ក្រុមហ៊ុន LBN Agriculture បោះទុនវិនិយោគកែច្នៃដំណាប់ស្វាយ និង Passion Fruit ចេញទៅក្រៅប្រទេស

0
543

គណៈកម្មការអន្តរក្រសួង-ស្ថាប័ន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃអង្គារទី៨ ខែមករា ឆ្នាំ២០១៩ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះពិនិត្យគម្រោងស្នើសុំវិនិយោគកែច្នៃផ្លែឈើ ដំណាប់ស្វាយ របស់ក្រុមហ៊ុន LBN Agriculture Co., Ltd ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃុំ។

គម្រោងកែច្នៃផ្លែឈើបង្កើតជាដំណាប់ស្វាយរបស់ក្រុមហ៊ុន LBN Agriculture Co., Ltd នាពេលបច្ចុប្បន្ននេះ បាននិងកំពុងចូលរួមចំណែកដល់ការកែច្នៃផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស ជាពិសេសគឺប្រទេសចិន។

​ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនមានតម្រូវការស្វាយស្រស់ប្រមាណ ២០តោនក្នុងមួយថ្ងៃ សម្រាប់យកមកធ្វើជាដំណាប់ស្វាយ ហើយដែលផ្លែស្វាយត្រូវបានប្រមូលទិញពីតំបន់នានាក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងកំពង់ស្ពឺ។

គម្រោងវិនិយោគនេះបានបង្កើតការងារជូនប្រជាជននៅក្នុងមូលដ្ឋានប្រមាណ ៤០០នាក់ ដែលក្នុងនោះចំនួនប្រមាណ ៩០% ជាស្រ្តី។ ក្រៅពីដំណាប់ស្វាយ ក្រុមហ៊ុនក៏មានគម្រោងផលិតគ្រាប់ស្វាយចន្ទី និងដំណាប់ផ្លែក្រូចវល្លិ៍ (Passion Fruit) នៅជំហានបន្ទាប់ផងដែរ។

គម្រោងកែច្នៃផ្លែឈើបង្កើតជាដំណាប់ស្វាយរបស់ក្រុមហ៊ុន LBN Agriculture Co., Ltd នាពេលនេះ បាននិងកំពុងចូលរួមចំណែកដល់ការកែច្នៃផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា និងចូលរួមជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ឱ្យសម្រេចបានជោគជ័យ៕

អត្ថបទដោយ៖ សន សារ៉ា