សន សៀប៖ ទិញដីដូចទិញត្រីនៅផ្សារ ដូចនេះត្រូវ ជ្រើសរើសទិញដីឲ្យបានត្រឹមត្រូវ

0
2802

បច្ចុប្បន្នអ្នកទិញលក់ដីក្នុងស្រុកមួយចំនួនធំ កំពុងប្រឈមនឹងនិន្នាការនិងទំនោទិញដីតាមការបំប៉ោងរបស់ទីផ្សារ ដោយសារតែបញ្ហានេះ បានធ្វើឲ្យសង្គមចោទជាសំណួរថា តើការផ្អើលទិញដីតាមគ្នាបែបនេះមានហានិភ័យដែរឬទេ?

លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co.,  Ltd.  និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានធ្លាប់ប្រាប់ Business Cambodia ថា ការទិញដីដូចជាយើងទិញត្រីនៅផ្សារអញ្ចឹង គឺយើងត្រូវតែចេះរើសនិងពូកែស្វែងរករបស់ល្អតែតម្លៃថោកបំផុត។

លោកបានបន្តថា មុននឹងទិញ យើងត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាយើងទិញដីនៅទីនោះ? ដោយសារតែវាមានតំលៃថោកឬទិញតាមគេ? តើពេលណាដែលយើងគ្រោងនឹងលក់? ដើមទុនគឺជាប្រាក់សន្សំ ឬប្រាក់កម្ចី? លើសពីនេះទៀតក៏នៅមានកត្តាជាច្រើន ដែលយើងត្រូវពិចារណាបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោកក៏ បានបង្ហាញនូវគន្លឹះ ដើម្បី​ធ្វើការវាយតម្លៃអចលនទ្រព្យ ដោយខ្លួនឯង ក្នុងនោះមាន៤ចំណុច៖

១. ធ្វើការប្រៀបធៀបប្រៀបធៀប

នេះគឺជាវិធីសាស្រ្តងាយស្រួលបំផុតដើម្បីវាយតម្លៃអចលនទ្រព្យ ដោយអ្នកគ្រាន់តែប្រៀប ធៀប តម្លៃអចលនទ្រព្យដែលនៅនៅក្បែរនោះ ហើយយកមកវិភាគថាខុសត្រូវគ្នាប៉ុន្មានតែប៉ុណ្ណោះ។

២. អចលនទ្រព្យនោះ អាចវិនិយោគបែបណាបាន

អ្នកត្រូវដឹងថា ប្រសិនបើអ្នកវិនិយោគ តើអចលនទ្រព្យនោះ នឹងអាចយកធ្វើអ្វីបាន។ យើងអាចគិតថា វា អាចរកចំណូលពីការជួលបានដែរឬទេ? ឬបានត្រឹមទុកសម្រាប់ឡើងថ្លៃ។ ដើម្បីវិភាគរកអត្រា នៃ ការកើនឡើងនៃតម្លៃអចលនទ្រព្យ យើងត្រូវសិក្សាពីអត្រានៃការកើន ឡើងតម្លៃ អចលនជាមធ្យម របស់អចលនទ្រព្យក្នុងតំបន់នោះ ហើយយកមកប្រៀបធៀបនឹងអចលនទ្រព្យរបស់ខ្លួន។ បន្ទាប់មក គឺយកអត្រាការកើនឡើងនេះមកបូកចំណូលពីការជួលអចលនទ្រព្យជាមធ្យម យើងនឹងរក​ឃើញ​ប្រាក់ចំណូលជាមធ្យមដែលយើងនឹងបានពីការវិនិយោគ។

៣. គិតពីថ្លៃដើម

វិធីសាស្រ្តនេះគឺជារបៀបគណនាតម្លៃអចលនទ្រព្យ ដោយបូកតម្លៃដី និងតម្លៃសំណង់​ដែលបាន​សាង​សង់ ហើយដកនឹងតម្លៃរំលស់នៃសំណង់។ តម្លៃរំលស់នៃសំណង់គឺថា បើអគារកាន់តែ​ចាស់តម្លៃ​រំលស់​នៃសំណង់គឺកាន់តែច្រើន។  វិធីសាស្រ្តនេះអាចជួយអ្នកឲ្យរកឃើញពីតម្លៃពិតនៃដី។

៤.  រូបមន្តវិភាគកាកសំណល់

វាគឺជាវិធីសាស្រ្តដ៏ស្មុគស្មាញមួយ ដែលគេប្រើប្រាស់ដើម្បីយកមកពិចារណា ថាតើគួរតែទិញដីនេះយកមកអភិវឌ្ឍលើគម្រោងណាមួយបានដែរឬទេ។ ឧទាហរណ៍ប្រសិនបើយើងចង់ទិញដីដើម្បីសង់ផ្ទះ ១០ខ្នង ហើយលក់មួយខ្នងៗក្នុងតម្លៃ ១០ ម៉ឺនដុល្លារ បើលក់អស់យើងនឹងបានប្រាក់ចំណូលសរុបចំនួន ១លានដុល្លារ។ យើងត្រូវយកចំណូល ១លានដុល្លានេះ មកដកនឹងចំណាយក្នុងការសាងសង់ទាំងអស់ដែលជាថ្លៃដើម។ លទ្ធផលគឺជាតំលៃដី ឧទាហរណ៏ថាសល់ ១៥ ម៉ឺនដុល្លារ  ហើយបើវាទាបជាងតម្លៃទីផ្សារ គឺមានន័យថាដីនេះយកមកអភិវឌ្ឍជាគម្រោងសង់ផ្ទះ ១០ខ្នង មិនចំណេញទេ។

តែទោះជាយ៉ាងណាប្រសិនបើអ្នក មិនចង់ចំណាយពេលយូរក្នុងការស្ាវជ្រាវ ក្នុងការគិតគួរ អ្នក​គួរតែ​ស្វែងរក ភ្នាក់ងារណា ដែល គួរទុកចិត្តសម្រាប់ការធ្វើការវាយតម្លៃអចលនទ្រព្យរបស់អ្នក។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here