ចង់បានឡានធូរថ្លៃជិះ លុះត្រាតែកម្ពុជាអាចធ្វើបានចំណុចសំខាន់ៗ ដូចដែលថៃធ្លាប់ធ្វើជាង ២០ ឆ្នាំមកនេះ

0
9374

ធៀបជាមួយវៀតណាម និងថៃ តម្លៃរថយន្តនៅកម្ពុជាមានការកើនឡើងខ្ពស់ជាងគេ ខណៈដែលកាលពីឆ្នាំ ២០១៨ កន្លងទៅ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានប្រកាសដំឡើងថ្លៃពន្ធរថយន្តមួយតឹកដែលមានជំនាន់ក្រោមឆ្នាំ ២០០០ ដើម្បីធានាគុណភាពយានយន្ត ចំណែកឯពន្ធអាករលើរថយន្តថ្មីនឹងត្រូវឡើងពីអត្រាចាស់ ៨០% ទៅអត្រាថ្មី ១១០% បូកទាំងអត្រាពន្ធពិសេសថែមទៀតអាចធ្វើឲ្យពន្ធរថយន្តថ្មីនៅកម្ពុជាកើនឡើងដល់ ១៤០% ។

ងាកទៅប្រទេសជិតខាងដូចជាវៀតណាមឯណោះវិញ ដើម្បីជួយសម្រួលប្រជាជនឲ្យមានលទ្ធភាពទិញរថយន្ត រដ្ឋាភិបាលបានសម្រេចចិត្តលើកលែងពន្ធរថយន្តសម្រាប់ការនាំចូលពីប្រទេសផ្សេងៗទាំង ៩ ក្នុងអាស៊ាន ធ្វើឲ្យក្រុមហ៊ុនរថយន្តធំៗដូចជា Toyota សម្រេចបញ្ចុះតម្លៃរថយន្តរបស់ខ្លួនពី ២ ទៅ ៣ ពាន់ដុល្លារភ្លាមៗ ។

នេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលថៃឯណោះវិញ ត្រូវបានគេចាត់ទុកថាជាប្រទេសឈានមុខខាងវិស័យយានយន្តមួយនៅអាស៊ីអាគ្នេយ៍ ដោយសាររោងចក្រដំឡើងរថយន្តជាច្រើនបានសម្រុកទៅឈរជើងនៅប្រទេសថៃ រហូតដល់ក្រុមហ៊ុនធំៗដូចជា Toyota និង Mazda សម្រេចចិត្តរកវត្ថុធាតុដើមផលិតរថយន្តក្នុងស្រុកថៃតែម្តង ធ្វើឲ្យតម្លៃឡានកាន់តែធ្លាក់ចុះ ជាពិសេសថៃមានលទ្ធភាពអាចបង្កើតយីហោក្នុងស្រុកផងដែរ ។

របាយការណ៍ពី CNNMoney ឲ្យដឹងថា រយៈពេល ៣ ទស្សវត្សន៍មកហើយ ដែលថៃបានយកពន្ធលើការនាំចូលរថយន្តរហូតដល់ ៨០% និងពន្ធម៉ូតូ ៦០% ដើម្បីរក្សាលំនឹងផលិតកម្មនៅក្នុងស្រុក ប៉ុន្តែក្រោយមកថៃបានប្តូរយុទ្ធសាស្ត្រ ទៅជាលើកទឹកចិត្តដល់ក្រុមហ៊ុនរថយន្តដែលចង់ដំឡើងរោងចក្ររបស់ខ្លួននៅប្រទេសថៃវិញ តាមរយៈការផ្តល់សិទ្ធសាងសង ផ្តល់ទិដ្ឋាការយ៉ាងរលូន និងការអនុញ្ញាតច្បាប់ផ្សេងៗ ។

ចំណែកនៅកម្ពជាក៏មានរោងចក្រដំឡើងរថយន្តដែរ គិតចាប់ពីឆ្នាំ ២០១៦ ប្រភពសារព័ត៌មានជាតិបានចុះផ្សាយថាមានរោងចក្រដំឡើងរថយន្តមួយចំនួនបានឈានជើងចូលមកស្រុកខ្មែរ ដូចជារោងចក្រម៉ាឡេស៊ី Tan Choug Group រោងចក្រនៅក្រុងបាវិត DAEHAN AUTO (CAMBODIA) CO.,LTD ចំណែកកាលពីឆ្នាំ ២០១៧ កន្លងទៅរោងចក្រដំឡើងរថយន្តកូរ៉េម៉ាក Hyundai គ្រោងនឹងពង្រីកទំហំប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ប៉ុន្តែបើធៀបជាមួយប្រទេសក្បែរខាង ជាពិសេសថៃ បញ្ជាក់ថាកម្ពុជាទើបតែឈានជើងបន្តិចលើឧស្សាហកម្មធុនធំមួយនេះ ។

បើចង់ឲ្យរោងចក្រធំៗចូលមកស្រុកខ្មែរកាន់តែច្រើនលុះត្រាណាតែ កម្ពុជាមានចំណុចទាក់ទាញដូចដែលថៃបានធ្វើកន្លងមក គឺឧស្សាហកម្មដំឡើងរថយន្តនឹងទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៨ ឆ្នាំ ជាក់ស្តែងនៅតំបន់មួយចំនួននៅថៃដូចជាមជ្ឈមណ្ឌល Rayong ដែលជាមូលដ្ឋានរបស់ក្រុមហ៊ុន GM និង Ford ត្រូវបានកាត់បន្ថយពន្ធសាជីវកម្មរហូតដល់ ៥០% ។

គ្រប់គ្នាសុទ្ធតែដឹងថា មានរោងចក្រដំឡើងរថយន្តក្នុងស្រុក ជាកត្តាធំជួយឲ្យរថយន្តធ្លាក់ថ្លៃ ដូចនេះកម្មករជំនាញជាកម្លាំងចលករមួយរុញច្រានវិស័យយានយន្ត និងទាក់ទាញរោងចក្រដំឡើងរថយន្តចូលស្រុកខ្មែរ ជាមួយគ្នានេះថ្លៃពលកម្មនៅកម្ពុជាក៏មិនទាន់ខ្ពស់ដែរ ដូចនេះវាលក្ខខណ្ឌអំណោយផលមួយស្រាប់ បើសិនមានរោងចក្ររថយន្តនៅខ្មែរច្រើន ។

គួរបញ្ជាក់ថា កំណើនឧស្សាហកម្មយានយន្តថៃចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីឆ្នាំ ២០០០ គិតដល់ពេលបច្ចុប្បន្ននេះ ខណៈផលិតកម្មរថយន្តថៃបានកើនឡើង ៣៨៣% គិតត្រឹមឆ្នាំ ២០១៧ តាមរយៈគម្រោងអភិវឌ្ឍន៍ ៦ ឆ្នាំរបស់វិទ្យាស្ថានយានយន្តថៃកាលពីឆ្នាំ ២០០២ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា