លោកស្រីឧកញ៉ា កែវ មុំ ជាស្ថាបនិកក្រុមហ៊ុន នំស្រួយលីលី ដែលបានផលិតនំស្រួយជារបស់ខ្មែរ កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង និងល្បីបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏បាននាំចេញទៅបណ្តាប្រទេសមួយចំនួនផងដែរ។
លោកស្រីឧកញ៉ា កែវ មុំ បានមានប្រសាសន៍ថា៖ ក្នុងនាមជាអ្នករកស៊ី នៅពេលណាដែលអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង គឺស្មើរនឹងអ្នកទទួលបរាជ័យរួចទៅហើយ ពីព្រោះថា រាល់ការចាប់ផ្តើមអាជីវកម្ម តែងតែប្រឈមមុនជាមួយនឹងបញ្ហារាប់មិនអស់ និងអាចកើតមានឡើងគ្រប់ពេលវេលា ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្លូវចិត្តរបស់យើង ប្រសិនបើយើងមិនមានការតាំងចិត្តខ្ពស់ ហើយមិនមានទំនុកចិត្តលើខ្លួនឯងទៀតនោះ អ្នកប្រាកដជាបោះបង់ចោលការតស៊ូ និងឆន្ទៈរបស់អ្នកជាក់ជាមិនខាន់ឡើយ។
ជាងនេះទៅទៀត លោកស្រីឧកញ៉ា ក៏បានចែករំលែកគំនិតក្នុងការរកស៊ីផងដែរថា៖ បើអ្នកចង់ចាប់ផ្តើមអាជីវកម្មណាមួយ អ្នកត្រូវគិតឲ្យបានល្អិតល្អន់ជាមុនសិន ជាពិសេសគឺចំណង់ចំណូលចិត្តរបស់អ្នក និងគោលដៅរបស់អ្នក។ បើអ្នកមិនមានចំណង់ចំណូលចិត្ត និងគ្មានគោលដៅច្បាស់លាស់ទេ នោះអ្នកក៏មិនមានចិត្តធ្វើការងារនោះឲ្យអស់ពីសមត្ថភាពនោះដែរ។
បន្ថែមពីនេះ អ្នកគប្បីចាប់ផ្តើមអាជីវកម្មណា ដែលអាចបម្រើប្រយោជន៍ដល់សង្គមជាតិ និងជួយមនុស្សឲ្យបានកាន់តែច្រើន ជាជាងការចាប់ផ្តើមអាជីវកម្មដើម្បីតែប្រាក់ចំណូលតែមួយមុខ ព្រោះថា នៅពេលដែលអ្នកមិនអាចរកប្រាក់ចំណូល ឫចំណេញបាន នោះអ្នកប្រាកដជាឈប់ធ្វើអាជីវកម្មនោះទៀតហើយ ហើយព្យាយាមស្វែងរកអាជីវកម្មថ្មីផ្សេងទៀត ដើម្បីតែប្រាក់ចំណូលនោះ។
មតិចុងក្រោយរបស់លោកស្រីឧកញ៉ាគឺ កម្ពុជានៅមានអាជីវកម្មជាច្រើនផ្សេងទៀតដែលមិនទាន់មានអ្នកណាធ្វើ ហើយអ្នកគប្បីជ្រើសរើសធ្វើអាជីវកម្មតែមួយមុខ ប្រសើរជាងជ្រើសរើសច្រើនមុខ ហើយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រង និងចែករំលែកពេលវេលាដើម្បីសង្គមនោះទេ៕
អត្ថបទដោយ៖ MENG SONGHUA