ជឹង រដ្ឋា៖ បើចង់បើកអាជីវកម្មលក់អាហារអោយដាច់ ត្រូវគិតលើរឿងទាំងនេះជាមុនសិន

0
2085

លោក ជឹង រដ្ឋា ជាថៅកែហាងនំប័ងប្រហិត យីហោនំប័ងប្រហិតរដ្ឋាពោចិនតុង ដែលមានកេរ្តិ៍ឈ្មោះល្បីជាង ១០ ឆ្នាំមកហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺនៅទីក្រុងភ្នំពេញ ដែលមានមនុស្សម្នារស្ទើរតែគ្រប់គ្នាស្គាល់ និងចោមរោមទិញឥតសូវលួសថ្ងៃឡើយ ហើយស្ទើរតែគ្រប់សាខាទាំងអស់សុទ្ធតែមានមនុស្សចូលពេញៗ ធ្វើអោយយីហោមួយនេះកំពុងតែកាក់កបខ្លាំងគ្រាន់បើ។

អាចថាជាចំណេះដឹងមួយក្នុងការរកស៊ី ដែលថៅកែវ័យកណ្តាលរូបនេះចែករំលែក តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយ Business Cambodia ថាមានចំណុច ៣ យ៉ាង ដែលលោកតែងតែអនុវត្តន៍ដើម្បីអោយអាជីវកម្មលក់ដាច់ កាន់តែច្រើន។

១.មើលពីទំនោរមនុស្ស

នៅពេលដែលខ្ញុំចេញលក់ប្រហិតនំបុ័ងដំបូង ខ្ញុំបានស្គាល់យ៉ាងច្បាស់ថាអតិថិជនរបស់ខ្ញុំគឺជាអ្នកណា ពោលគឺជាយុវវ័យក្មេងៗ ដែលចូលចិត្តទទួលទានអាហារប្រភេទតាមដងផ្លូវ ហើយខ្ញុំបានរៀបចំអាហារ ដែលខ្ញុំលក់អោយទៅជាអាហារមួយមានភាពងាយស្រួលសម្រាប់យុវវ័យក្មេងៗ ។ នៅពេលដែលយើងដឹងថា អតិថិជរបស់យើងជាអ្នកណា យើងពឹតជាស្គាល់ថា តើក្រុមមនុស្សប្រភេទនេះចូលចិត្តអាហារលក្ខណៈបែបណា ហើយយើងជ្រើសរើសរបៀបនៃការរៀបចំអោយចំជាមួយក្រុមមនុស្ស ដែលជាអតិថិជនរបស់យើង។

២.កុំភ្លេចរឿងរសជាតិ

ម្ចាស់យីហោ រដ្ឋាពោចិនតុង មួយនេះបានបង្ហាញថា ចំណីអាហារត្រូវពឹងផ្អែកខ្លាំងទៅលើរសជាតិ និងអនាម័យ ដោយក្នុងនោះយើងគិតតាំងពីរបៀបរៀបរយក្នុងការរៀបចំមុខម្ហូប រចនាបទម្ហូប និងរសជាតិរបស់ម្ហូបផងដែរ។ លោកថា យើងគិតល្អិតជាងគេទើបយើងរស់បានយូរ សូម្បីតែចំនិតនំបុ័ង ក៏យើងគិតដែរថា​ គួររៀបចំរបៀបណាទើបវាសាកសមជាមួយកាទទួលទានរបស់អតិថិជន ប្រហិតប្រភេទណាទើបវាមិនទ្រលាន់ ទឹកជ្រលក់រសជាតិបែបណាដែលភ្ញៀវចូលចិត្ត។

៣.រើសទីតាំងអោយបានត្រឹមត្រូវ

ម្ចាស់អាជីវកម្មប្រហិតរូបនេះនិយាយថា ម្ហូបឆ្ងាញ់ភ្ញៀវចូលចិត្តទិញ តែកុំភ្លេចរឿងការជ្រើសរើសទីតាំងផង ព្រោះថាបើកន្លែងអ្នកពិបាកចត ពីបាកធ្វើដំណើរចេញចូល ស្ទះចរាចរណ៍ខ្លាំង ក៍ជាហេតុធ្វើអោយភ្ញៀវមានអារម្មណ៍នឿយណាយផងដែរ។ ការជ្រើសរើសទីតាំងដ៏ត្រឹមត្រូវអាចធ្វើអោយ អាជីវកម្មរបស់់អ្នកមានសក្តានុពលមួយ ដែលធ្វើអោយមនុស្សអាចទៅម្តងហើយចង់ទៅម្តងទៀត៕

អត្ថបទដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here