ក្រុមហ៊ុនផលិតខ្សែកាប តម្លៃជាង ២០លានដុល្លារ ត្រៀមបង្ហាញខ្លួនក្នុងខេត្ត ក្រចេះ

0
1902

តាមសំណើសុំវិនិយោគ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន ZHONGQI LIHUI CABLE CO.,LTD វិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ។

ក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនាថ្ងៃនេះ បានឱ្យដឹងទៀតថា ក្រុមហ៊ុនខាងលើបានបោះទុនវិនិយោគចំនួន ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៩កន្លែង។

ទន្ទឹមនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនខាងលើសាងសងរោងចក្រក្នុងខេត្តក្រចេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ សាងសង់រោងចក្រនៅក្នុងខេត្តព្រះសីហនុចំនួនពីរ និងខេត្តស្វាយរៀងមួយ ផងដែរ។ រោងចក្រទាំង៣នោះ រួមមាន៖

១. ក្រុមហ៊ុន “FASHION HOUSEWARE (CAMBODIA) CO.,LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។

២. ក្រុមហ៊ុន “TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។

៣. ក្រុមហ៊ុន “WINTIME (CAMBODIA) CO.,LTD”  គម្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២,៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥១កន្លែង ៕