ក្រុមហ៊ុនយក្ស ជីប ម៉ុង បោះទុន ១៥០លានដុល្លារ សាងសង់សណ្ឋាគារលំដាប់ពិភពលោក ៤៥ ជាន់

0
6020

ភ្នំពេញក្រុមហ៊ុន​ រ៉ូយ៉ាល់ ហ្វៀល​ ឌីវេឡុបម៉ិន ដែល​​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិ     កំពស់៤៥ជាន់ ដែលមានទុនវិនិយោគប្រមាណ ១៥០លានដុល្លារ​អាមេរិក កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ គម្រោងអគារពាណិជ្ជកម្មចម្រុះនេះមានទីតាំងស្ថិតតាមបណ្តោយផ្លួវ​មហាវិថី​សហព័ន្ធ​រុស្សី ជិត​ស្ពាន​អាកាស​ ៥ មករា ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន​ រ៉ូយ៉ាល់ ហ្វៀល​ ឌីវេឡុបម៉ិន បានចាប់ដៃគួជាមួយ សណ្ឋាគារ​ម៉ារៀត​អន្តរជាតិដែល​ជា​​សណ្ឋាគារឈានមុខគេ និងធំជាងគេមួយក្នុងពិភពលោក ដើម្បីសាងសង់សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក្នុងអាគារពាណិជ្ជកម្មចម្រុះដ៏ធំមួយនេះ។

ក្រៅពីសណ្ឋាគារលំដាប់អន្តរជាតិ អគារពាណិជ្ជកម្មចម្រុះអន្តរជាតិនេះក៏មាន អគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ ស្កាយបារ និងជាពិសេសផ្សារទំនើបកម្ពស់៥ជាន់ រួមជាមួយនឹងទីតាំងចតយានជំនិះធំទូលាយផងដែរ។

ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលា លោកឧកញ៉ា លាង ឃុន ប្រ​ធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន​ រ៉ូយ៉ាល់ ហ្វៀល​ ឌីវេឡុបម៉ិន បានឲ្យដឹងថា តាម​រយៈ​កិត្តិនាម​របស់​ក្រុមហ៊ុន​ជីប ម៉ុង ​នៅ​កម្ពុជា និង​កិត្តិនាម​របស់​សណ្ឋាគារ​ ម៉ារៀត​អន្តរជាតិដែល​​ជាក្រុមហ៊ុន​សណ្ឋាគារ​ធំជាងគេ​មួយនៅ​លើ​ពិភពលោក នឹងនាំ​មុខមាត់​ថ្មី និង​កិត្តិនាម​ថ្មី​​ជូន​ប្រទេសកម្ពុជា។ ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ខាងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។

ក្រុមហ៊ុន​ជីប ម៉ុង ជាក្រុមហ៊ុនឈាន​មុន​គេ​មួយ​នៅ​កម្ពុជា​ដែល​វិនិយោគ​លើ​ពហុអាជីវកម្ម​រួមមានដូចជា សម្ភារៈសំណង់  ការអភិវឌ្ឍលំនៅឋាន ស្រាបៀរនិងភេសជ្ជៈ ចំណីសត្វ ឧស្សាហកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ច ផ្សារទំនើប ព្រមទាំងធនាគារដែលនឹងគ្រោងសម្ពោធក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here