អតីតកូនសិស្សលោកនៅថៃ ប្រកាសប្រមូលទិញស្លឹកគ្រៃមួយថ្ងៃ២តោន ដើម្បីលក់បន្ត និងកែច្នៃ

0
3497

ផ្តើមចេញពីសិស្សម្នាក់នៅក្នុងខេត្តបាត់ដំបងដែលប្រឡងថ្នាក់មធ្យមសិក្សាមិនជាប់ លោក សុំ ឧត្តម បានសម្រេចចិត្តទៅធ្វើជាកូនសិស្សលោកនៅឯប្រទេសថៃក្នុងឆ្នាំ២០១៣ ដើម្បីរៀនពីរបៀបធ្វើកសិកម្ម និងកែច្នៃវត្ថុធាតុដើមផ្សេងៗឱ្យទុកបានយូរ និងមានគុណភាពល្អ។ ប៉ុន្មានឆ្នាំក្រោយមក អតីតកូនសិស្សលោករូបនេះ ក៏បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន ធ្វើជាឈ្មួញកណ្តាល។

របរជាឈ្មួញកណ្តាល ដែលយកកូនឈើហូបផ្លែនៅឯប្រទេសថៃ មកលក់បន្តនៅក្នុងប្រទេសកម្ពុជា លោក សុំ ឧត្តម បានប្រាប់ Business Cambodia យ៉ាងដូច្នេះថា “វាមិនមែនជារឿងលំបាកខ្លាំងនោះទេសម្រាប់ខ្ញុំ ព្រោះខ្ញុំស្គាល់អ្នកជំនាញផ្នែកកសិកម្មជាច្រើននៅឯប្រទេសថៃ ហើយនៅកម្ពុជាវិញ ខ្ញុំក៏បានធ្វើការជាមួយកសិករ និងនៅក្នុងសហគមន៍ផ្សេងៗជាច្រើនផងដែរ”។

ងាកមកមុខរបរថ្មី ជាអ្នកប្រមូលទិញស្លឹកគ្រៃក្នុងខេត្តសៀមរាប ដើម្បីយកមកលក់បន្ត និងគ្រោងកែច្នៃចេញជាប្រេងស្លឹកគ្រៃ តែស្លឹកគ្រៃ និងម្សៅស្លឹកគ្រៃ ដែលអាចទទួលទានបានដូចកាហ្វេផ្សេងៗ អតីតសិស្សប្រឡងធ្លាក់មធ្យមសិក្សារូបនេះ បានលើកឡើងថា “សព្វថ្ងៃនេះ រូបលោកបានប្រមូលទិញស្លឹកគ្រៃពីប្រជាកសិករនៅក្នុងខេត្តសៀមរាប ក្នុងមួយថ្ងៃចន្លោះពី១តោន ទៅដល់២តោន ឯណ្ណោះ”។

ត្បិដអីមុខរបរទិញស្លឹកគ្រៃនេះ ទើបបង្កើតបានរយៈពេលមិនដល់មួយខែ ក៏ប៉ុន្តែវាកំពុងដើរត្រូវនឹងក្តីស្រមៃរបស់គាត់ ដែលចង់ផ្តត់ផ្គង់ស្លឹកគ្រៃនៅទូទាំងប្រទេស ហើយគ្រោងបើកសិប្បកម្មមួយនាពេលអនាគត សម្រាប់ច្នៃស្លឹកគ្រៃឱ្យបានច្រើនប្រភេទដើម្បីធ្វើការនាំចេញ។

សហគ្រិនមានវ័យ៣៤ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្នប្រទេសកម្ពុជាយើង មានផ្ទៃដីដាំស្លឹកគ្រៃច្រើនសម្បើមណាស់ ក៏ប៉ុន្តែទទួលផលច្រើនតែនៅក្នុងខែវស្សាតែប៉ុណ្ណោះ រីឯខែប្រាំងវិញគឺផ្គត់ផ្គង់ទីផ្សារមិនគ្រប់ឡើយ។ មួយវិញទៀត យើងមិនទាន់មានការកែច្នៃវាឱ្យបានច្រើនប្រភេទ ដែលនេះជាហេតុធ្វើឱ្យយើងលក់ចេញមិនសូវបានតម្លៃថ្លៃ។

លោក សុំ ឧត្តម បានសង្កត់ធ្ងន់ដែរថា នៅតាមប្រទេសផ្សេងៗដូចជាជប៉ុន ថៃ អាមេរិកជាដើម ពួកគេបានកែច្នៃស្លឹកគ្រៃជាច្រើនប្រភេទរួចមកហើយ បើទោះបីជាពួកគេមានផ្ទៃដីដាំដុះតិចតួចក៏ដោយ ដូច្នេះ លោកយល់ឃើញថា ប្រសិនជាប្រទេសកម្ពុជាយើង អាចកែច្នៃស្លឹកគ្រៃបានច្រើនប្រភេទនោះ យើងនឹងអាចនាំវាទៅលក់នៅឯក្រៅប្រទេស ហើយបណ្តាប្រទេសទាំងអស់នោះ មិនអាចផ្តួលយើងបានឡើយ។

សូមបញ្ជាក់ថា លោក សុំ ឧត្តម កំពុងតែរិះរកវិធីធ្វើដើម្បីកែច្នៃស្លឹកគ្រៃឱ្យបានច្រើនប្រភេទនាពេលអនាគត ហើយលោកក៏ត្រូវការអ្នកវិនិយោគដើម្បីបង្កើតសិប្បកម្មមួយផងដែរ។ ដោយឡែក សម្រាប់បងប្អូន ដែលចង់វិនិយោគ ឬក៏លក់ស្លឹកគ្រៃឱ្យគាត់ អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 0966063266 📲092792829 📲0976007797 ៕

អត្ថបទដោយ៖ ម៉េង សុងលី (Start up Editor)

LEAVE A REPLY

Please enter your comment!
Please enter your name here