លក់ iPhone សេរ៊ីថ្មីលែងដាច់ Apple ត្រឡប់ទៅលក់ iPhone ចាស់ៗ បញ្ចុះតម្លៃព្រោងព្រាត ស្រង់ដើមវិញ

0
40711

បន្ទាប់ការលក់ iPhone សេរ៊ីថ្មីៗរួមមាន iPhone Xs និង Xs Max បានដាំក្បាលចុះជាទម្ងន់ ពេលនេះ Apple សម្រេចចិត្តដូរយុទ្ធសាស្ត្រមកលក់ iPhone ចាស់ៗឡើងវិញ ជាមួយការបញ្ចុះតម្លៃព្រោងព្រាត ចាត់ទុកជាការស្រង់ដើមឡើងវិញ ។

នាយកប្រតិបត្តិលោក Tim Cook កំពុងស្នើសុំឲ្យក្រុមការងាររកប្រភពចំណូលផ្សេងដើម្បីបង្កើតលុយរបស់ Apple ឡើងវិញ ក្នុងនោះ Apple មើលឃើញថា iPhone X ជាមុខព្រួញសំខាន់ដើម្បីស្តារទីផ្សារម្តងទៀត ។

ប្រភពពីទស្សនាវដ្តី Forbes ចុះផ្សាយថា វាដូចគ្នាទៅនឹងឈុត iPhone X ដែលចេញលក់ពីដំបូងដដែល ប៉ុន្តែ iPhone X ដែលចេញមុខជាថ្មីនេះ នឹងនាំមកនៅលក្ខខណ្ឌកាន់តែពិសេស ។ iPhone X ទំហំ ៦៤ ជីហ្កាបៃ នឹងដាក់លក់បញ្ចុះតម្លៃ ១៣០ ដុល្លារពីតម្លៃដើមនៅហាងគ្រប់ Apple មានន័យថា Apple ចង់លក់វាលាងឃ្លាំងតែម្តង ។

ក្បូនលក់របៀបនេះមិនមែនជារឿងថ្មីទេសម្រាប់ Apple ក្នុងការយក iPhone ចាស់ៗដែលសម្រេចថាឈប់ផលិតហើយ មកលក់ម្តងទៀត ។​ ជាក់ស្តែង Apple ធ្លាប់យក iPhone SE មកលក់ម្តងទៀត ជាមួយតម្លៃថ្មី និងដំឡើងសមត្ថភាពម៉ាស៊ីនគ្រាន់បើជាងមុន ។ ហើយបើមើលតាមដំណើររបស់ Apple មិនយូរទេ iPhone Xs និង Xs Max ដែលលក់ថ្លៃកប់ក្តោងសព្វថ្ងៃនេះ ច្បាស់ជាត្រូវគេដាក់លក់លាងឃ្លាំងម្តងទៀត នៅពេល iPhone ជំនាន់ថ្មីចេញលក់បានមួយប្រ៉ាវ ។

គួរបញ្ជាក់ថា ឆ្នាំនេះស្មាតហ្វូនចិនកំពុងដណ្តើមទីផ្សារពី Apple ច្រើនមែនទែន ខណៈដែលកាលពីចុងឆ្នាំមុននេះ Apple បានដឹក iPhone ទៅចិនប្រមាណ ១០.៩ លានគ្រឿង ធ្លាក់ចុះ ២២% ឬធ្លាក់ពី ១៤ លានគ្រឿងកាលពីឆ្នាំ ២០១៧ កន្លងទៅ ។ នេះក៏ដោយសារ ស្មាតហ្វូនចិនបានព្រួតដៃគ្នា និងបានទម្លាក់ iPhone មកនៅលំដាប់លេខ ៥ ក្នុងទីផ្សារចិន គួបផ្សំជាមួយរឿងសង្រ្គាមពាណិជ្ជកម្មអាមេរិកចិន ដែលបានយកក្រុមហ៊ុនធំៗដូចជា Apple និង Huawei ធ្វើជាចំណាប់ខ្មាំង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here