែលមានការតស៊ូក្នុងជីវិតយ៉ាងខ្លាំងក្លា ជាពិសេសគាត់បានតស៊ូក្នុងអាជីវកម្មអស់ពេលជាច្រើនឆ្នាំ បរាជ័យរហូតដល់ទៅ ១០០៩ដងឯណោះ ប៉ុន្តែគាត់នៅតែមិនបោះបង់ក្តីស្រមៃ នៅតែមិនបង្កើតផ្លូវក្រោយអោយខ្លួនឯង តស៊ូជម្នះរហូតដល់ទីបំផុតទើបជោគជ័យក្លាយជាសសេដ្ឋីនៅវ័យ៦៥។  លោកតាម្នាក់នោះគឺ Colonel Sander ស្ថាបនិកក្រុមហ៊ុនលក់សាច់មាន់បំពង KFC ដែលយើងទាំងអស់គ្នាស្គាល់ស្ទើរគ្រប់គ្នា និងជាភោជនីយ៍ដ្ឋានដ៏ល្បីល្បាញ មនប្រជាប្រិយភាពខ្លាំងបំផុតណៅទូទាំងពិភពលោក។

Colonel Sander កើតមកតាំងពីក្មេងមិនមានសំណាងដូចក្មេងៗដទៃនោះទេ ក៏ព្រោះតែឪពុកស្លាប់ចោលពេលលោកនៅក្មេង ហើយលោកបានជំទាស់ម្ដាយខ្លួនឯងមិនឧ្យយកប្ដីថ្មី រហូតសំរេចចិត្តចាកចេញពីផ្ទះទាំងក្មេងខ្ចី។

នៅឆ្នាំ ១៩៣០ លោកក៏បានបើកអាជីវកម្មលក់សាច់មាន់តូចមួយ បន្ទាប់មកនៅឆ្នាំ ១៩៣៩ លោកក៏បានឆ្នៃប្រឌិតបង្កើតបាននូវរូបមន្តមាន់បំពងដ៏សម្ងាត់មួយ។ ដោយសារចង់បង្ហាញនូវស្នាដៃ និងចង់ឧ្យអាជីវកម្មជោគជ័យ លោកក៏បានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ពីភោជនីដ្ឋានមួយទៅភោជនីដ្ឋានមួយទៀតនៅក្នុងតំបន់ ដើម្បីបង្ហាញពីរូបមន្តសាច់មាន់បំពង និងរសជាតិថ្មីរបស់លោក។ ប៉ុន្តែលទ្ធផលនៃការបង្ហាញស្នាដៃរបស់គាត់ គឺទទួលបរាជ័យរហូត តែអ្វីដែលពិសេសនោះ គឺលោកមិនបោះបង់ក្ដីសុបិន្តខ្លួនឯងឡើយ នៅតែបន្តរកនូវអ្វីដែលថ្មីៗ សម្រាប់អភិវឌ្ឍន៍រូបមន្តថ្មីនេះ។

ទោះបីមានរូបមន្តថ្មីក៏ដោយ បន្ទាប់ពីឧ្យគេភ្លក់រសជាតិហើយក៏នៅតែគ្មាននរណាម្នាក់ទទួលយកការច្នៃប្រឌិតរបស់គាត់ដែរ។ វាពិតជាការតស៊ូមិនចុះចាញ់ មិនរុញរាមែន ដោយសារតែកការធ្វើបែបនេះ គេបានបដិសេធគាត់រហូតដល់ទៅ១០០៩ដងឯណោះ ។ បើគ្មានចិត្តតស៊ូ ស្គាល់ច្បាស់នូវផលិផលរបស់ខ្លួននោះទេ ប្រហែលជាលោកបោះបង់ចោលនូវគំនិតថ្មីនេះបាត់ទៅហើយ។

ដោយសារតែការតស៊ូមិនបោះបង់នូវរឿងដែលខ្លួនឯងគិតថាអាចទៅរួច និងជំនឿចិត្តលើខ្លួនឯង ទើបធ្វើឧ្យលោកសម្រេចក្ដីស្រមៃ ជោគជ័យក្នុងការធ្វើអាជីវកម្មមាន់បំពងនេះ និងបានលក់ចែកជាយ Franchise ពង្រីកសាខាជាង២ម៉ឺនកន្លែងល្បីល្បាញទូទាំងពិភពលោក ។

ដកស្រង់ពីសៀវភៅ៖ ” ត្រៀមចេញរកស៊ីអោយចំគោលដៅ”  តម្លៃ ១០$ ( ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ )

LEAVE A REPLY

Please enter your comment!
Please enter your name here