គ្រាន់តែលក់បន្លែផ្លែឈើ វៀតណាមកើបលុយបានជាង ៣,៨ពាន់លានដុល្លារអាមេរិក

0
636

នៅក្នុងឆ្នាំ ២០១៨ ប្រទេសវៀតណាមបាននាំចេញបន្លែផ្លែឈើបានប្រមាណជា ៣,៨ពាន់លានដុល្លារអាមេរិក ដោយមានកំណើន ៨,៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម កាលពីពេលថ្មីៗនេះ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៩នេះ វៀតណាមនឹងបង្កើនការនាំចេញបន្លែផ្លែឈើទៅក្រៅប្រទេសឱ្យបានដល់ប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក។ ដើម្បីសម្រេចគោលដៅថ្មីនេះ វៀតណាមនឹងពង្រីកផ្ទៃដីដាំដុះបន្លែផ្លែឈើឱ្យបានដល់ ១លានហិកតា និងបន្ថែមការដាំដុះផ្លែឈើសំខាន់ៗចំនួន ៥ មុខទៀត ដែលក្នុងនោះរួមមាន ផ្លែស្រការនាគ ផ្លែស្វាយ ធូរេន សាវម៉ៅ និងផ្លែក្រង៉ែន ក្នុងតំបន់ភាគខាងត្បូង។

ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម បានណែនាំតំបន់ដាំដុះនានាឱ្យកាត់បន្ថយការពង្រីកផ្ទៃដីដាំដុះដើមឈើហូបផ្លែណាដែលមិនសូវទទួលបានទិន្នផលច្រើន និងលក់បានតម្លៃថោក ប្តូរទៅដាំដាំណាំដែលមានទិន្នផលខ្ពស់ផ្សេងទៀតនៅក្នុងតំបន់ដែលសមស្របនិងប្រភេទដីវិញ ដើម្បីជំរុញការនាំចេញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅ វៀតណាមបានធ្វើការពង្រីកផ្ទៃដីដាំដុះបន្លែផ្លែឈើរហូតដល់ ៩៦៩.៤០០ ហិកតា​ កើនឡើង ៤៨.០០០ ហិកតា បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ចំណែកឯ ទីផ្សារនាំចូលបន្លែផ្លែឈើធំជាងគេរបស់វៀតណាមគឺប្រទេសចិន ដោយមានចំណែកទីផ្សារ ៧៣ភាគរយ នៃទីផ្សារសរុប ៕

អត្ថបទដោយ៖ សុងលី