Google រកឃើញថា មុខរបរ ៤ ប្រភេទមានសក្តានុពល ដែលនឹងមានទីផ្សារ ២៤០ ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍

0
7742

សព្វថ្ងៃនេះទីផ្សារបច្ចេកវិទ្យាចិនដែលមើលទៅរីកចម្រើនជាងគេ ប៉ុន្តែបើផ្អែកតាមរបាយការណ៍ពី Google កាលពីចុងឆ្នាំ ២០១៨ ឯណោះវិញបញ្ជាក់ថា អាស៊ីអាគ្នេយ៍ជាទីផ្សារដែលមានសក្តានុពលជាងគេ ខណៈដែលមានមនុស្សរស់នៅ ៦៥០ លាននាក់ ទីផ្សារមុខរបរបច្ចេកវិទ្យានឹងកើនឡើង ២៤០ ពាន់លានដុល្លារ ។

របាយការណ៍ពី Google មានឈ្មោះថា e-Conomy SEA បានប៉ាន់ស្មានថាទីផ្សារបច្ចេកវិទ្យាអាស៊ីអាគ្នេយ៍អាចនឹងហក់លោតលើសពី ២០០ ពាន់លានដុល្លារ ខណៈដែលរាប់តែប្រទេសធំៗចំនួន៦ មានអ្នកប្រើអ៊ីនធឺណេត ៣៥០ លាននាក់ លើសចំនួនប្រជាជននៅសហរដ្ឋអាមេរិកទាំងមូល ហើយតាមការប៉ាន់ស្មានទំហំសេដ្ឋកិច្ចឌីជីថលនឹងកើនឡើង ៧២ ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅនេះ ។

យោងតាមរបាយការណ៍ដដែល មុខរបរ ៤​ ប្រភេទដែលមានសក្តានុពលជាងគេរួមមាន Online travel ឬគ្រប់សេវាកម្មទាំងអស់ដែលទាក់ទងនឹងការធ្វើដំណើរ រួមមានការកក់បន្ទប់ស្នាក់នៅអនឡាញ កក់សំបុត្រឡានក្រុងនិងយន្តហោះ …..នឹងមានទីផ្សារធំជាងគេរហូតដល់ ៣០ ពាន់លានដុល្លារ បន្ទាប់មកគឺមុខរបរលក់ដូរអនឡាញឬ E-Commerce នឹងមានទីផ្សារ ២៣ ពាន់លានដុល្លារ ប៉ុន្តែគួរបញ្ជាក់ថា E-Commerce នេះមិនមែនសម្តៅដល់ការលក់អនឡាញតាម Facebook ដូចនៅកម្ពុជាយើងទេ ។ មុខរបរបន្ទាប់ជា online media ឬប្រព័ន្ធផ្សព្វផ្សាយអនឡាញ មានទីផ្សារ ១១ ពាន់លានដុល្លារ និងចុងក្រោយគឺ ride-hailing ឬសេវាហៅតាក់ស៊ីអនឡាញ មានទីផ្សារ ៨ ពាន់លានដុល្លារ ។

ក្នុងនោះ ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី ៤ លើពិភពលោក រំពឹងថានឹងមានទីផ្សារធំជាងគេរហូតដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។

បើតាមរបាយការណ៍នេះបញ្ជាក់ថា ទីផ្សារដែលអាចកើនឡើងបានប៉ុននេះលុះត្រាណាតែ មានទុនវិនិយោគចូលអាស៊ីអាគ្នេយ៍ច្រើន ហើយទីផ្សារនេះត្រូវពឹងផ្អែកលើប្រព័ន្ធអេកូរបស់អាជីវកម្មថ្មីថ្មោងឬហៅថា startup ecosystem ។

គួរបញ្ជាក់ថា អាស៊ីអាគ្នេយ៍នឹងក្លាយជាពិភពបច្ចេកវិទ្យាថ្មីនៃពិភពលោក ខណៈដែលធនាគារវិនិយោគធំបំផុតរបស់ជប៉ុនគឺ Softbank ក៏បានបង្វែរចក្ខុមកអាស៊ីអាគ្នេយ៍ដែរ ដោយត្រៀមលុយ ១.១ ពាន់លានដុល្លាររួចជាស្រេចសម្រាប់វិនិយោគ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here