មេSoftbank ប្រកាសទិញភាគហ៊ុនត្រឡប់មកវិញ១១២លានហ៊ុនស្នើនឹងជាង៥ពាន់លានដុល្លារអាមេរិក

0
811

មហាសេដ្ឋីមានបំផុតរបស់ជប៉ុន និងជាស្ថាបនិកក្រុមហ៊ុនយក្ស Softbank របស់ជប៉ុនលោក Masayoshi Son បានប្រកាសពីគម្រោងប្រមូលទិញយកភាគហ៊ុនត្រឡប់មកវិញ (Buyback) ចំនួន១១២លានហ៊ុន ដែលមានតម្លៃស្នើនឹងទឹកប្រាក់៦០០ពាន់លានយេន (៦.៤៦ពាន់លានដុល្លារអាមេរិក)។

Masayoshi Son បានបញ្ជាក់ពីគម្រោងប្រមូលទិញភាគហ៊ុនត្រឡប់មកវិញនឹងធ្វើឡើងនៅចុងឆ្នាំនេះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Softbank បានបន្តកើនឡើងប្រមាណ១៧ភាគរយនៅក្នុងសប្តាហ៍នេះ ស្របពេលដែលក្រុមហ៊ុននេះប្រកាសពីចំណូលកើនឡើងជាង៥០ភាគរយនៅក្នុងពាក់កណ្តាលត្រីមាសទី១ឆ្នាំនេះ។​

ទាក់ទងនឹងការប្រកាសទិញភាគហ៊ុនត្រឡប់មកវិញនេះ អ្នកវិនិយោគក្នុងប្រទេសជប៉ុនម្នាក់ឈ្មោះថា Andrew Jackson បានមានប្រសាសន៍ថា ការប្រកាសទិញភាគហ៊ុនត្រឡប់មកវិញរបស់ Masayoshi Son អាចជាការក្រឡុកក្នុងទីផ្សារ ដូចកាលពីឆ្នាំ២០១៦ នៅពេលដែលក្រុមហ៊ុននេះប្រកាសទិញយកភាគហ៊ុនត្រឡប់មកវិញយ៉ាងច្រើនមហិមាប្រមាណ៥០០ពាន់លានហ៊ុននៅដើមឆ្នាំ ហើយនៅចុងឆ្នាំ២០១៦នោះ តម្លៃភាគហ៊ុនបានកើនឡើងដល់ទៅ២ដង។

លោកបន្តថា៖ ការហ៊ានប្រកាសទិញភាគហ៊ុនត្រឡប់មកវិញរបស់ Masayoshi Son គឺជាដោយសារតែ Softbank ទើបតែគៀងគរទុនវិនិយោគបន្ថែមបានជាង២.៣៥ទ្រីលានយេន កាលពីពេលកន្លងទៅ ស្របពេលដែលប្រាក់ចំណេញក្រុមហ៊ុននេះចេះតែបន្តកើនឡើងគួរឲ្យកក់សម្គាល់។

គួរជម្រាបផងដែរថា តម្លៃភាគហ៊ុនក្រុមហ៊ុន Softbank បច្ចុប្បន្នមានតម្លៃប្រមាណ៩,៩៨៤យេន ឫស្នើនឹង៩១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN