ទោះបច្ចេកវិទ្យា​ AI ដើរដល់ណាក៏ដោយ ការងារ​បួននេះគ្មាន​អីមកជំនួស​បានទេ

0
2631

គ្រប់គ្នា​មាន​ក្តីបារម្ភ​ផង​ សប្បាយចិត្ត​ផង​ជាមួយនឹង​បច្ចេកវិទ្យា​ ជាពិសេសបញ្ញា​សុប្បនិម្មិត​ឬហៅថាAI ដោយការរីកចម្រើននូវ​បច្ចេកវិទ្យា​មួយនេះ ជួយ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ផង និង​បង្ក​ជាបញ្ហា​ដល់មនុស្ស​ផង តួ​យ៉ាង​មា​នការ​លើកឡើង​ពីក្ដី​បារម្ភ​ពីសំណាក់​អ្នក​តាមដាន​ខាង​ផ្នែក​បច្ចេកវិទ្យា​ ថាបច្ចេកវិទ្យា​នេះអាច​នឹង​ឆក់​យក​ការងារ​រាប់លាន​កន្លែង​ពីមនុស្ស​យើង​នាថ្ងៃ​អនាគត។

យ៉ាង​ណាក៏ដោយ ថ្វីត្បិត​ថា​AI អាចជំនួស​ការងារ​មនុស្ស​បាន​មួយចំនួន​ក៏ពិត​មែន​ តែក៏មាន​ការងារ​ខ្លះដែរ​ដែលបច្ចេកវិទ្យា​មួយនេះពុំអាច​ជំនួស​មនុស្ស​បា​នដោយហេតុ​តែ​មនុស្ស​នៅតែមាន​ប្រៀប​និង​ធ្វើ​បាន​ល្អជាង​AI។ បើតាមលោក Kai Fu Lee ដែលគាត់ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ផ្ដល់ទុន​ចិន Sinovation និង​ធ្លាប់ជា​អនុប្រធាន​ក្រុមហ៊ុន Apple បាន​លើកឡើងពីការ​ងារ​បួន​ប្រភេទ​ ដែលយើង​មិនចាំបាច់​ភ័យព្រួយបារម្ភ​ថាAI មក​ដណ្ដើម​នោះទេ។

១. ការងារ​ក្នុង​ផ្នែក​ឆ្នៃ​ប្រឌិត

ការងារ​ឆ្នៃ​ប្រឌិត​អាច​និយាយ​បានថា​ជាការងារ​ទាក់ទង​នឹង​ការ​សរសេរ និពន្ធរឿង អ្នកគួរគំនូរ ឬក៏អ្នករចនា​ជាដើម។ លោក Lee ធ្លាប់បានសរសេរ​អត្ថបទដាក់នៅលើអត្ថបទ​ ថា៖ “គោលដៅដែលគេ​បង្កើត ​AI ឡើង​ដើម្បី​ធ្វើ​ការងារ​ឱ្យប្រសើរ​ជាងមុន ​មិនមែន​ឆ្នៃ​បង្កើត​របស់​ថ្មីនោះទេ”។

២. ការងារ​គ្រប់គ្រង និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​

AI ដើរ​ដល់ណាក៏ដោយ ក៏ពិបាក​នឹង​ប្រើប្រាស់AIមកគ្រប់គ្រង​មនុស្ស​ ចរចារ ចាត់ចែ​ង គ្រប់គ្រង ឬចេញយុទ្ធសាស្ត្រ​បាន​ដែរ​។ ការ​ងារ​ដូចជា នាយក អ្នកដឹកនាំ អ្នកវិភាគ ជាដើមនូវតែមាន ព្រោះវាទាមទារ​នូវកត្តា​ផ្សេងៗ​ច្រើន ក្រៅតែ​ពីការ​គណនារបស់​កុំព្យូទ័រ។

៣. ការងារ​ប្រើប្រាស់​អារម្មណ៍

តាំង​ពីយូរ​លង់ណាស់មក​ហើយការងារ​ដូចជា គ្រូបង្រៀន អ្នក​មើលថែរ និង​វេជ្ជបណ្ឌិត​មិនបានបាត់​បង់ទៅណាទេ ហើយនៅថ្ងៃ​អនាគត​ក៏វា​មិនទៅណា​ដែរ។ ការងារ​នេះវាតម្រូវ​ឱ្យអ្នកធ្វើ​មានសេចក្តីមេត្តា​ធម៌ ជំនឿចិត្ត និង​ការយល់ចិត្ត​អ្នកដ៏ទៃ​ ដែល AI មិនអាច​ធ្វើបានឡើយ​។

៤. ការងារ​បញ្ជា​ទៅលើ​AI

AI អាច​នឹង​ដណ្ដើម​ការងារ​មួយចំនួនពីមនុស្ស​ ស្របពេល​ជាមួយ​គ្នា​នេះដែរ​ AI ក៏អាចនឹង​បង្កើត​នូវ​ការងារ​ថ្មី​មួយទៀត​សម្រាប់​មនុស្ស​ផងដែរ ដោយថ្វីត្បិត​ថា AI ឆ្លាតវៃ​មែន​ប៉ុន្តែ​វាក៏ចាំបាច់​ត្រូ​វមានការ​ឃ្លាំមើលនិងបញ្ជារពីមនុស្សផងដែរ។ បន្ថែម​ពីនេះ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ឆ្លាត​វៃ​ទាំង​អស់​នោះបាន ចាំបាច់ណាស់​ត្រូវ​ការ​មនុស្ស​ដើម្បី​ធ្វើ​វាឱ្យចេញជាផលិត​ផលសម្រេច៕

អត្ថបទដោយ៖ ខុន សក្ក័ដា