Mark Cuban ប្រាប់ពីមូលហេតុចៅហ្វាយបណ្តេញចេញពីការងារ នាំឲ្យលោកក្លាយជាមហាសេដ្ឋី

0
1224

មហាសេដ្ឋីពាន់លានដុល្លារអាមេរិក Mark Cuban ម្ចាស់ក្រុមហ៊ុន NBA’s Dallas Mavericks និងជាអ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីឈ្មោះមួយរូប បានបង្ហើបប្រាប់ពីមូលហេតុដែលចៅហ្វាយបណ្តេញចេញពីការងារដំបូងរបស់លោក ជាហេតុនាំឲ្យលោកមានថ្ងៃនេះ។

លោក Mark Cuban បានមានប្រសាសន៍ថា៖ ខ្ញុំធ្លាប់ត្រូវបានចៅហ្វាយបណ្តេញចេញពីការងារដំបូងរបស់ខ្ញុំ ដែលនេះជាមេរៀនអាជីវកម្មមួយដ៏ល្អសម្រាប់ខ្ញុំ។

លោកបានពន្យល់ថា៖ ខណៈពេលដែលលោកធ្វើឲ្យការងារឲ្យគេនៅពេលនោះ លោកបានចាប់ផ្តើមលក់ Software តាំងពីលោកមិនទាន់បើកហាងម្លេះ ប៉ុន្តែចៅហ្វាយរបស់លោកខ្វាយខ្វល់ពីការបើកដំណើរការហាងឲ្យមានលក្ខណៈត្រឹមត្រូវ ជាជាងសម្មិទ្ធផលដែលបានពីការលក់ ដូចនេះហើយ ចៅហ្វាយរបស់លោក បានបញ្ជារឲ្យលោកធ្វើការងារជូតសម្អាត និងបើកហាង។

Mark Cuban មិនបានធ្វើតាមបញ្ជាររបស់ចៅហ្វាយលោកឡើយ ដោយសារតែលោកទទួលបានជោគជ័យលើការលក់របស់លោក ដូចនេះ លោកបានជួលអ្នកដទៃឲ្យមកធ្វើការងារដែលចៅហ្វាយបញ្ជារជំនួសលោក ដើម្បីឲ្យលោកមានឱកាសទៅធ្វើការចរចារលក់ជាមួយអតិថិជនផ្សេងទៀត។

ប៉ុន្តែរឿងដែលមិនគួរឲ្យជឿបានកើតឡើង គឺនៅពេលដែលលោកមកពីជួបអតិថិជនវិញ លោកត្រូវបានចៅហ្វាយបណ្តេញចេញពីការងារ ដោយមិនខ្វាយខ្វល់ពីការខិតខំប្រឹងប្រែងរបស់លោកឡើយ។

រឿងនេះបានធ្វើឲ្យលោកយល់យ៉ាងច្បាស់ថា គ្រប់អាជីវកម្មដែលទទួលបានជោគជ័យគឺត្រូវពឹងផ្អែកយ៉ាងសំខាន់លើកការលក់ ហើយក៏មិនដែលមានក្រុមហ៊ុនណាជោគជ័យដោយមិនមានការលក់កើនឡើងដែរ។

គួរជម្រាបផងដែរថា បច្ចុប្បន្ន មហាសេដ្ឋីរូបនេះមានទ្រព្យសរុបប្រមាណ ៣.៤ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទដោយ៖ MENG SONGHUA