Jeff Bezos៖ ខ្ញុំមិនដែលគិត និងរំភើបចំពោះការក្លាយខ្លួនជាមហាសេដ្ឋីមានបំផុតលើលោក​ទេ

0
454

មនុស្សសាមញ្ញច្រើនរំភើបចិត្តនឹងពាក្យសរសើរ ពាក្យបញ្ជោរ លើកតម្កើងពីមាត់របស់អ្នកដទៃ ប៉ុន្តែសម្រាប់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon.com ដែលជាក្រុមហ៊ុនទិញលក់អនឡាញដ៏ធំបំផុតលើលោក និងជាមហាសេដ្ឋីមានជាងគេបំផុតលើលោកក្នុងពេលបច្ចុប្បន្ននេះ មិនដែលមានសេចក្តីញាប់ញ័រនឹងពាក្យពេជន៍ទាំងនេះឡើយ។​

ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅចំពោះមុខអ្នកចូលរួមរាប់រយនាក់ លោក Jeff Bezos បានមានប្រសាសន៍ឆ្លើយតបនឹងសំណួរថា​៖ លោកមិនដែលគិត និងរំភើបចិត្តក្នុងការបានក្លាយខ្លួនជាមហាសេដ្ឋីមានបំផុតលេខ១លើលោកនោះទេ ហើយលោកក៏មិនរំជើបរំជួលចិត្តព្រោះតែគេហៅលោកថាជាសហគ្រិនដ៏ឆ្នើម ឫបិតាអ្នកជំនួញអ្វីនោះដែរ។​

លោកបានលើកឧទាហរណ៍បន្ថែមទៀតថា៖ ប្រៀបដូចទៅនឹងអ្នកវិនិយោគភាគហ៊ុន ឫម្ចាស់ក្រុមហ៊ុនដែលបានបោះលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ នៅពេលដែលភាគហ៊ុនរបស់ខ្លួនឡើងថ្លៃ ឫកើនឡើង៣០% អ្នកក៏សប្បាយចិត្ត ចុះនៅពេលភាគហ៊ុនធ្លាក់ចុះ៣០% អ្នកនឹងកើតទុក្ខមែនទេ? បើមែន នោះអ្នកជាមនុស្សដែលមិនមមានលំនឹងផ្លូវចិត្ត ក៏ពិបាកក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ ឫជោគជ័យក្នុងមុខជំនួញវិនិយោគនោះដែរ ព្រោះនៅក្នុងពិភពជំនួញ និងវិនិយោគ មានរឿងច្រើនណាស់ដែលហួសពីការស្មាន និងខុសពីអ្វីដែលអ្នករំពឹងទុក។​

គួរជម្រាបផងដែរថា ក្រុមហ៊ុនAmazon.com ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៩៤ ដោយ Jeff Bezos ពីទុនខ្ចីឪពុកម្តាយគាត់ប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក និងមានក្រុមការងារត្រឹមតែពីរបីនាក់ប៉ុណ្ណោះក្នុងពេលចាប់ផ្តើមដំបូង៕

 

អត្ថបទដោយ៖​ MENG SONGHUA

CEO CAM-IN