សេដ្ឋី Waldorf សង់សណ្ឋាគារប្រណិតលំដាប់ពិភពលោក ព្រោះតែក្មេងបម្រើក្នុងសណ្ឋាគារម្នាក់

0
1944

William Waldorf Astor គឺជាមហាសេដ្ឋី អ្នកជំនួញ អ្នកនិយោបាយ និងជាអ្នកបោះពុម្ពការសែត ដ៏ល្បីល្បាញមួយរូប សញ្ជាតិអាមេរិក ដែលបានសម្រេចចិត្តចំណាយលុយរាប់លានដុល្លារអាមេរិក សង់សណ្ឋាគារប្រណិតផ្កាយ៥លំដាប់ពិភពលោក ព្រោះតែក្មេងបម្រើការងារក្នុងសណ្ឋាគារម្នាក់។

ខណៈពេលដែលមានខ្យល់កន្ត្រាក់ខ្លាំងដូចជាព្យុះនៅពេលរាត្រី ពីរនាក់ប្តីប្រពន្ធវ័យចំណាស់មួយគូរ បានចូលទៅកាន់សណ្ឋាគារតូចមួយឈ្មោះថា Bellevue Hotel ទីក្រុងPhiladelphia សហរដ្ឋអាមេរិក ដើម្បីជួលបន្ទប់សម្រាក់មួយយប់។

អ្នកបម្រើវ័យក្មេងឈ្មោះ GEORGE C. BOLDT បានប្រាប់ពួកគាត់ទាំងពីរថា គ្មានបន្ទប់សម្រាប់ជួលសូម្បីតែមួយឡើយ ដោយសារតែមានការរៀបចំសន្និសិទអន្តរជាតិនៅថ្ងៃនោះ។ ប៉ុន្តែអ្នកកម្លោះវ័យក្មេងមិនបានឲ្យពួកគាត់ទាំងពីរត្រឡប់ទៅវិញឡើយ ដោយសុខចិត្តប្រគល់បន្ទប់សម្រាប់បុគ្គលិករបស់ខ្លួនដល់ពួកគាត់ទាំងពីរស្នាក់នៅមួយយប់ ខណៈពេលដែលខ្យល់បក់ខ្លាំង និងពិបាករកតាក់ស៊ីជិះ។

ពីរប្តីប្រពន្ធវ័យចំណាស់បានសួរទៅកាន់អ្នកកម្លោះនោះវិញថា តើគេនឹងទៅគេងនៅឯណា ប្រសិនបើពួកគាត់ស្នាក់នៅបន្ទប់បុគ្គលិកនោះ? ចម្លើយដែលពួកគាត់ទទួលបាន គឺអ្នកកម្លោះនោះអះអាងថា ខ្លួននៅក្មេង និងអាចគេងនៅតុទទួលភ្ញៀវមួយយប់បានដោយគ្មានបញ្ហា។ ដោយប្រកែកមិនបាន ពួកគាត់ទាំងពីរក៏សម្រេចចិត្តគេងនៅបន្ទប់បុគ្គលិក ដែលជាបន្ទប់អ្នកកម្លោះវ័យក្មេងនោះ។

ព្រឹកឡើងមុនពេលចាក់ចេញ បុរសវ័យចំណាស់ឈ្មោះ William Waldorf Astor បានកោតសរសើរទឹកចិត្តដ៏ល្អរបស់បម្រើវ័យក្មេងរូបនេះ ព្រមទាំងបោះពាក្យថា “មនុស្សល្អដូចជាកូន មិនសមធ្វើការងារតួនាទីតូចតាចបែបនេះទេ គួរតែក្លាយជាអ្នកគ្រប់គ្រងសណ្ឋាគារដ៏ធំលំដាប់ពិភពលោក។”

ទោះជាបានលឺពាក្យសសើរបែបនេះក្តី GEORGE C. BOLDT បានឆ្លើយតបអរគុណចំពោះការលើកទឹកចិត្ត និងបានប្រាប់ទៅគាត់វិញថា ខ្លួននៅក្មេង មានចំណេះដឹងតិចតួច និងមិនទាន់មានសមត្ថភាពធ្វើការងារធំណាមួយឡើយ។

William Waldorf Astor បានសួរ GEORGE C. BOLDT បញ្ជាក់ថា “តើកូនព្រមចូលរួមជាមួយខ្ញុំទេ ប្រសិនបើខ្ញុំសង់សណ្ឋាគារលំដាប់កំពូលមួយ?” ដោយនឹកក្នុងចិត្តថា គ្រាន់ជាពាក្យនិយាយលេងរបស់មនុស្សចាស់ ហើយដើម្បីធ្វើឲ្យមនុស្សចាស់ស្ងប់ចិត្ត GEORGE C. BOLDT បានឆ្លើយទាំងញញឹមនូវពាក្យសន្យាថា “ខ្លួនគេប្រាកដជាចូលរួម”។

បីឆ្នាំក្រោយមក GEORGE C. BOLDT នៅតែធ្វើការងារក្នុងសណ្ឋាគារដដែលនោះ ប៉ុន្តែគាត់បានវិវឌ្ឍន៍ខ្លួនពីបុគ្គលិករងចាំទទួលភ្ញៀវ ក្លាយជានាយកគ្រប់គ្រងសណ្ឋាគារទាំងមូល។ GEORGE C. BOLDT បានទទួលសំបុត្រពីបុរសវ័យចំណាស់ William Waldorf Astor ដើម្បីឲ្យទៅគ្រប់គ្រងសណ្ឋាគារដែលគាត់ទើបតែសង់រួចថ្មី និងបានដាក់ឈ្មោះសណ្ឋាគារនោះថា Waldorf Hotel។

GEORGE C. BOLDT ក្រោយពេលបានឃើញសណ្ឋាគារដ៏ប្រណិតលំដាប់ពិភពលោកក្នុងទីក្រុង New York នេះហើយ ក៏ស្ទើរតែមិនជឿទោះជាបានឃើញផ្ទាល់ភ្នែកហើយក៏ដោយ។ គាត់ត្រូវបាន William Waldorf Astor តាំងឲ្យធ្វើជានាយកគ្រប់គ្រងសណ្ឋាគារនេះទាំងមូល។

GEORGE C. BOLDT បានក្លាយជាអ្នកគ្រប់គ្រងសណ្ឋាគារ Waldorf Hotel នេះ អស់រយៈពេល២៣ឆ្នាំ រហូតដល់គាត់ទទួលមរណៈភាពនៅឆ្នាំ១៩១៦៕

 

អត្ថបទដោយ៖ MENG SONGHUA