ចិន-កម្ពុជាសហការគ្នាអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ដើម្បីទាក់ទាញវិនិយោគកាន់តែច្រើន

0
407

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការរៀបចំកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ និងតំណាងក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការរវាងកម្ពុជា និងចិន ស្ដីអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៣ខែធ្នូ ឆ្នាំ២០១០។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីកំពង់ផែរខេត្ដព្រះសីហនុ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២៤អនក្រ.បក ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០០៨ លើទំហំផ្ទៃដី ១១១៣ហិកតា។ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់លើផ្ទៃដីចំនួន ៦២៨ហិកតាដូចជា ផ្លូវថ្នល់ បណ្ដាញអគ្គីសនី ទឹកស្អាត ប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់ អគារការិយាល័យរដ្ឋបាល មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។

បច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនចំនួន ១៦១ បានចុះបញ្ជីវិនិយោគដែលមានទុនសរុបប្រមាណ ៩១៨លានដុល្លារអាមេរិក និងបានស្រូបយកកម្លាំងពលកម្មចំនួន ២២.៤៩៥ នាក់ ក្នុងមុខសញ្ញាផលិតកម្មនានាដូចជា៖ គ្រឿងអេឡិចត្រូនិក ខ្សែបង្គុំអគ្គីសនី សំបកកង់រថយន្ដ គ្រឿងបន្លាស់រថយន្ដ ស៊ុមទូរទស្សន៍ សម្ភារៈបរិក្ខារបន្ទប់ទឹក ផលិតផលក្ដារប៉ាកេនិងក្ដារបន្ទះ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈបរិក្ខារកីឡា សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលីស និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។

ឆ្នាំ២០១៨ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំប្រមាណ ៣៧២លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ៦៨% បើប្រៀបធៀបការនាំចេញនៅឆ្នាំ២០១៧។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលកន្លងមកដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ៕

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here