អ៊ុក វណ្ណដេ៖ សាលាដូងមិនទទួលភ្ញៀវផឹកស្រា និងជក់បារីទេ ទោះបានចំណូលច្រើនក៏ដោយ

0
13124

ស្រុកខ្មែរយើង គួរតែមានកន្លែងកម្សាន្តដែលគ្មានការទទួលទានស្រា និងជក់បារីឱ្យបានកាន់តែច្រើន ប្រសិនបើយើងចង់ឱ្យប្រទេសយើងរីកចម្រើនទៅមុខ។ នេះជាពាក្យមួយឃ្លារបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ដែលបច្ចុប្បន្នមានពីរសាខាស្ថិតនៅកោះដាច់ រាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅលើភ្នំ គីរីរម្យ។

ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ Business Cambodia  ស្ថាបនិកសាលាដូងខាងលើនេះ បានពន្យល់ថា “ប្រជាជនខ្មែរយើងបច្ចុប្បន្នមានអ្នកផឹកស្រា និងជក់បារី លែងល្បែងច្រើនខ្លាំងណាស់ ពិសេសក្មេងៗតែម្តង។ ដូច្នេះ សាលាដូងចង់បង្កើតកន្លែងមួយដែលគ្មានការទទួលទានស្រា និងជក់បារី ទោះបីជារកចំណូលបានច្រើនក៏ដោយ ក៏សាលាដូងមិនទទួលភ្ញៀវដែលមកផឹកស្រា និងជក់បារីនៅក្នុងសាលាដែរ”។

លោកបានបន្តថា “ចាស់ៗលេងល្បែង ផឹកស្រា និងជក់បារីមិនអីទេ ព្រោះគាត់ជិតស្លាប់ហើយ ឱ្យគាត់សប្បាយចុះ តែក្មេងៗដែលជាសរសទ្រូងប្រទេសជាតិនាពេលអនាគត មិនត្រូវឱ្យគាត់ធ្វើរឿងទាំងអស់នេះជាដាច់ខាត”។

លោក អ៊ុក វណ្ណដេ បានបញ្ជាក់ថា “ប្រសិនជាសាលាដូងបើកទទួលភ្ញៀវដែលមកស្នាក់នៅផឹកស្រា និងជក់បារីនោះ សាលាដូងមិនដឹងជាយកលុយទៅណាអស់នោះទេ ព្រោះមានភ្ញៀវចង់មកបោះតង់ ដែលផឹកស្រា និងជក់បារីច្រើនសម្បើមណាស់ ក៏ប៉ុន្តែសាលាដូងមិនទទួលលុយនេះជាដាច់ខាត ពោលគឺសាលាចង់ឱ្យអ្នកដើរកម្សាន្តមានជម្រើសរើស”។

គួរជម្រាបថា សាលាដូងគឺជាស្ថាប័នអប់រំក្រៅប្រព័ន្ធមួយ ដែលបើកទទួលកុមារកំព្រាឱ្យចូលរៀនដោយមិនយកប្រាក់ ក៏ប៉ុន្តែមិន Free នោះទេ ពោលគឺដើម្បីរៀនបានក្មេងៗត្រូវបង់សម្រាមប្រចាំខែ។ សាលាដូងបង្រៀនក្មេងៗអំពីភាសាអង់គ្លេស កំព្យូរទ័រ និងកែច្នៃសម្រាម ហើយនៅពីក្រោយរឿងទាំង៣នេះ ក៏បានបង្រៀនក្មេងៗឱ្យចេះសមាធិអារម្មណ៍ផងដែរ ៕

អត្ថបទដោយ៖ ម៉េង សុងលី (អ្នកនិពន្ធសៀវភៅ៖ ថ្ងៃដែលអ្នកផ្លាស់ប្តូរ ១៨០ ដឺក្រេ) ចេញលក់ឆាប់ៗនេះ……….

LEAVE A REPLY

Please enter your comment!
Please enter your name here