Jollibee ពូកែលក់អារម្មណ៍ណាស់ដែលហាងស្តេចប៊ឺហ្គឺ McDonald’s សូមចុះចាញ់

0
483

នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងបីនៅតំបន់អាស៊ានខ្ញុំបានចំនាយពេលយ៉ាងច្រើនស្វែងរកនូវអាជីវកម្មដែលពូកែបំផុតក្នុងការលក់អារម្មណ៍។​ ប្រទេសទីមួយដែលខ្ញុំចង់លើកឡើងមុនគេគឺប្រទេសហ្វីលីពីន ។

ពេលទៅដល់ព្រលានយន្តហោះភ្លាម ខ្ញុំក៏ចាប់ផ្តើមនូវយុទ្ធនាការដើរមើលគ្រប់អាជីវកម្មក្នុងទីក្រុងម៉ានីល ដែលមានប្រជាជនរហូតដល់ជាង ១៣លាននាក់ ។ ដើម្បីរកអាជីវកម្មដែលលក់ដាច់ជាងគេ ខ្ញុំត្រូវតែចូលហាងណាដែលមានមនុស្សច្រើនកកកុញតែប៉ុណ្ណោះ។​  ភ្លាមនោះខ្ញុំក៏ចូលហាង Jollibee ដោយមិនដឹងប្រាកដទេថា ហាងនោះលក់អ្វីអោយប្រាកដទេ?​ ក្រោយពីបានចូលញ៉ាំនៅហាងនោះអស់រយះពេលប្រហែល ២ម៉ោងខ្ញុំក៏សម្រេចចិត្តថា ហាងនេះហើយដែលជាហាងដែលខ្ញុំតាមប្រមាញ់​ ។​ ចំនាយពេលតែពីរបីម៉ោងប៉ុណ្ណោះ ខ្ញុំសង្កេតឃើញអារម្មណ៍ដ៏ខ្លាំងមួយដែលហាងមួយនេះបានផ្តល់ដល់អ្នកញ៉ាំដែលស្ទើរតែគ្រប់គ្នាបានចូលមកហាងនេះញ៉ាំពេញដោយអារម្មណ៍។

ថ្ងៃទីមួយខ្ញុំបានដើរមើលហាង Jollibee ជាច្រើននៅតំបន់ដែលខ្ញុំស្នាក់នៅថ្ងៃទី២ និងទី៣ ខ្ញុំទៅតំបន់ឆ្ងាយពីតំបន់ដែលខ្ញុំស្នាក់នៅដើម្បីអោយប្រាកដថាតើយីហោមួយនេះនៅតែជាយីហោដែលប្រជាជនហ្វីលីពីនអត់ទ្រាំមិនញ៉ាំមិនបានដែរឬទេ?​ ។​ នៅថ្ងៃទី៣ដែលខ្ញុំបានសន្ទនាជាមួយអ្នកបើកតាក់ស៊ីមួយចំនួន ទើបខ្ញុំអាចសន្និដ្ឋានបានថា យីហោក្នុងស្រុករបស់ហ្វីលីពីនមួយនេះពិតជាមិនធម្មតាឡើយ ។ មិនធម្មតាព្រោះតែស្តេចប៊ឺហ្គឺរបស់ពិភពលោកគឺ McDonald’ ក៏សុំចាញ់ Jollibee  ដែរ។

ខ្ញុំបានសួរអ្នករត់តាក់ស៊ីទាំងនោះថាហេតុអ្វីខ្ញុំឃើញមានមនុស្សច្រើនម្លេះចូលញ៉ាំក្នុងហាងរបស់ Jollibee? ពួកគាត់ឆ្លើយដូចគ្នាថា ពិតហើយព្រោះ Jollibee ជាអ្វីដែលពួកគាត់ចូលចិត្តព្រោះវាជាយីហោដែលតំណាងអោយប្រជាជនហ្វីលីពីន។​ ខុសពី ​Jollibee,  McDonald’s  ជាយីហោបរទេសដូចនេះចង់រឺមិនចង់គឺហាងមួយនេះមិនងាយនិងប្រកួតលក់អារម្មណ៍មោទនភាពជាមួយនឹង Jollibeeនោះឡើយ។

Jollibee  ក្រុមហ៊ុនក្នុងស្រុកដែលបង្កើតឡើងដោយលោកមហាសេដ្ឋី Tony Tan ចេញពីហាងលក់ការ៉េមរបស់គ្រួសារគាត់តាំងពីឆ្នាំ១៩៧៥។  ៤០ឆ្នាំក្រោយមកពោល គីឆ្នាំ២០១៥ក្រុមហ៊ុននេះបានបើកសាខារហូតដល់ជាង១០០០ពាន់ហាងឯនោះនៅទូទាំងពិភពលោកដែលភាគច្រើន គឺនៅប្រទេសដែលមានប្រជាជនហ្វីលីពីនច្រើនរស់នៅ។ រីឯបិតាហាងប៊ឺហ្គឺហ្វ្រេនឆាយធំបំផុតរបស់ពិភពលោកគឺយីហោ McDonald’s បានចូលប្រទេសហ្វីលីពីនយូរដើរហើយពោលគឺតាំងពីឆ្នាំ១៩៨១មកម្លេះ។ តែយ៉ាងណាបិតាហាងប៊ឺហ្គឺមួយនេះត្រូវទឹកភ្នែកពេលគាត់ប្រកួតជាមួយ Jollibee ដែលជាម្ចាស់ស្រុក។ គិតត្រឹមឆ្នាំ២០១៧ហាង Jollibee មាន២៥៣សាខា ខណះដែលហាង McDonald’s  មានត្រឹមតែ១៦៤សាខាតែប៉ុណ្ណោះ។

សរុបសេចក្តីមកយីហោក្នុងស្រុកត្រូវតែពូកែលក់អារម្មណ៍ទើបយកឈ្នះគូរប្រកួតបាន អារម្មណ៍ដែលឆក់យកបេះដូងអ្នកទិញត្រូវតែជាអារម្មណ៍បែបមោទនភាពជាតិ បើអ្នកធ្វើបានគូរប្រកួតក្រៅស្រុកមិនហ៊ានប្រកួតនិងអ្នកទេ បើពួកគេមករកស៊ីពួតគេត្រៀមទឹកភ្នែកទៅ។

អត្ថបទដោយ៖ សុទ ផានិត ( Facebook Name: Phanit Varak )

ដកស្រង់ពីសៀវភៅ ៉លក់អារម្មណ៍ ៉ ទំនាក់ទំនងទិញ: 016 300 843 / 017 300 843 ( ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ)