សេដ្ឋីអចលនទ្រព្យអាមេរិក៖ ចប់វិទ្យាល័យ ឬសាកលវិទ្យាល័យ ចូរចុះហាត់ការ កុំទាន់ខ្វល់ពីលុយ

0
447

លោក​ Sidney Terres ជាអតីត សិស្សបោះបង់ការសិក្សា តែបច្ចុប្បន្ននេះ​ លោកជាសេដ្ឋីជោគជ័យក្នុងការរកស៊ីលើវិស័យអចលនទ្រព្យគួរឲ្យកត់សម្គាល់។ កាលពីពេលថ្មីៗនេះ លោកបានផ្ដល់បទសម្ភាសន៍ជាមួយព័ត៌មាន CNBC ហើយលោកក៏បានផ្ដល់ដំបូន្មានដល់យុវជនជំនាន់ក្រោយថា ពេលរៀនចប់វិទ្យាល័យ ឬ សាកលវិទ្យាល័យ យុវជនគួរផ្ដោតលើការងារជា លក្ខណៈចុះហាត់ការ(internship) ហើយសូមកុំទាន់ខ្វល់ពីរឿងលុយ។

លោកបានលើកឡើងថា ធ្វើអ្វីៗ មនុស្សគ្រប់រូបគួរចាប់ផ្ដើមពីបាតក្រោមជាមុនសិន ពោលគឺចាប់ផ្ដើមពីតូចទៅធំ។ លោកក៏បានសង្កត់ធ្ងន់ថា នៅពេលអ្នកចាប់ផ្ដើមប្រឡូកក្នុងការងារជាលើកដំបូង មិនថាលោកអ្នកទើបចប់វិទ្យាល័យ ឬសាកលវិទ្យាល័យនោះទេ អ្នកគួរចាប់ផ្ដើមការងារជាលក្ខណៈចុះហាត់ការ នៅវិស័យ ការងារណាដែលអ្នកពេញចិត្ត ហើយសូមកុំបារម្ភថាតើអ្នកទទួលបាន ចំណូលតិចឬច្រើន ព្រោះនេះជាការចាប់ផ្ដើមដំបូង។

លោក បានលើកយកបទពិសោធន៍របស់លោក ជាក់ស្ដែងមកនិយាយ ដោយលោកឲ្យដឹងថា លោកបានបោះបង់ការសិក្សាថ្នាក់វិទ្យាល័យ ហើយមួយខែក្រោយមក ក៏ឈោងចាប់អាជីពខាងវិស័យតន្ត្រីដែលជាការចាប់ផ្ដើមពីបាទក្រោមទៅគឺលោក ធ្វើការនៅស្ថានីយន៍ វិទ្យុមួយនៅ ទីក្រុង Baton Rouge សហរដ្ឋអាមេរិក។ វាជាទ្វារដំបូងដ៏ល្អមួយ ហើយលោកមានឱកាសធ្វើការជាជំនួយការផ្ទាល់របស់ លោក Lenny Kravitz អ្នកនិពន្ធ និងតារាចម្រៀងអាមេរិក។

យ៉ាងណាមិញ លោក ត្រូវបាន លោក Lenny Kravitz បណ្ដេញចេញពីការងារ ហើយនៅពេលនោះ ទើបលោកដឹងថា លោកមិនមានចំណងចំណូលចិត្តការងារ ខាងវិស័យតន្រ្តីនោះទេ។ បន្ទាប់ពីត្រូវបានគេបណ្ដេញចេញពីការងារ លោកក៏បានចាប់យកឱកាសការងារមួយទៀត​ នៅក្នុងក្រុមហ៊ុនសាងសង់មួយ ជាការងារលក្ខណៈហាត់ការ ដែលទទួលបានប្រាក់ខែតិចតួចបំផុត។ ធ្វើការនៅក្នុងក្រុមហ៊ុនសាងសង់នេះ លោកពិតជាពេញចិត្តនឹងការងារនេះណាស់ ហើយលោកកាន់តែចាប់អារម្មណ៍លើវិស័យអចលនទ្រព្យកាន់តែខ្លាំង។ ដោយការខិតខំប្រឹងប្រែង ជាមួយនឹងការងារ​ដែលលោកពេញចិត្ត នោះធ្វើឲ្យលោក ឈានដល់ បង្កើតក្រុមហ៊ុន អចលនទ្រព្យមួយ ហើយចាប់តាំងពីពេលនោះមក លោកក៏បាន អភិវឌ្ឍ​ អចលនទ្រព្យ ខាងផ្ទះពាណិជ្ជកម្ម នឹងផ្ទះស្នាក់នៅ ដែលមានតម្លៃ ២៥០លានដុល្លារអាមេរិក។

លោក Sidney Torres បានលើកឡើងថា ការធ្វើការងារ ជាលក្ខណៈចុះហាត់ការពិតជា មានសារសំខាន់ណាស់ព្រោះ វាជាការធ្វើតេស្ដពីចំណងចំណូលចិត្តការងាររបស់អ្នក ជាឱកាសក្នុងការបង្កើតបណ្ដាញ ទទួលបានបទពិសោធន៍បង្កើតទំនុកចិត្តលើការងារអ្នក។ លោកក៏បានបន្ថែមថា បើអ្នកនៅក្មេងនោះអ្នកមានពេលវេលាច្រើន ក្នុងការរៀនសូត្រ និងក្រេបយកបទពិសោធន៍ជាច្រើន។ នៅពេលដែលអ្នកចូលធ្វើការជាលើកដំបូង អ្នកត្រូវធ្វើការដើម្បីរៀនពីបែបបទនៃការធ្វើការ រៀនពីការងារឲ្យបានច្រើន។ លោកក៏បានបន្ថែមថា បើអ្នកចូលធ្វើការដំបូង ហើយធ្វើការសំឡឹងឃើញលុយនោះអ្នកនឹងមិនសប្បាយចិត្តនឹងការងារ របស់អ្នកនោះទេ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here