លោក តឹក វណ្ណារ៉ា ជីវិតខ្ញុំមានភាពរីកចំរើនដូចសព្វថ្ងៃគឺដោយសារតែខ្ញុំប្រកាន់ខ្ជាប់នូវ ៣ ចំណុចនេះ

0
422

បើយើងនិយាយពីភាពរីកចំរើន និងភាពជោគជ័យនៅក្នុងជីវិតគឺគ្មាននរណាម្នាក់ដែលមិនចង់បាននោះឡើយ ហើយដើម្បីទទួលបានវាគឺយើងត្រូវលះបង់ពេលវេលា ប្រាក់កាស និងកំលាំងកាយយ៉ាងច្រើនដើម្បីទទួលបាន។ ប៉ុន្តែនៅមានចំណុចតូចៗជាច្រើនទៀតដែលចូលរួមចំណែកធ្វើអោយជីវិតរបស់មនុស្សយើងទទួលបានភាពរីកចំរើននិងជោគជ័យសមដូចបំណងប្រាថ្នា។

បើតាមបទពិសោធន៍របស់លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា NGOs Forum បានបង្ហាញថាជីវិតរបស់លោកមានភាពរីកចំរើន និងទទួលបានជោគជ័យដូចសព្វថ្ងៃនេះគឺដោយសារលោកប្រកាន់ខ្ជាប់នូវ ៣ ចំណុចខាងក្រោមនេះ :

.ការតស៊ូ

ការតស៊ូ គឺជាចំណុចមួយដែលមិនអាចខ្វះបានឡើយដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ហើយភាពតស៊ូនេះហើយដែលអាចជួយជ្រោមជ្រែងអោយយើងអាចយកឈ្នះនូវឧបសគ្គទាំងឡាយដែលកើតមានឡើងចំពោះអ្នក។ ការតស៊ូគឺជួយអោយមនុស្សយើងក្លាយជាបុគ្គលម្នាក់ដែលរឹងមាំ និងអាចយកឈ្នះនូវបញ្ហាផ្សេងៗជាច្រើនដែលប្រឈមមុខ និងអាចជំនះរាល់បញ្ហា ដោយសារតែការតស៊ូមិនបោះបង់នេះឯង។

.ភាពស្មោះត្រង់

ភាពស្មោះត្រង់គឺជាចំណុចខ្លឹមមួយដែលមនុស្សមិនអាចខ្វះបាននៅក្នុងជីវិតរបស់មនុស្សយើង ហើយភាពស្មោះត្រង់នេះហើយដែលធ្វើអោយជីវិតរបស់មនុស្សយើងមានភាពថ្លៃថ្នូរ និងទទួលបានការគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន។ ភាពស្មោះត្រង់គឺជាចំណុចមួយដែលរុញច្រានមនុស្សយើងអោយទទួលបានទំនុកចិត្តពីអ្នកដ៏ទៃ ហើយក៏ជួយអោយជីវិតរបស់យើងមានភាពរីកចំរើនទៅតាមនោះដែរ ។

.រៀនសូត្រជានិច្ច

បើតាមបទពិសោធន៍របស់លោក តឹក វណ្ណារ៉ា លោកបានលើកឡើងថា ទោះបីជាលោករវល់ជាមួយការងារយ៉ាងណាក៏ដោយក៏លោកនៅតែបន្តរ និងខិតខំសិក្សាររៀនសូត្របន្ថែមជានិច្ច ។ លោកក៏បានបញ្ជាក់ផងដែរថាការសិក្សាររៀនសូត្រ គឺមិនចេះចប់នោះឡើយ គឺរៀនហើយរៀនទៀត រៀនមួយជីវិត ដរាបណាការងារយើងនៅតែបន្តរ ជីវិតយើងនៅតែមាននោះការសិក្សារៀនសូត្រ ក៏នៅតែបន្តររហូតដូចគ្នាដែរ​។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here