ពាក្យមួយឃ្លារបស់សហស្ថាបនិក “ផ្សារខ្មែរបន្លែធម្មជាតិ”បង្កើតទំនុកចិត្តខ្លាំងបំផុតដល់អតិថិជនរបស់ខ្លួន

0
896

“ស៊ូអត់បន្លែលក់ ក៏មិនលក់បន្លែគីមីដែរ នេះជាសម្តីរបស់លោកម៉េង សុងហោរ សហស្ថាបនិកផ្សារខ្មែរ ដែលជា យីហោលក់បន្លែផ្លែឈើធម្មជាតិសុវត្ថភាព ១០០ ភាគរយ ដែលបង្កើតឡើងដោយកូនខ្មែរមួយក្រុម ដែលជានិស្សិតបញ្ជប់កាសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោក ម៉េង សុងហោរ សហស្ថាបនិកផ្សារខ្មែរបន្លែធម្មជាតិ បានបង្ហាញប្រាប់ Business Cambodia ថា យីហោលក់បន្លែធម្មជាតិមួយនេះមានលក្ខណៈពិសេសបំផុត ដោយបានបំពាក់ម៉ាស៊ីនធ្វើតេស្តសារធាតុគីមី និងជាតិពុលនៅក្នុងបន្លែផ្លែឈើ ដែលអាចថានាបានថា បន្លែដែលពួកយើងកំពុងតែដាក់លក់គឺជាបន្លែផ្លែឈើធម្មជាតិ ១០០ % ដោយគ្មានលាយលំសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ។

ស្ថាបនិកដដែលបានបន្តថា “យើងសុខចិត្តគ្មានបន្លែលក់អោយអតិថិជន ក៏យើងមិនលក់បន្លែគីមីអោយអតិថិជនកម្ពុជានោះទេ” ។ លោកបន្ថែមថា ថ្ងៃខ្លះភ្ញៀវបញ្ជាទិញបន្លែ យើងគ្មានបន្លែលក់អោយភ្ញៀវគ្រប់ចំនួននោះទេ ព្រោះការផលិតបន្លែធម្មជាតិវានៅមានកម្រិត។ នៅក្នងកាលៈទេសៈមួយនេះ យើងត្រូវតែបង្ខំចិត្តមិនលក់បន្លែអោយអតិថិជននោះទេ យើងសុខចិត្តគ្មានអីលក់អោយអតិថជន យើងមិនធ្វើជំនួញណា ដែលនាំអោយអតិថិជនអន្តរាយនោះទេ។

សហស្ថាបននិករូបនេះបានសង្កត់ធ្ងន់ថា៖ អ្នកក្រុងគ្មានបន្លែធម្មជាតិទទួលទាន អ្នកស្រែស្រែកថាអត់មានទីផ្សារ វាដូចជារឿងគួរអោយហួសចិត្តខ្លាំងណាស់ ហើយអ្វីដែលជាគោលដៅធំបំផុតរបស់ផ្សារខ្មែរគឺធ្វើអោយប្រជាជនទីក្រុងមានសុខភាពល្អ ប្រជាជននៅជនបទមានជីវភាពធូរធា។

អតិថិជនខ្លះមានចម្ងល់ថា បន្លែធម្មជាតិអាចនឹងមានតម្លៃថ្លៃជាងបន្លែគីមី តែអ្វីជាគោលដៅចំបងរបស់ផ្សារខ្មែរ  គឺផលិតបន្លែ ដែលមានតម្លៃថោក និងមានសុវត្ថិភាព ជូនប្រជាជនកម្ពុជាទទួលទានបានគ្រប់ៗគ្នា។

គួរំលឹកផងដែរថា ផ្សារខ្មែរបន្លែធម្មជាតិ គឺជាយីហោលក់បន្លែសិរីរាង្គដំបូងបំផុតនៅកម្ពុជា ដែលមានបំពាក់ម៉ាស៊ីនធ្វើតេស្តសារធាតុគីមី និងជាតិពុលនៅក្នុងបន្លែផ្លែឈើ ទំនើបបំផុតនៅក្នុងទីផ្សារបន្លែស្រុកខ្មែរ ហើយលើសពីនេះទៅទៀតមានបំពាក់បច្ចេកវិទ្យាទំនើប ក្នុងការបញ្ជាទិញបន្លែផ្លែឈើ ដោយគ្រាន់តែលោកអ្នកចូលទៅដោនឡូតតម្លើងនៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ហើយអាចចូលទៅកម្មង់បន្លែបានយ៉ាងងាយស្រួល និងមានសេវាដឹកជញ្ជូនដល់ផ្ទះថែមទៀតផង៕

ដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here