ពាក្យថាសហគ្រិនកំពុងត្រូវបានគ្រប់គ្នាពេញនិយម និងកំពុងតែព្យាយាមធ្វើខ្លួនឱ្យទៅជាសហគ្រិនជោគជ័យមួយរូប ដោយអ្នកខ្លះទៅសម្លឹងមើលឃើញពីភាពជោគជ័យឬភាពមានបាន មានឱកាសក្លាយទៅជាមហាសេដ្ឋីពាន់លានដុល្លាជាដើម ប៉ុន្តែសម្រាប់សហស្ថាបនិកក្រុមហ៊ុនAlibaba លោក Joe Tsai យល់ឃើញថាសហគ្រិនជាអ្នកដោះស្រាយបញ្ហាសង្គម។
ខណៈពេលដែលអាជីវកម្មបង្កើតថ្មីខាងបច្ចេកវិទ្យាកំពុងតែមានការរីកផុសផុលខ្លាំង លោក Joe Tsai គាត់សង្កេតឃើញថាស្ថាបនិកក្រុមហ៊ុនបង្កើតថ្មីទាំងនោះភាគច្រើនចាប់ផ្ដើមរកស៊ីដោយផ្ដោតទៅលើការបង្កើតជាបច្ចេកវិទ្យាមុន រួចទើបរកបញ្ហាមកដោះស្រាយតាមក្រោយ ហើយគាត់បានលើកឡើងក្នុងព្រឹត្តិការណ៍នៃអាជីវកម្មបង្កើតថ្មីរបស់ក្រុមហ៊ុន Alibaba គឺ Jumpstarterនោះថា៖ “ការពិតទៅ ធ្វើបែបនេះ វាបញ្ច្រាសទៅនឹងរបៀប បង្កើតក្រុមហ៊ុនដែលមានអាយុកាលវែង ប្រកបដោយចីរភាព”។
គាត់បានលើកឡើងពីការរីកចម្រើននៃបរិយាកាសនៃអាជីវកម្មបង្កើតថ្មីថាកំពុងតែកក្រើកនិងរំជើបរំជួល ហើយលោកបានក្រើនរំឮកក្នុងព្រឹត្តិការណ៍ដដែលនោះថា៖ “ក្រុមហ៊ុនដែលអស្ចារ្យនៅលើពិភពលោក ព្យាយាមស្វែងរកបញ្ហាដើម្បីដោះស្រាយ មិនថាវាជាបញ្ហាក្នុងវិស័យជំនួញ ឬក៏បញ្ហានៅក្នុងសង្គមនោះទេ”។
ជាឧទាហរណ៍ជាក់ស្ដែងគាត់បានលើកឡើងពីក្រុមហ៊ុន Alibaba ដោយកាលពី២០ឆ្នាំមុន ក្រុមហ៊ុននេះមិនមែនបង្កើតដោយសារតែមានបច្ចេកវិទ្យាអ៊ីនធឺណេត ឬផ្សារទំនិញអនឡាញដែលគេហៅថា E-Commerce ដែរ តែក្នុងគោលបំណងមួយជួយឱ្យបណ្ដារអាជីវកម្មនៅចិនមានលទ្ធភាពពង្រីកខ្លួននាំចេញលក់ទៅកាន់ពិភពលោក ខណៈដែលពេលនោះវិស័យពាណិជ្ជកម្មត្រូវបានគ្រប់គ្រងលប់លើសដោយសហគ្រាសរបស់រដ្ឋាភិបាល។
ហើយគាត់បញ្ជាក់បន្ថែមទៀតពីការរកស៊ីរបស់ក្រុមហ៊ុន Alibaba ថ្វីត្បិតថាច្រើនមុខច្រើនបែបមែន តែមានបេសកកម្មគោលតែមួយប៉ុណ្ណោះ គឺធ្វើឱ្យងាយស្រួលក្នុងការរកស៊ីបើទោះជានៅកន្លែងណាក៏ដោយ។ សម្រាប់លោក Joe Tsai រឿង៣សំខាន់បំផុតដែលត្រូវគិតមុននឹងចាប់ផ្ដើមអាជីវកម្មគឺ បេសកម្ម ទស្សនៈវិស័យ គុណតម្លៃ។
គូសបញ្ជាក់ថា លោក Joe Tsai ជាសហស្ថាបនិកម្នាក់ក្នុងចំណោម ស្ថាបនិកទាំង១៨របស់ក្រុមហ៊ុនលក់រាយ លក់ដុំទំនិញគ្រប់ប្រភេទនៅលើអ៊ីនធឺណេតគឺ Alibaba ដែលផ្ដួចផ្ដើមគំនិតដោយស្ថាបនិកមាឌល្អិតចិត្តធំលោក Jack Ma ហើយសព្វថ្ងៃ Alibaba មានតម្លៃ៣៩៤ពាន់លានដុល្លា៕
អត្ថបទដោយ៖ ខុន សក្ក័ដា