គន្លឹះសំខាន់ៗដើម្បីចាប់ផ្តើមអាជីវកម្មពីសហគ្រិនវ័យក្មេងដែលអាចរកចំណូល១លាន$ក្នុង១ឆ្នាំ

0
1673

សហគ្រិនវ័យក្មេង RUPERT Rixon បច្ចុប្បន្នគឺជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅក្នុងទីក្រុងឡុង ដែលរកស៊ីទាក់ទងទៅនឹងការបង្កើតវីដេអូដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ ម្ចាស់ក្រុមហ៊ុនវ័យ២៣ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនឡើងនៅក្នុងឆ្នាំ២០១៦ ដោយចំណាយដើមទុនប្រមាណតែ ៦០ដុល្លារអាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែរូបគេអាចរកប្រាក់ចំណេញបានប្រមាណជា ១២០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ទន្ទឹមនឹងភាពជោគជ័យនៃវិស័យជំនួញសហគ្រិនដែលធ្លាប់រកស៊ីលក់ពោតលីងតាំងពីអាយុ១៣ឆ្នាំ និងធ្លាប់រស់នៅក្នុងបន្ទប់មួយដែលមានគ្នាចំនួន៥នាក់នោះ បានបង្ហើបពីគន្លឹះសំខាន់ៗចំនួន៣ ដែលជួយឱ្យអ្នកអាចចាប់ផ្តើមអាជីវកម្មតាំងពីក្មេងបាន។ គន្លឹះទាំងនោះរួមមាន​៖

១. ចាប់ផ្តើមចេញរកស៊ីពីក្មេងទៅ

ជាទូទៅគំនិតនៃការចាប់ផ្តើមអាជីវកម្មដំបូងរបស់យើងតែងតែមានអ្នកសើច និងអ្នកមិនយល់ស្របមិនអត់នោះទេ ហើយយើងក៏មិនអាចគេចផុតនោះដែរពីការបរាជ័យ ក៏ប៉ុន្តែបើយើងមិនព្រមទទួលការបរាជ័យពីក្មេងទៅទេនោះ យើងនឹងមិនអាចស្វែងរកភាពជោគជ័យដ៏ពិតប្រាកដនៅថ្ងៃអនាគតបានឡើយ។ ការបរាជ័យវាមិនមែនជារឿងអាក្រក់នោះទេ ផ្ទុយមកវិញបានជួយយើងឱ្យស្គាល់កាន់តែច្បាស់ពីការធ្វើអាជីវកម្ម និងជួយឱ្យយើងរកឃើញគំនិតរកស៊ីដ៏ត្រឹមត្រូវមួយបាន។

២. ស្វែងរកអ្វីដែលចូលចិត្តធ្វើ

កាលពីអាយុ១៣ឆ្នាំ Rixon ធ្លាប់ជាក្មេងម្នាក់លក់ពោតលីងនៅតាមសួនច្បារ ក៏ប៉ុន្តែគំនិតជាអ្នកលក់ពោតលីងនេះមិនមែនជាគំនិតដែលគាត់ចូលចិត្តធ្វើនោះទេ ពោលវាគ្រាន់តែជាគំនិតរកលុយដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ នៅពេលគាត់មានអាយុ១៦ឆ្នាំ ទើបគាត់ដឹងយ៉ាងច្បាស់ថា គាត់ចូលចិត្តការថតវីដេអូ ហើយគាត់ក៏ដើរតាមក្តីស្រមៃរបស់គាត់រហូតអាចបើកក្រុមហ៊ុនជាមួយមិត្តគាត់ម្នាក់ ដែលចូលចិត្តការថតវីដេអូដូចគ្នា។

៣. ជ្រើសរើសទីផ្សារជាក់លាក់មួយ

ជាការពិតណាស់ បើគ្មានទីផ្សារដើម្បីលក់ផលិតផល ឬក៏គ្មានអ្នកប្រើប្រាស់សេវាកម្មរបស់អ្នកទេ អ្នកប្រាកដជាទទួលការបរាជ័យដោយងើបមិនរួចឡើយ ដូច្នេះអ្នកត្រូវចាប់យកទីផ្សារមួយឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងអ្នកចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក។

ឧទាហរណ៍ជាក់ស្តែងដូចជា Rixon ជាដើម ត្បិដថាគាត់ជាអ្នកថតវីដេអូ ក៏ប៉ុន្តែគាត់ផ្តោតសំខាន់តែទៅលើក្រុមហ៊ុនណាដែលចង់ធ្វើវីដេអូផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ គាត់មិនបានផ្តោតជាមួយការថតក្នុងកម្មវិធីជប់លៀង ឬក៏ការបង្កើតបទចម្រៀងអ្វីឡើយ ៕