គម្រោងផ្លូវក្រវាត់ក្រុងទី៣កាត់តាមភ្នំពេញ និងខេត្តកណ្តាល សម្ពោធសាងសង់ជាផ្លូវការព្រឹកនេះ

0
1628

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា និងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២.៩៨៣គីឡូម៉ែត្រ(ជាង៥២គីឡូម៉ែត្រ)ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ មានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិនិងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។

សម្តេចតេជោបានបញ្ជាក់ផងថា ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា គឺបានចាប់ផ្តើមពីការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណតាំងពី ៣២ឆ្នាំមុន ដែលបានផ្តោតទៅលើ ផ្លូវ, ទឹក, ភ្លើង និង មនុស្ស ប៉ុន្តែចាប់ពីឆ្នាំ២០១៣ មក យើងបានប្តូរមកយក មនុស្ស, ផ្លូវ, ទឹក, និងភ្លើងវិញ ដោយយើងបានប្តូរយកធនធានមនុស្សជាវិស័យអាទិភាពមុខគេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្លូវធ្វើដំណើរច្រើន រួមទាំងស្ពានឆ្លងកាត់ទន្លេ និងស្ពានអាកាសចំនួន៥ នៅក្នុងទីក្រុងភ្នំពេញដែលបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសុំអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនឹងរងផលប៉ះពាល់ និងការបង្កការំខានផ្សេងៗ ចំពោះការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ។ ប៉ុន្តែទោះបីជាយ៉ាងណា គឺរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយផលប៉ះពាល់ទាំងអស់នេះជូនដល់បងប្អូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here