រៀនគិត​តាម​របៀបអ្នក ​IT ប៉ុន្មានជំហាននេះសិន មុនចង់ចេញប្រឈមបញ្ហាក្នុងការរកស៊ី

0
2747

មិនថា​អ្នកធ្វើអ្វីនោះទេ បញ្ហា​នឹង​លេចឡើង​ហើយពេលនោះមានជម្រើស​ពីរ​សម្រាប់អ្នកដោយទីមួយប្រឈម​មុខដោះស្រាយបញ្ហា និង​ទីពីរ​រត់​ចោលឈប់ខ្វល់។ ជម្រើស​ទីពីរ​ប្រហែលមិនមែនជាអ្វីដែលអ្នកគួរ​ដើរ​ឡើយ ហេតុ​នេះគួរ​រកវិធីដោះស្រាយបញ្ហា​ជំនួស​ឱ្យការអ៊ូរទាំរត់ចោលជួរ​។

សម្រាប់អ្នក​ចាប់យកមុខជំនាញឬរៀនខាង​ផ្នែកអាយធី ពួកគាត់​ត្រូវ​ដោះស្រាយបញ្ហា​សាំញាំច្រើនឱ្យក្លាយទៅជាបញ្ហា​សាមញ្ញ​ឬតូច​ៗ​ ​តាមរយៈ​ការ​បង្កើត​ជាកម្មវិធី ឬសរសេរកូដជាដើម។ ក្នុង​នោះដែរពួកគាត់​មានរបៀបគិត​ ​ដែលយើង​គួរ​រៀនសូត្រ​តាម​ និងអាច​យកមកអនុវត្តបាន​ក្នុង​បញ្ហា​ប្រចាំថ្ងៃមិនថាក្នុងជីវិត​ឬក្នុងអាជីវកម្មបាន។

ខាង​ក្រោមនេះជាជំហាន​ខ្លះៗ​របស់ពួកគាត់​ក្នុង​ការ​ចាប់ផ្ដើ​ម និងគិត​ពីរបៀបក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្វីមួយ៖

១. ព្យាយាមយល់ពីបញ្ហា

បញ្ហា​មើលទៅពិបាក​ដោះដោយសារ​តែយើង​ភាគច្រើន​មិនសូវ​យល់ពីវា​។ អ្នកជំនាញភាគច្រើន​ធ្វើការ​ឱ្យយោបល់ឱ្យសរសេរ​វាចេញដាក់នៅលើ​ក្រដាស​ ឬវាយជាអក្សរ​នៅក្នុង​កុំព្យូទ័រ​។ អ្នកសរសេរ​ប្រូក្រាម​ភាគច្រើន​គាត់​ធ្វើការ​សរសេរ​ពីអ្វីដែលចង់​ដោះស្រាយ​ដាក់នៅលើក្រដាស​ អាចជា​ចម្រៀកក្រដាស​តូចៗបិទនៅលើតុការងារ។

២. ធ្វើគម្រោង​

កុំទាន់​អាលប្រញាប់ចេញធ្វើ​ដោយពុំមានគ្រោង​ច្បាស់​លាស់​ ចាប់ផ្ដើមដំបូង​គួរ​ណាស់​តែ​រៀបគម្រោង​ថា​ត្រូវ​ដោះស្រាយបញ្ហា​យ៉ាង​ណាសិន។ អ្នក​អាយធីគេមិនចាប់ផ្ដើម​ឡើង​ហក់ទៅសរសេរកូដតែម្ដងទេ ដោយពួកគាត់​ធ្វើ​ការ​គូស​វាស​ រៀបគម្រោង​ថា​ត្រូវ​ដោះស្រាយពីណា​ទៅណា​ជាជំហានដំបូង​សិន​មុននឹងប្រើប្រាស់​កម្លាំង​បាយ ឬភាសាបច្ចេកទេសគេហៅថាគិត algorithm ។

៣. បំបែក​បញ្ហា​ធំឱ្យទៅជាតូច

ការសរសេរ​កូដ គេសរសេរជាប្លុកកូដតូចៗ ដែលមួយដុំៗ​នោះដោះស្រាយបញ្ហា​តូច​មួយ រួច​បានផ្គុំកូដដែលសរសេរហើយទាំង​អស់នោះទៅចងជាកូដវែង​ដែលដោះស្រាយបញ្ហា​ធំតែម្ដង។ និយាយឱ្យសាមញ្ញទៅ បញ្ហា​ធំ បំបែក​វាឱ្យទៅជាបញ្ហាតូច​ៗ​ បន្ទាប់​មកដោះម្ដង​មួយៗរួច​ភ្ជាប់​ដំណោះស្រាយ​ទាំង​នោះ​ក្នុងគោលបំណង​ស្រាយ​បញ្ហា​ធំវិញ។

៤. ពិនិត្យមើលឡើង​វិញ

ពេលខ្លះ អ្នក​អាច​នឹង​មានដំណោះស្រាយ​រួចហើយប៉ុន្តែ​អ្វីវាមិនបានដំណើរ​ការដូចអ្វីដែល​បានរំពឹងទុក។ វិធីមួយដែលអ្នកសរសេរ​ប្រូក្រាម​ចូលចិត្ត​ធ្វើគឺពិនិត្យ​ទៅលើដំណោះស្រាយ​ឡើង​វិញ ដើរ​ថយ​មួយជំហាន​ មើលបញ្ហាពីជ្រុង​មួយផ្សេង​ទៀត​។

៥. សួរ​គេ​សួរ​ឯង​

ចំណុចនេះសាមញ្ញតែ ឱ្យតែ​អ្នកធ្វើការ​ឬរៀនខាង​អាយធី ពេលជួបបញ្ហា​ជាដំបូង​អាច​ថា​គាត់​​ទៅសួរ​ Googleសិន ព្រោះថាបញ្ហា​ភាគច្រើន​អាចនឹង​មានអ្នក​ជួបប្រទះរួច​មកហើយ​ ក្រោយពីគេ​មានដំណោះស្រាយ​គេ​ក៏ចែក​រំលែ​កដំណោះស្រាយ​ទាំង​នោះទៅលើ ​Google៕

អត្ថបទដោយ៖ ខុន សក្ក័ដា​

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here