នៅពីក្រោយ៣០សាខារបស់ Pizza Company នៅកម្ពុជាតើយីហោមួយនេះបានធ្វើអ្វីខ្លះ?

0
1352

មិនចម្លែកទេដែលយីហោភីហ្សាល្បឿនលឿនដូចព្យុះ Pizza Company ឈរជើងបានយូរ និងរីកចម្រើនដូចបច្ចុប្បន្ន ខណៈមានយីហោភីហ្សាលំដាប់ពិភពលោកចូលដល់ទីផ្សារកម្ពុជាដែរ ប៉ុន្តែហាក់មិនទាន់បង្ហាញសន្ទុះរីកចម្រើនខ្លាំងជាងយីហោរស់ថៃដែលមានអាយុជាង១៤ឆ្នាំនៅកម្ពុជាមួយនេះឡើយ ដែល Business Cambodia សូមលើកយកយុទ្ធសាស្រ្តសំខាន់ៗទាំង៣ដូចខាងក្រោមនេះ។

ចំណុចដំបូងដែលយីហោមួយនេះដើរត្រូវគឺ ការផ្សព្វផ្សាយចំគោលដៅ ដោយជារឿយៗយីហោមួយនេះបានសម្លឹងមើលអតិថិជនជាយុវវ័យ ដែលចូលចិត្តភាពស៊ីវិល័យ និងចូលចិត្តបង្កើតភាពសប្បាយរីករាយតាមបែបមិត្តភក្តិ គ្រួសារផងដែរ។ មួយវិញទៀតគ្រប់រដូវ និងតាមខែនីមួយ ភីហ្សាដែលមានហាងនៅលើផ្លូវសំខាន់ និងមានសាខាច្រើនជាងគេបើធៀបនឹងយីហោដទៃមួយនេះ តែងចេញមុខម្ហូបថ្មីមិនដាច់តែម្តង។

ជាចំណុចពិសេសរបស់ហ្រ្វេនឆាយមួយនេះដែរ ភីហ្សាថៃមួយនេះមានគំនិតច្នៃប្រឌិតក្នុងការចេញមុខម្ហូបថ្មីបែបនេះ ដូចថ្មីៗនេះអញ្ចឹងមានរសជាតិធុរ៉េន និងរសជាតិប្លែកៗជាច្រើនទៀតទៅតាមរដូវ ដែលធ្វើឲ្យអ្នកញាំប្លែកអារម្មណ៍ពេលចូលដល់មាត់ទ្វារហាងយីហោមួយនេះម្តងៗ។

លើសពីនេះទៅទៀតមិនថានៅក្នុងហាង ឬក្រៅហាងទេ អតិថិជន របស់ក្រុមហ៊ុនដែលតែងផ្តោតលើការផ្តល់សេវាកម្មមួយនេះទទួលបានអារម្មណ៍កក់ក្តៅ ដូចជាការដឹកជញ្ជូនទាន់ចិត្ត និងការមិនទុកឲ្យអតិថិជនរង់ចាំក្នុងហាងយូរជាដើម ប្រសិនបើមិនចាំបាច់(លើកលែងការចម្អិន)។

ដោយឡែកយីហោមួយនេះតែងមានកម្មវិធីSurprise នានា សម្រាប់អតិថិជនជារឿយៗផងដែរ ដែលបន្តបន្ទាប់ទៀត Business Cambodia នឹងលើកយកបរិយាយនៅអត្ថបទក្រោយៗទៀត។

គួរជម្រាបថា Pizza Company ជាយីហោហ្រ្វេនឆាយរបស់ថៃដែលបានចូលទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៥មកម្លេះ ហើយក៏កំពុងតែបោះជំហានទៅមុខបន្តិចម្តងៗគួរឲ្យកត់សម្គាល់។ យីហោនេះបានពង្រីកទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ ផ្លូវជាតិសំខាន់ និងបណ្តាខេត្តសក្តានុពលទេសចរណ៍ប្រមាណជា៣០សាខាហើយ បើគិតត្រឹមដើមឆ្នាំ២០១៩នេះ៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

 

អត្ថបទដោយ៖ Noun Vannak