មានលុយសល់ត្រឹម១០០ដុល្លារក្នុងមួយខែ តើអាចវិនិយោគអ្វីបាន?

2
65310

ចង់ផ្លាស់ប្តូរជីវិតពីអ្នកធ្វើការងារឲ្យគេ មកជាអ្នកវិនិយោគដ៏ឆ្នើមម្នាក់អាចនិយាយបានថាជារឿងដែលពិបាកខ្លាំងសម្រាប់អ្នកដែលមិនទាន់ស្គាល់ពាក្យវិនិយោគច្បាស់លាស់នៅឡើយ លើសពីនេះ យើងអាចនិយាយដោយខ្លីបានថា អ្នកវិនិយោគគឺជាមនុស្សដែលឆ្លាតវ័យជាងអ្នករកស៊ី ទើបអាចជោគជ័យក្នុងរឿងវិនិយោគនេះបាន។​

ប្រសិនបើអ្នកមានលុយសល់ ឫបានដកសន្សំបាន១០០ដុល្លារក្នុងមួយខែ តើអ្នកអាចវិនិយោគអ្វីបាន? ហើយតើគួរវិនិយោគក្នុងវិស័យណា ដើម្បីកាត់បន្ថយហានិភ័យ និងមានផលចំណេញខ្ពស់សមរម្យ?

ទាក់ទងនឹងការវិនិយោគ ជាក់ស្តែងមិនមែនមានតែវិស័យអចលនទ្រព្យ ឫមូលបត្រនោះទេ ប៉ុន្តែវាច្រើនជាងនេះដែលរួមមាន វិស័យ Forex វិស័យទេសចរណ៍ វិស័យកសិកម្ម អាជីវកម្មកើតថ្មី និងវិស័យបច្ចេកវិទ្យាជាដើម។ នៅបណ្តាប្រទេសអភិវឌ្ឍន៍ ការវិនិយោគរបស់គេសុទ្ធតែមានក្បួនខ្នាត និងទាក់ទងស្ទើរគ្រប់វិស័យ។​

ការវិនិយោគចាំបាច់ត្រូវការឲ្យអ្នកសល់លុយខ្លះនៅនឹងខ្លួន ទោះជាការចាប់ផ្តើមវិនិយោគនោះក្នុងចំនួនតិចក៏ពិតមែន។ មនុស្សភាគច្រើនខិតខំធ្វើការងារយកលុយទៅសន្សំនៅក្នុងធនាគារ ដែលអ្នកវិនិយោគជោគជ័យភាគច្រើនគ្មានទម្លាប់ដាក់លុយក្នុងធនាគារហូរហ៊ានោះទេ ភាគច្រើនលុយដែលពួកគេមានច្រើន ត្រូវបានដាក់សន្សំនៅក្នុងក្រុមហ៊ុនណាមួយដែលនោះជាការវិនិយោគក្នុងវិស័យមូលបត្រ (ផ្សារហ៊ុន)។ ជាក់ស្តែងដូចជាមហាសេដ្ឋី Bill Gates, Warren Buffett និងMasayoshi Son ជាដើម។​

ក្នុងករណីលោកអ្នកអាចមានលុយសល់ត្រឹមតែ១០០ដុល្លារអាមេរិកក្នុងមួយខែ លុយនេះស្ថិននៅក្នុងចំនួនតិចតួចណាស់ មិនទាន់អាចឲ្យអ្នកវិនិយោគអ្វីជាដុំកំភួននៅឡើយទេ ហើយបើអ្នករងចាំដល់សន្សំលុយគ្រប់ ឫបានច្រើនទើបចាប់ផ្តើមវិនិយោគិន នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមិនទាន់មានភាពឆ្លាតវ័យក្នុងការប្រើប្រាស់លុយឲ្យទៅបន្តលុយផ្សេងទៀត ស្របពេលដែលអ្នកកំពុងបង្កើត និងសន្សំលុយមួយចំនួនផ្សេងទៀត។​

លុយក្នុងចំនួនតិចតួចនេះ មិនអាចឲ្យអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ក៏មិនអាចឲ្យអ្នកវិនិយោគក្នុងអាជីវកម្មកើតថ្មី ឫវិស័យបច្ចេកវិទ្យាបាននៅឡើយទេ ជម្រើសល្អសម្រាប់អ្នកគឺវិនិយោគក្នុងវិស័យមូលបត្រ។

ការវិនិយោគក្នុងវិស័យមូលបត្រដ៏ត្រឹមត្រូវអាចផ្តល់ផលចំណេញឲ្យអ្នកជាមធ្យមចន្លោះពី១០ ទៅ៣០%ក្នុងមួយឆ្នាំ ឫច្រើនជាងនេះអាស្រ័យលើសមត្ថភាព និងការយល់ដឹងរបស់អ្នក ហើយអ្វីដែលអ្នកត្រូវតែចាំគឺមិនត្រូវវិនិយោគក្នុងក្រុមហ៊ុន ឫវិស័យតែមួយមុខឡើយ ព្រោះប្រឈមមុខនឹងហានិភ័យខាតបង់ខ្ពស់ពេក។

គ្រប់ពេលដែលអ្នកអាចធ្វើឲ្យលុយរបស់អ្នកចេះបង្កើតលុយផ្សេងទៀត លុយអ្នកមិនស្ងៀមទេនោះ អ្នកនឹងមានឱកាសកសាងភាពមានបានឲ្យខ្លួនឯង ប៉ុន្តែលោកអ្នកក៏ត្រូវប្រាកដចិត្តដែរថា គ្រប់ការវិនិយោគ និងរកស៊ីសុទ្ធតែមានហានិភ័យ ផលចំណេញកាន់តែខ្ពស់ ហានិភ័យក៏កាន់តែធំដែរ។ ហានិភ័យអាចទៅជាតូចបានកម្រិតណា វាអាស្រ័យលើអ្នកយល់ដឹងពីការវិនិយោគរបស់ខ្លួនកម្រិតណាដូចគ្នាដែរ៕

“សន្សំមុនចំណាយ កុំចំណាយមុនសន្សំឲ្យសោះ បើអ្នកចង់សល់លុយ”

 

អត្ថបទដោយ៖ MENG SONGHUA

Founder &CEO Cam-In

2 COMMENTS

  1. តើខ្ញុំគួរ វិនិយោគ​នែបណាទៅ បើខ្ញុំមានលុយ​១០០$ ក្នុងមួយខែ

  2. តើខ្ញុំគួរ វិនិយោគ​បែបណាទៅ បើខ្ញុំមានលុយ​១០០$ ក្នុងមួយខែ ។ ហើយតើខ្ញុំអាចវិនិយោគទៅលើមុខជំនួញអ្វីដែលគ្មាន​ហានិភ័យ​?​

Comments are closed.