ឡានតម្លៃទាបខ្ទង់ ២ ម៉ឺនដុល្លារ Mazda 3 2019 ចាប់ផ្តើមមានមុខនៅទីផ្សារអាស៊ីអាគ្នេយ៍បណ្តើរៗហើយ

0
11730

Mazda 3 ជំនាន់ ២០១៩ ដែលទើបដាក់តាំងបង្ហាញនៅកម្មវិធី Los Angeles Auto Show កាលពីចុងឆ្នាំ ២០១៨ កន្លងទៅ ពេលនេះវាចាប់ផ្តើមលេចមុខនៅទីផ្សារអាស៊ីអាគ្នេយ៍យើងហើយ ជាមួយតម្លៃដែលធូរថ្លៃខ្ទង់ ២ ម៉ឺនដុល្លារ ប៉ុន្តែឆ្នាំនេះ Mazda បានដំឡើងសមត្ថភាពម៉ាស៊ីនវាកាន់តែខ្លាំងជាងមុនជាមួយម៉ាស៊ីនប្រភេទ Skyactiv-X និង Skyactiv-G។

នៅទីផ្សារអាមេរិកឯណោះវិញគេបានប្រកាសលក់វាកាលពីខែមករាកន្លងទៅ វាមានពីរប្រភេទគឺពពួក Sedan និងពួកគូទហើម (hatch) ។

ឥឡូវនេះវាបានដាក់តាំងនៅប្រទេសសិង្ហបុរីមុខគេក្នុងកម្មវិធី 2019 Singapore Motorshow មុននឹងវាយលុកចូលទីផ្សារប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍យើង ។

ទាំងពីរជម្រើស Mazda 3 និង Mazda 3 Sport ត្រូវបានចែកជា ៣ កម្រិតផ្សេងៗគ្នាទៅតាមទឹកលុយរបស់អ្នកជិះ ដូចទៅនឹងម៉ូឌែលចាស់ដែរគឺ GX, GS, និង GT។ ម៉ូឌែលគោលគឺ GX មានតម្លៃដើមក្រោម ២០០០០ ដុល្លារ ដែលមានបំពាក់មកជាមួយអេក្រង់ LCD  ៧ អ៊ីញ បំពាក់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងកញ្ចប់តម្លៃប៉ុននេះ Mazda 3 ភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបៗដូចជា សេនស័រចាប់យករូបភាពវត្ថុក្នុងទីងងឹង ប្រព័ន្ធជូនដំណឹងពីចរាចរណ៍នៅខាងក្រោយរថយន្ត ។ តម្លៃខ្ទង់ ១៨០០០ ដុល្លារនេះ ចាត់ទុកថាជាឡានដែលធូរថ្លៃមួយក្នុងចំណោមឡានជប៉ុនផ្សេងទៀតដែលចេញឆ្នាំ ២០១៩ ដូចគ្នា ។

ចំណែក Mazda 3 Sport GX វិញមានតម្លៃ ២១៣០០ ដុល្លារ ថ្លៃជាង Mazda 3 GX ៣៣០០ ដុល្លារ ដែលមានលេខដៃ ៦ លេខលើម៉ាស៊ីនស្តង់ដារ និងម៉ាស៊ីនមួយប្រភេទទៀតមានទំហំ ២.០ លីត្រ មាន ៤ និង ៦ លេខស្វ័យប្រវត្តិ ។

ពពួក GS មានតម្លៃចាប់ពី ២២៧០០ ដុល្លារ មានបំពាក់មុខងារពិសេសមួយចំនួនដូចជាប្រព័ន្ធចែកសីតុណ្ហភាពជាពីរក្នុងឡានតែមួយ បិទបើកភ្លើងមុខនិងប្រដាប់ជូតកញ្ចក់ដោយស្វ័យប្រវត្តិ និងប្រព័ន្ធសុវត្ថិភាព i-Activsense ។ កញ្ចប់មុខងារសុវត្ថិភាពមួយនេះរួមមាន រ៉ាដាមើលប្លង់ជុំវិញឡាន ប្រព័ន្ធហ្វ្រាំងឆ្លាតវៃពេលបើកបរក្នុងក្រុង ប្រព័ន្ធការពារអ្នកថ្មើរជើង ប្រព័ន្ធជាន់ហ្វ្រាំងស្វ័យប្រវត្តិពេលឡានបើកលឿន សេនស័រឲ្យដំណឹងពេលឡានបើកខុសកន្លង និងផែនទីសម្រាប់ធ្វើដំណើរផងដែរ ។

បើតាមសេចក្តីប្រកាសពី Mazda បញ្ជាក់ថា បើធៀបជាមួយម៉ាស៊ីនប្រភេទ Skyactiv-G ទំហំ ២.០ លីត្របំពាក់លើ Mazda 3 ឆ្នាំមុន វាអាចផលិតកម្លាំងបានតែ ១៥៥ សេះប៉ុណ្ណោះ ប៉ុន្តែម៉ាស៊ីន Skyactiv-G ទំហំ ២.៥ លីត្រលើ Mazda 3 ឆ្នាំនេះអាចផលិតកម្លាំងបានដល់ទៅ ១៨៦ សេះឯណោះ ។

បើតាមការលេចឮដំណឹងពីសារព័ត៌មានមួយចំនួនឲ្យដឹងថា ម៉ាស៊ីនប្រភេទ Skyactiv-X មានបំពាក់តែនៅលើម៉ូឌែល GT ប៉ុណ្ណោះ ព្រោះ Mazda 3 GT ជាជម្រើសឡានដែលលឿននិងមានតម្លៃខ្ពស់ជាងម៉ូឌែល GS និង GX បន្តិច ។

គួរបញ្ជាក់ថា បើធៀបកម្លាំងម៉ាស៊ីនរបស់ Mazda 3 ឆ្នាំនេះអាចថាវាជាឡានដែលមានតម្លៃធូរថ្លៃជាងគេ ខណៈដែលក្រុមហ៊ុនជប៉ុនល្បីៗដូចជា Toyota និង Honda បានបញ្ចេញឡានជំនាន់ ២០១៩ របស់ខ្លួនដែលមានម៉ាស៊ីនប្រហាក់ប្រហែលគ្នានេះដែរ ប៉ុន្តែតម្លៃសុទ្ធតែខ្ទង់ ៣ ម៉ឺនដុល្លារ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ topgear / jalopnik

LEAVE A REPLY

Please enter your comment!
Please enter your name here