ទស្សនះ ខុង ជឺ ​៣ចំណុច ​ជួយកែប្រែវាសនាអាជីវកម្ម​អ្នកបាននៅឆ្នាំ២០១៩នេះ

0
4907

ឆ្នាំ២០១៨ កន្លងទៅ ប្រហែល​ជាឆ្នាំដែលអាជីវកម្ម​របស់អ្នកជួបនឹងឧបសគ្គជាច្រើន​​ណាស់​ហើយ​ឆ្នាំ​២០១៩​នេះ​អាចនឹងយ៉ាប់ជាង​២០១៨​ទៅទៀត បើអ្នកមិនចាប់ផ្តើមយកគំនិតថ្មីៗ​មកអនុវត្តនៅក្នុងការរកសុីទេ។​​ ខ្ញុំធ្លាប់បាននិយាយក្នុងវីដេអូខ្លី​ផុសតាម Youtube និងហ្វេសប៊ុកកន្លងមកហើយថា​ បើលោកអ្នកចង់ផ្លាស់ប្តូរវាសនា​អាជីវកម្ម​របស់អ្នក​ដំបូងអ្នកត្រូវផ្លាស់ប្តូរខ្លួនឯង​ជាមុនសិន។​​ ដូចនេះហើយ​ បានជាខ្ញុំគិតថា​ទស្សនះ​ខុង​ជឺ​​ដែលល្អៗ​អាចនឹងជួយអ្នកបាន​ក្នុង​ការផ្លាស់ប្តូរនេះ។

ឆ្នាំ​២០១៩​នេះ ​ខ្ញុំបានដាក់គោលដៅក្លាយជាកំពូលមេដឹកនាំល្អម្នាក់​នៅ Business Cambodia ​​ហើយខ្ញុំ​បានកំពុងតែសិក្សាពីទ្រឹះស្តី​ទស្សនវិជ្ជាដ៏ល្បីល្បាញម្នាក់​របស់ចិនគឺ​ខុងជឺ។ ​​ជាសង្ខេប​ខ្ញុំបានស្រង់យក​នូវទស្សនះ​របស់គាត់​៣ចំណុច ​ដែលខ្ញុំគិតថា​អាចជួយកែប្រែវាសនាអាជីវកម្ម​របស់អ្នកបាន។

១​ ដើរយឺត​មិនថ្វីទេ ​សំខាន់ឲ្យតែអ្នកមិនឈប់

លោកបិតា​ទស្សនះវិជ្ជា​ខុង​ជឺ​បានលើកទ្បើងថា ​ដរាបណា​អ្នកនៅតែទៅមុខ​ពេលខ្លះដើរយឺតបន្តិចគឺមិនថ្វីទេ។ ​នេះជាសារសំខាន់​សម្រាប់អ្នកចេញរកសុី​ថ្មីថ្មោង ​អ្នកត្រូវការពេល​ដើម្បី​អាចដើរលឿនបាន។ ​អាជីវកម្មថ្មីថ្មោង ​ប្រៀបដូច​ទារកទើបតែកើតអញ្ចឹង ​ពោលគឺត្រូវការរៀន​វាសិន​រៀនដើរសិន​ទើបថ្ងៃណាមួយ​អាច​ចេះរត់​ទៅលឿនបាន។

ហើយខុងជឺក៏បានបន្ថែមថា ​​នៅពេលគោលដៅទៅមិនទាន់ដល់ ដូរផ្លូវដើរតែ​កុំដូរគោលដៅ។​ អ្នកខ្លះរកសុី​ពេលទៅមិនទាន់ដល់គោលដៅ ​ចាប់ផ្តើមនឿយណាយ ​​ហើយដូរគោលដៅថ្មី​ធ្វើបែបនេះ​គឺមិនត្រូវទេ។ ​អ្នកគួរដូរសកម្មភាព​ ដូរផ្លូវដើរ​ តែមិនត្រូវដូរគោលដៅ ​ចេញទៅចាប់មុខរបរ​ផ្សេងទៀតនោះទេ។

២ ​នៅពេលដែលខឹង ​សូមគិតពីផលវិបាក

ខ្ញុំអាចពន្យល់ជំនួសខុងជឺត្រង់ឃ្លា​របស់គាត់មួយនេះថា ​សហគ្រិនថ្មីថ្មោង​ទើបចាប់ផ្តើមរកសុី​នៅ៣​ឆ្នាំ​ដំបូង ​ជាឆ្នាំដែលឆេវឆាវបំផុត។​ ៣ឆ្នាំដំបូង​ជាពេលដែល​អាជីវកម្ម​អ្នកមានបញ្ហាច្រើន ​ហើយអ្នកក៏មិនទាន់​ចេះដឹកនាំបានខ្លាំងនៅទ្បើយទេ ​ដូចនេះគឺងាយខឹងណាស់។

តែយ៉ាងណា ​ពេលអ្នកខឹង ​ផលវិបាកគឺមានច្រើនណាស់។ ​តួយ៉ាង​ខ្ញុំពេលចាប់ផ្តើម Business Cambodia ​ដំបូង​មនុស្សមិនតិចអ្ន​កទេ ​ត្រូវខ្ញុំបញ្ឈប់ការងារ​​ ខ្លះត្រូវឈឺចាប់ដោយសារ​ការដឹកនាំ​របស់ខ្ញុំ​ការដឹកនាំដែលចិត្តឆេវឆាវ។​​ ក្រៅពីបុគ្គលិកត្រូវរងគ្រោះ​ ខ្ញុំខ្លួន​ឯងពេលខ្លះ​ក៏សឹងដែលគ្មានកម្លាំង​ធ្វើការទៀតដែរ ​ដើរស្ទើរធ្លាក់កាំជណ្តើរ ​​ព្រោះតែចំណាយកម្លាំង​អស់ទៅហើយ​ទៅលើខឹង។ ​ទាំងនេះ​ហើយជាផលវិបាកដែលអ្នកគួរជៀស​ហើយ​ហាមខ្លួនឯងកុំឲ្យខឹងអី​ទោះ​ក្នុងក្រុមហ៊ុន មានអ្វីកើតទ្បើងក៏ដោយ។ ​អ្នកគួរទុកកម្លាំង ​រកវិធីដោះស្រាយបញ្ហាវិញទើបប្រសើរ។

៣ ត្រូវខំសេពគប់មនុស្សដែលពូកែជាងខ្លួន

ចង់មានអ្នកត្រូវសេពគប់អ្នកមាន ​ចង់ចេះ​អ្នកត្រូវសេពគប់អ្នកប្រាជ្ញ​ តើអ្នកធ្លាប់លឺឃ្លាទាំងនេះទេ?​មនុស្សពូកែជាគ្រូ​ដែលនឹងជួយឲ្យលោកអ្នករកសុីពូកែជាងមុន ​ដូចនេះ​ត្រូវចំណាយពេល​ជួបពួកគាត់ឲ្យបានច្រើន។

សម្រាប់ខ្ញុំ​២០១៩នេះ​ ជាឆ្នាំ​ដែលខ្ញុំនឹងជួបមេដឹកនាំ​អាជីវកម្ម​ច្រើនបំផុត ​តាមតែអាចធ្វើទៅបាន។​ខ្ញុំជួបគាត់ ​ស្គាល់គាត់​ និង​រៀនពីពួកគាត់​ឲ្យបានច្រើន​តាមតែអាចធ្វើទៅបាន ​ដើម្បីពង្រឹងសមត្ថភាព​ខ្លួនឯងក្នុងការដឹកនាំ៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

 

ខ្ញុំចង់ឃើញស្រុកកំណើតរបស់ខ្ញុំមានការរីកចម្រើន​ មានសហគ្រិនដែលប្រើបេះដូងជាដើមទុនក្នុងការរកសុី និងហ៊ានលំបាកដើម្បីរត់តាមក្តីស្រមៃរបស់ខ្លួន! INSPIRE and ENABLE great entrepreneurs... www.facebook.com/samkosalBC

LEAVE A REPLY

Please enter your comment!
Please enter your name here